គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់គ្រប់គណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក អាណត្តិទី២ ឲ្យចូលរួមគោរពបទបញ្ជា និងនីតិវិធីឃោសនាបោះឆ្នោតឲ្យបានទាំងអស់គ្នា ដើម្បីជៀសវាងវិវាទផ្សេងៗ។ តំណាងគណបក្សនយោបាយមួយចំនួន បានឲ្យដឹងថា គេបានត្រៀមលក្ខណៈរួចហើយ ប៉ុន្តែមិនធ្វើពិធីឃោសនាធំដុំដូចបោះឆ្នោតសភាទេ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃចន្ទ ទី២១ ខែមេសា បានធ្វើសន្និសីទកាសែតផ្សព្វផ្សាយពីនីតិវិធីឃោសនាបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាថ្នាក់ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ជូនដល់តំណាងគណបក្សនយោបាយនានា ក្នុងគោលដៅបញ្ចៀសទំនាស់ក្នុងអំឡុងពេលបើកយុទ្ធនាការឃោសនានាពេលខាងមុខ។
យុទ្ធនាការឃោសនាបោះឆ្នោតមានរយៈពេល ១៥ថ្ងៃ ដោយនឹងចាប់ផ្ដើមពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៤។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអំពាវនាវដល់គ្រប់គណបក្សនយោបាយឲ្យចូលរួមសហការជាមួយមន្ត្រីរៀបចំការបោះឆ្នោតនៅតាមរាជធានី ខេត្ត រៀបចំការបោះឆ្នោត នឹងត្រូវគោរពនីតិវិធីឃោសនាបោះឆ្នោតឲ្យបានទាំងអស់គ្នា។
លោក ទេព នីថា៖ «សូមមេត្តាគណបក្សនយោបាយ មេត្តាសហការឲ្យបានជិតស្និទ្ធជាមួយគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ដែលគាត់ជាអ្នកគ្រប់គ្រង និងសម្របសម្រួលផ្ទាល់អំពីការឃោសនាបោះឆ្នោតនេះ ហើយការឃោសនាបោះឆ្នោតនេះ គឺមានគោលបំណងឲ្យគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតហ្នឹង បញ្ចុះបញ្ចូលឲ្យអ្នកបោះឆ្នោត បោះឆ្នោតឲ្យខ្លួន។ អ៊ីចឹងទេ ទោះយ៉ាងណាក៏ដោយ សូមមេត្តាគោរពបទបញ្ជានីតិវិធី ព្រមទាំងក្រមសីលធម៌ ជាពិសេសនីតិវិធីទាក់ទងនឹងការឃោសនា ដើម្បីឲ្យការឃោសនាប្រព្រឹត្តទៅដោយរលូនល្អ ប្រកបដោយសន្តិសុខ សុវត្ថិភាព និងរួមទាំងការសន្សំសំចៃផង»។
ទាក់ទិនបញ្ហានេះ លោកបណ្ឌិត ហង្ស ពុទ្ធា នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ឬហៅកាត់ថា និចហ្វិក (NICFEC) បានស្នើដល់អង្គបោះឆ្នោតដែលជាតំណាងឲ្យគណបក្សនយោបាយនីមួយៗ និងជាតំណាងឲ្យពលរដ្ឋទូទាំងនគរ ត្រូវបង្ហាញឆន្ទៈ និងសម្រេចចិត្តឲ្យបានត្រឹមត្រូវ ព្រមទាំងគិតពីប្រយោជន៍ជាតិជាធំ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី២ នាខែឧសភា ខាងមុខ។
លោក ហង្ស ពុទ្ធា៖ «នេះគឺជាតួនាទីរបស់អង្គបោះឆ្នោតហើយ ដែលក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវបានជ្រើសរើសដោយប្រជាពលរដ្ឋ។ អ៊ីចឹងមានតួនាទី ត្រូវតែជួសមុខឲ្យពលរដ្ឋទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា»។
កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ អាណត្តិទី២ នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០១៤។
ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ៥ បានចុះឈ្មោះចូលរួមប្រកួតប្រជែង គឺមានគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
តំណាងគណបក្សនយោបាយមួយចំនួន មានគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានអះអាងថា បានត្រៀមលក្ខណៈសម្រាប់ឃោសនារួចហើយ ប៉ុន្តែថ្លែងថា មិនមានធ្វើពិធីដង្ហែក្បួនទ្រង់ទ្រាយធំនៅតាមផ្លូវសាធារណៈ ដូចការបោះឆ្នោតសភានោះទេ។
ការបោះឆ្នោតក្រុមប្រឹក្សាថ្នាក់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងជាលក្ខណៈអសកល គឺមានតែសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងតំណែងជាង ១ម៉ឺន ១ពាន់នាក់ទេ (១១.៤៥៩) ទើបមានសិទ្ធិបោះឆ្នោតនេះបាន។
សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ ដែលត្រូវបោះឆ្នោតជ្រើសរើសសរុបចំនួនជាង ៣ពាន់ ៣រយនាក់ (៣.៣២៤) ក្នុងនោះ មានក្រុមប្រឹក្សារាជធានី-ខេត្តជិត ៤០០នាក់ (៣៩៣) និងក្រុមប្រឹក្សាក្រុងស្រុកខណ្ឌជិត ៣ពាន់នាក់ (២.៩៣១)៕