កំពត ៖ យុវជនបីនាក់ ជិះម៉ូតូសេ១២៥មួយគ្រឿងយ៉ាងលឿន បំរុងទៅលេងបុណ្យកឋិន ជ្រុលទៅបុករថយន្តសាំយ៉ុងកំពុងតែបត់ក្បាលទៅទិសខាងកើត បណ្តាលឱ្យរងរបួសធ្ងន់ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង១២នឹង៣០នាទី ថ្ងៃទី១៩ ខែតុលាឆ្នាំ២០១៤ នៅខាងមុខផ្ទះសំណាក់បឹងឈូក ស្ថិតនៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាចខេត្តកំពត។
ប្រភពពត៌មានពីសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសបីនាក់ជិះម៉ូតូសង់C១២៥ សេរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង១A ៥៦៥៣ បើកបរដោយឈ្មោះ សុខ រ៉ាត ភេទប្រុសអាយុ ១៦ ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត និងមិត្តភគ្រ័ពីរនាក់ទៀតម្នាក់ឈ្មោះ ពូច តួ បាក់ជើងខាងស្តាំ និងឈ្មោះ យឹម សុគន្ធ បែកក្បាល ចំណែកអ្នកបើកម៉ូតូឈ្មោះ សុខ រ៉ាត រងរបួសក្បាល និងដៃអ្នកទាំងបីនាក់នេះ នាំគ្នាទៅលេងបុណ្យកឋិន ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តសាំយ៉ុងពណ៌សរមួយគ្រឿង ពាក់ស្លាកលេខ២W ៨៧៥១ ភ្នំពេញ បើកបរដោយឈ្មោះ ហឿន នាក់ ជិះបញ្ច្រាសទិសគ្នាយ៉ាងលឿន ជ្រុលទៅបុកគ្នាតែម្តង បណ្តាលឱ្យយុវជនបីនាក់រងរបួសធ្ងន់ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកម៉ូតូរងការខូចខាតទាំងសងខាង ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការវាស់វែង រួចយកម៉ូតូនិងរថយន្តទាំង ២ គ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច រង់ចាំដោះស្រាយនៅពេលក្រោយ ។