ខេត្ដតាកែវ ៖ លោក ឡាយ វណ្ណៈ អភិបាលខេត្ដតាកែវធ្លាប់បានព្រមានដល់ក្រុមមន្ដ្រីជំនាញពិសេសអភិបាលស្រុកបុរីជលសា និងស្រុកអង្គរបុរីថា នឹងដកតំណែងជាអភិបាលស្រុកចេញប្រសិនបើនៅក្នុងមូលដ្ឋានរបស់ខ្លួនមានកើតបទល្មើសនេសាទនារដូវបិទនេះ តែស្រុកទាំងនេះនៅតែរួមគ្នាបង្កើតបទល្មើសនេសាទផ្គើននឹងបទបញ្ជារបស់លោកអភិបាលខេត្ដដដែល។
ពាក់ព័ន្ធនឹងបទល្មើសនេសាទខុសច្បាប់ទាំងនេះ ត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់ជាបន្តបន្ទាប់ ចំពោះការបណ្តែតបណ្តោយរបស់អាជ្ញាធរពាក់ព័ន្ធ ជាពិសេស នាយខ័ណ្ឌរដ្ឋបាលជលផលស្តីទីខេត្តតាកែវ លោក សៅ កុសល ក៏អស់លោកទាំងនេះមិនរវល់ឈឺក្បាលវិលមុខនឹងមតិរិះគន់ទាំងអស់នេះឡើយ អោយតែបានផលប្រយោជន៏ចូលហ៊ោប៉ៅខ្លួន ។
គួរបញ្ជាក់ផងដែរថា តាមការចុះយកព័ត៌មានផ្ទាល់លើផ្ទៃទឹកជាក់ស្តែង ពិតជាមានបទល្មើសនេសាទខុស ច្បាប់មានតូចមានធំក្នុងនោះមានរបាំងបង្កងស្បៃមុងឈិប សៃយឺន ព្រមទាំងទូកប្រើអួនឆក់ ។ល។ បទល្មើសខ្លះមានប្រវែងរហូតដល់៣ទៅ៥គីឡូទៀតផង ។ ថ្មីៗនេះដែរ ក៏មានការចុះបង្ក្រាបខ្លះ ពីកំលាំងព្រះរាជអាជ្ញាខេត្តដោយបង្ក្រាបបានឧបករណ៏នេសាទខុសច្បាប់ ជាច្រើន ព្រមទាំងជនល្មើសជាជនជាតិវៀតណាមទៀតផង ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថានាយខ័ណ្ឌរដ្ឋបាលជលផលស្តីទីខេត្តតាកែវលោក សៅ កុសល និងកូនចៅជានាយសង្កាត់តាមស្រុកទាំងនេះ បានឃុបឃិតគ្នាបើកភ្លើងខៀវអោយជនជាតិវៀតណាមចូលមករកស៊ីនេសាទក្នុងដែននេសាទខ្មែរ ក្នុងភូមិសាស្ត្រស្រុកទាំងបីនេះជាថ្នូរនឹងលាភសក្ការៈរាប់ពាន់រាប់ម៉ឺនដុល្លា ដោយមិនខ្ចីខ្វល់ពីការចុះបង្ក្រាបឡើយ ទោះជាមានសេចក្តីរាយការណ៏ពីប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ។
ប្រភពបានបន្ថែមទៀតថា ប្រហែលជាលោកនាយខ័ណ្ឌរដ្ឋបាលជលផលស្តីទីខេត្តតាកែវ លោក សៅ កុសល ពូកែយកចិត្តផ្គាប់ផ្គន់មន្ត្រីរដ្ឋបាលជលផលថ្នាក់ក្រសួង ហើយមើលទៅបានជាលោក សៅ កុសល បានដៃខ្លាំងណាស់ឯមន្ត្រីរដ្ឋបាលជលផលថ្នាក់ក្រសួង ក៏មិនមានចំណាត់ការក្នុងការទប់ស្កាត់ និងបង្ក្រាបដែរបើពូកែបែបនេះមិនយូរទេ ក្រសួងនឹងតែងតាំងលោក សៅ កុសល ជានាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវពេញសិទ្ធិជាមិនខាន ។
ប្រជាពលរដ្ឋដែលជាអ្នករកស៊ីនេសាទតាមរបៀបជាលក្ខណៈគ្រួសារ បានសំដែងនូវការតូចចិត្តចំពោះខ្លួន ឯងដែលមានលទ្ធភាពត្រឹមតែនេសាទជាលក្ខណៈគ្រួសារគ្រាន់ចិញ្ចឹមជីវិត បានព្រឹកខ្វះល្ងាចចិញ្ចឹមកូន និងក្រុមគ្រួសារបានយ៉ាងលំបាក មិនហ៊ានប្រើឧបករណ៏នេសាទខុសច្បាប់ ដូចគេខ្លាចមានទោសខុសនឹងច្បាប់ ។ គាត់បន្ថែមទៀតថា ការអនុវត្តច្បាប់របស់មន្ត្រីពុករលួយទាំង នេះមិនស្មើភាពគ្នារវាងអ្នកមាន និងអ្នកក្រទេ មានប្រាក់គេអាចប្រើឧបករណ៏នេសាទខុសច្បាប់បានគ្រប់បែបយ៉ាង គ្មានការបង្ក្រាបទេ ៕
អ៊ួង វ៉ឹង