កំពត ៖ សេចក្តីរាយការណ៏ពីប្រជាពលរដ្ឋរស់នៅខេត្តកំពតបានឲ្យដឹងថា សព្វថ្ងៃនេះករណីល្បែងកន្ទុយលេខខុសច្បាប់ បើកលេងយ៉ាងគគ្រឹកគគ្រេង និងយ៉ាង អនាធិបតេយ្យ តែសមត្ថកិច្ចប៉ូលីសសមត្ថកិច្ចប៉េអឹមមិនបង្ក្រាប ដោយសារតែបានទទួលសំណែន ពីពួកមេឆ្នោតធំៗនៅក្នុងខេត្តនិងស្រុក ដែលធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។
តាមប្រភពព័ត៌មាននៅខេត្តកំពតនេះ ករណីបើកឲ្យលេងល្បែងស៊ីសងកន្ទុយលេខ ដោយសារតែមានការឃុបឃិតគ្នាជាមួយនឹងសមត្ថកិច្ចប៉ូលិស និងប៉េអឹមបានជាល្បែងលេងច្រើនយ៉ាងនេះ ករណីបើកលេងល្បែងកន្ទុយលេខនៅខេត្តកំពតខាងលើនេះ គេពុំដែលឃើញសមត្ថកិច្ចចុះធ្វើការចុះបង្ក្រាបចំពោះមេក្លោងធំៗម្តងណាឡើយ ព្រោះដោយសារមានការត្រូវរ៉ូវគ្នាទូទាំងខេត្តអស់ហើយ។
ប្រជាពលរដ្ឋដែលរស់នៅខេត្តកំពតបានសង្កេតឃើញថា ការចុះបង្ក្រាបបទល្មើសខុសច្បាប់តាបបណ្តាខេត្តក្រុងសមត្ថកិច្ចបានអនុវត្ត តាមគោលនយោបាយភូមិឃុំមាន
សុវត្ថិភាពដែលប្រមុខរាជរដ្ឋាភិបាល ដាក់អោយស្ទើទាំងស្រុងហើយចម្លែកតែខេត្តកំពតនេះហាក់បីដូចជាធ្វើមិនដឹងមិនឮចំពោះបទល្មើសដែលកើតឡើងនេះទាល់តែសោះឬមួយជាឆ្នាំងបាយរបស់សមត្ថកិច្ច ។ ភាពធូររលុងបែបនេះធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំងចំពោះភូមិឃុំ ដែលគ្មានសុវត្ថិភាព កើតឡើង ដូចជាអំពើហឹង្សាក្នុងគ្រួសារ ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះ និងអំពើជាច្រើនទៀត ។
ប្រជាពលរដ្ឋនៅខេត្តកំពតសូមសំណូមពរដល់លោកអភិបាល នៃគណៈអភិបាលខេត្តកំពតមេត្តាជួយពិនិត្យមើលភាពអសកម្មរបស់អាជ្ញាធរក្រោមថ្នាក់និងសមត្ថកិច្ច ប៉េអឹមប៉ូលីស ដែលកំពុងតែសប្បាយឃុបឃិតបើកឲ្យមានបទល្មើសល្បែងស៊ីសង កន្ទុយលេខយ៉ាងគគ្រឹកគគ្រេង នេះជាទង្វើមួយផ្ទុយពីបទបញ្ជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលដែលបានរឹតបន្តឹងជាដាច់ខាតមិនឲ្យកើតមានបទល្មើស ៕ អ៊ួងវ៉ឹង