ព្រះសីហនុ ៖ ខណៈដែលមានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិប្រមាណជាងប្រាំមួយម៉ឺននាក់ចូលមកកំសាន្តនៅក្នុងទីក្រុងព្រះសីហនុ នាឧិកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីយ៍ជាតិ គ្រោះថ្នាក់ចរាចរណ៍កើតឡើងតិចតួចតែបានសម្លាប់ជនបរទេសម្នាក់ដោយបើកបរម៉ូតូបុកសត្វឆ្កែដោយខ្លួនឯងក្រៅពីនោះក៏មានករណីផ្សេងទៀតបង្កររបួសស្រាលៗលើមនុស្សចំនួនបីនាក់ផងដែរ។
លោក នូ សុផល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងឧិកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីយ៍ជាតិឆ្នាំ២០១៤នេះ ភ្ញៀវទេសចរណ៍សរុបមានចំនួនប្រមាណជាងប្រាំមួយម៉ឺននាក់ បានអញ្ជើញចូលមកកំសាន្តតាមរមណីយដ្ឋាននាៗ និងឆ្នេរសមុទ្រខេត្តព្រះសីហនុ ហើយភ្ញៀវទាំងអស់ទទួលបាននូវក្តីសប្បាយរីករាយគ្មានគ្រោះថ្នាក់អ្វីដោយយថាហេតុនោះទេ នេះដោយសារតែគណះបញ្ជាការឯកភាពខេត្តបានរៀបចំសុវត្តិភាពសន្តិសុខល្អ។ជាមួយគ្នានេះលោក វរះសេនីយ៍ទោ អ៊ី សុខា ស្នងការរងទទួលបន្ទូកការិយាលយ័កណ្តាលនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតមានតែបីករណីប៉ុណ្ណោះ ក្នុងនោះក៏មានជនបរទេសម្នាក់បានស្លាប់ដោយសារបើកបរម៉ូតូល្បឿនលឿនហួសកំណត់បានបុកសត្វឆ្កែដួលស្លាប់ដោយខ្លួនឯង និងមានគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរករណីផ្សេងទៀតបង្ករឲ្យមានមនុស្សរងរបួសស្រាលចំនួនបីនាក់ផងដែរ ។
ស្នងការរង នគរបាលខេត្តព្រះសីហនុលោក វរះសេនីយ៍ទោ អ៊ី សុខា បានបញ្ជាក់ថា បច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋកាន់តែយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ហើយ ដូចនេះការគ្រោះថ្នាក់ចរាចរណ៍ក៏មានការថមថយជាងមុន គួរអោយកត់សំគាល់ផងដែរ នេះបើធៀបទៅនឹងឆ្នាំមុនៗឃើញថាមានការថយចុះច្រើន ។
ទោះជាយ៉ាងនេះក្តីលោកស្នងការរងរូបនោះសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងទីរួមខេត្តព្រះសីហនុមេត្តា បង្កើននូវការគោរពច្បាប់ចរាចរណ៍ឲ្យកាន់តែប្រសើរឡើង ថែមទៀត ដើម្បីចូលរួមចំណែកកសាងប្រទេសកម្ពុជា យើងស្របនឹងទិសស្លោកមួយពោលថា “កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ” ៕
ដោយ ភ្នំព្រឹក