ខេត្តមណ្ឌលគិរី÷ នៅយប់រំលងអធ្រាតថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ ២០២៤ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ២០២៤ ខណៈពេលដែររថយន្តដឹកឈើគ្រឿងសិប្បកម្មកែឆ្នៃ ចំនួន០៥គ្រឿង កំពុងធ្វើសកម្មភាពដឹកបទល្មើស ត្រូវបង្ក្រាបបានដោយជោគជ័យក្នុងទឹកដីនៃស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។បែបនេះគឺពិតជាទឹកដៃមិនធម្មតាមែន ព្រោះតែបទល្មើសនេះ ល្បីថាជាឆ្នាំងបាយរបស់មន្ត្រីពុករលួយមានឥទ្ធិពលខ្លាំងដែរ គេរកសុីល្មើសសោយសុខយូរមកហើយ ពេលដែលបង្ក្រាបបានល្បីចង់ហើបគូថព្រះឥន្ទឯណោះ។
ប្រភពបញ្ជាក់ថា ខណៈកម្លាំងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើថ្នាក់ជាតិ បានចុះដល់ទឹកដីស្រុកកែវសីមាភ្លាមបានចេញត្រួតពិនិត្យសកម្មភាពបទល្មើសព្រៃឈើភ្លែត! ស្រាប់តែប្រទះឃើញរថយន្តដឹកប្រភេទឈើ សិប្បកម្មកែច្នៃចំនួន ០៥គ្រឿងភ្លាមដែរ។ ខណនោះបាន ស្នើសុំសហការជាមួយនឹងកម្លាំងជំនាញបរិស្ថាន ដើម្បីធ្វើការសហការបង្ក្រាបរថយន្តទាំង០៥គ្រឿងខាងលើនោះតែម្តង។
ប្រភពបន្តថា នៅពេលដែលរថយន្តដឹកបទល្មើសកំពុងព្យាយាមបើកដឹកជញ្ជូនគ្រឿងសិប្បកម្មកែច្នៃអត់ច្បាប់ចេញពី ឃុំពូជ្រៃ ស្រុកពេជ្រាតា ខេត្តមណ្ឌលគិរី ទាំងតក់ក្រហល់ ហើយក្រុមរថយន្តទាំងនោះ កំពុងតែព្យាយាមបើករត់គេច សមត្ថកិច្ចក៏ធ្វើសកម្មភាពបង្ក្រាបភ្លាមដែរ។ក៏ប៉ុន្តែដោយកម្លាំងសមត្ថិច្ចជំនាញពីថ្នាក់ជាតិ បានគិត ទុកជាមុន ថានឹងមានអ្វីកើតឡើង បានរៀបក្បួនបង្ក្រាបជាស្រេច ទើបក្រុមរថយន្ត ដឹកបទល្មើស មិនអាចគេចរួចពីសំណាញ់ច្បាប់បានឡើយត្រូវបង្ក្រាបបានយ៉ាងជោគជ័យ។
ប្រភពដោយឡែកទៀតឱ្យដឹងថា៖ ក្រុមរថយន្តខាងលើតែង តែដឹកជញ្ជូនផល អនុផល ព្រៃឈើ ប្រភេទសិប្បកម្មកែច្នៃឥតច្បាប់ រាល់ថ្ងៃជាច្រើនខែកន្លងមកហើយប៉ុន្តែនៅមានរថយន្ត ដឹកបទល្មើសស្រដៀងគ្នានេះជាច្រើនគ្រឿងទៀត មិនទាន់បានបង្ក្រាបនៅឡើយ។ ដូច្នេះបន្ទាប់ពីមានការបង្ក្រាបរថយន្ត ០៥គ្រឿងខាងលើនេះ តើជោគវាសនារថយន្តប៉ុន្មានគ្រឿងទៀត ដែលមិនទាន់បានបង្ក្រាបនោះនឹងមានវាសនាដូចរថយន្តទាំង០៥គ្រឿងនេះដែរឬទេ?។ សំណួរមួយនេះជាសំណួររបស់ពលរដ្ឋដែលរស់នៅក្នុងស្រុកកែវសីមា ដែលកំពុងតែរង់ចាំមើលថា តើវិធានការនៃការបង្ក្រាបរបស់សមត្ថកិច្ចនិងជំនាញនិងបន្តធ្វើការបង្ក្រាបទៀតឬទេ ឬគ្រាន់តែប្រើវិធីគោះទឹកបង្អើលត្រីឱ្យរត់ចូលស៊ងដូចពីមុនៗ។
គួរបញ្ជាកថា នៅក្នុងបេសកកម្មចុះបង្ក្រាបរថយន្តខាងលើនេះក៏មានការចូលរួមពីលោក(តាន់ គីមសួរ)ដែលជាសកម្មជនការពារព្រៃឈើដ៏ល្បីល្បាញក្នុងបណ្ដាញសង្គមកន្លងមក ដែលប្រជាពលរដ្ឋទាំងអស់បានស្គាល់និងល្បីឈ្មោះរបស់លោកកន្លងមកជារឿយផងដែរៗ រថយន្តដែលបានបង្ក្រាបខាង លើ ខណៈពេលនេះត្រូវបានប្រគល់ជូនជំនាញមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃកែវសីមារួចរាល់ផងដែរ ដើម្បីបន្តវិធានការ ទៅតាមច្បាប់ដែលមានជាធរមាន៕