ខេត្តព្រះសីហនុ ៖ តំណាងប្រជាពលរដ្ឋ១១០៥គ្រួសារ ដែលមានជម្លោះដីធ្លីរាំរ៉ៃយូរឆ្នាំមកហើយ ប្រមាណជាង៥០០នាក់មកពីសហគមន៍ចំនួន១០ក្នុងខេត្តព្រះសីហនុ បានលើកគ្នាមកតវ៉ានៅមុខសាលាខេត្តព្រះសីហនុដើម្បីទាមទាររកដំណោះស្រាយដីធ្លីកាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ដោយពួកគាត់អះអាងថា បញ្ហាជម្លោះដីធ្លីនេះគឺជាការឃុបឃិតរវាងអាជ្ញាធរដែនដីនិងក្រុមឈ្មួញបណ្តេញចេញ ពីដី បង្ខំឲ្យរុះរើលំនៅដ្ឋានចាប់តាំងពីឆ្នាំ២០០៥កន្លងមក មិនទទួលបាននូវដំណោះស្រាយសមរម្យណាមួយពីសំណាក់អាជ្ញាធរមូលដ្ឋានក៏ដូចជាអាជ្ញាធរខេត្ត និងស្ថាបន្ត័ពាក់ពន្ធ័ណាឡើយ។
ប្រជាពលរដ្ឋប្រមាណជាង៥០០នាក់បានអះអាងថា គោលបំណងដ៏សំខាន់របស់ពួកគាត់នាពេលនេះ គឺធ្វើការតវ៉ាដាក់ញត្តិ និងសំណូមពរឲ្យអភិបាលខេត្តថ្មីឯកឧត្តម ឈិត សុខុន មេត្តាជួយដោះស្រាយជូនពួកគាត់សាជាថ្មី បន្ទាប់ពីជម្លោះដីធ្លីនោះមានការអូសបន្លាយជាយូរឆ្នាំកន្លងមកហើយ ។
សហគមន៍ដែលពលរដ្ឋខាងលើអះអាងនោះ រួមមាន សហគមន៍ព្រែកត្រែង, សហគមន៍កសិករអូរខ្សាច់, សហគមន៍កសិករអូរកម្ពុជា, សហគមន៍ស្ពានឆេះ, សហគមន៍ក្បាលហុងទឹក, សហគមន៍វាសចន្ទី , សហគមន៍អន្លង់ត្រី, សហគមន៍ឃ្លាំងលើ, សហគមន៍សេអ៊ីប្រាំ និងសហគមន៍អូរដំរី ។
មន្ត្រីសាលាខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថា សាលាខេត្តព្រះសីហនុបានអនុញ្ញាតិឲ្យតំណាងពលរដ្ឋចំនួន១៥នាក់ និងសង្គមស៊ីវិលមួយចំនួន ចូលជួបជាមួយលោកអភិបាលខេត្ត ដើម្បីធ្វើសេចក្តីរាយការណ៍ ព្រោះលោកអភិបាលខេត្តថ្មីទើបអញ្ជើញមកកាន់នៅខេត្តព្រះសីហនុនេះមិនបានដឹងរឿងរ៉ាវរបស់បងប្អូននៅឡើយទេ ។
រហូតដល់ម៉ោង ១១.០០នាទីថ្ងៃត្រង់ឯកឧត្តមអភិបាលខេត្តបានចេញមកទទួលញ្ញាត្តិពីបងប្អូនប្រជាពលរដ្ឋហើយឯកឧត្តមបានមានប្រសាសន៍ទៅកាន់បងប្អូនប្រជាពលរដ្ឋថាឯកឧត្តមនិងពិនិត្យដោះស្រាយជូនបងប្អូននៅពេលក្រោយ សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់និងអត់ធ្មត់បន្តិចសិន កុំធ្វើអោយខុសច្បាប់៕ដោយភ្នំព្រឹក