ព្រះសីហនុ ៖ ទីតាំងកែឆ្នៃប្រហិតត្រីសមុទ្រនៅតំបន់ទំនប់រលកក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៤នេះ ក្រុមអធិការកិច្ចក្រសួងឧស្សាហកម្មនិងសិប្បកម្មបានចុះពិនិត្យគុណភាពសាច់ប្រហិតរបស់អ្នកស្រី ជា ផល្លា ដូចការដែលទទួលបានពត៌មានយ៉ាងពិតប្រាកដ ប៉ុន្តែអ្វីដែលគួរឲ្យចង់សើចនោះ គឺពិនិត្យកោសល្យវិច្ចយ័ភ្លាម ប្រកាសទទួលស្គាល់លទ្ធផលភា្លមៗ មិនចាំថ្ងៃស្អែកទេ មិនតែប៉ុណ្ណោះ មន្ត្រីក្រសួងម្នាក់បានចេញមុខធ្វើបទសម្ភាសការពារផលប្រយោជន៍ម្ចាស់សិប្បកម្មយ៉ាងរហស័សកម្មប្រៀបដូចលេងសំដែងប៉ាហ៊ីនៅនិងកន្លែង ឲ្យអ្នកកាសែត ច្រើននាក់ទស្សនាលេងពីមួយក្បាច់ទៅមួយក្បាច់ ។ គាប់ជួនអ្នកកាសែតមិនមានជំនាញអ្វីក្រៅពីថតរូប និងរាយការណ៍ពត៌មាននោះ មិនខុសអ្វីពីចាក់ទឹកលើក្បាលទានិងបានធ្វើឲ្យពួកគេ មានការសង្សយ័ថា ក្រុមអធិការកិច្ចក្រសួងស៊ីឈ្នួលលេងប៉ាហ៊ីជួសមុខម្ចាស់សិប្បកម្មទៅវិញ ។ ដោយកត់សម្គាល់ឃើញថា ការពិនិត្យនោះក្រុមជំនាញហាក់បីដូចជាមានការរៀបចំទុកជាមុនស្រេចទៅហើយ ប្រការនេះគឺជាក្តីព្រួយបារម្ភធំបំផុតសម្រាប់ប្រជាពលរដ្ឋអ្នកប្រើប្រាស់សាច់ត្រីប្រហិតសមុទ្រនោះ ។
លោក ចាន់បូរិន្ទ អគ្គនាយក ISC នៃក្រសួងឧស្សាហកម្មនិងសិប្បកម្មបានថ្លែងភា្លមៗប្រាប់អ្នកកាសែតថា ជាលទ្ធផល ការកែឆ្នៃប្រហិតនេះល្អពុំមានសាធាតុគីមីអ្វីទេ ដោយគ្រាន់តែទីតាំងគ្មានអនាម័យ និងត្រូវបង្ខំឲ្យម្ចាស់សិប្បកម្មមួយនេះដោះដូរទីតាំងថ្មីក្នុងរយៈពេលពីរខែខាងមុខនេះ។
ការសម្រេចរបស់មន្ត្រីអធិការកិច្ចក្រសួងនៅពេលនេះហាក់បីដូចជាដឹងមុនស្រេចទៅហើយថា ម្ចាស់ទីតាំងសិប្បកម្មកែឆ្នៃប្រហិតខាងលើនេះទើបនិងទិញទីតាំងថ្មីមួយនៅជិតគ្នានោះមានតម្លៃដប់ម៉ឺនដុល្លាអាមេរិក និងសាងសង់សំណង់រឹងមាំខុសច្បាប់នៅក្នុងសមុទ្រអស់រាប់ម៉ឺនដុល្លាអាមេរិចទៀតផង ។
ការសម្រេចបែបនេះត្រូវបានប្រជាពលរដ្ឋដែលឈរមើលនិយាយរិះគន់ថា ដូចជាដឹងមែនទែនហើយសង្សយ័មានភាគហ៊ុននៅជាមួយគ្នាទេដឹងបានជានិយាយត្រូវៗម្ល៉េះ ។
ប្រជាពលរដ្ឋដែលបានឈរមើលការពិនិត្យរបស់ជំនាញបាននិយាយថា មិនចាំបាច់លេងប៉ាហ៊ីច្រើនក្បាច់ពេកទេ គ្រាន់តែមើលត្រីដែលគេយកមកកិនផលិតជាប្រហិតនោះវាស្អុយគគ្រុកទៅហើយ គឺត្រីជី ពេលគេកាត់ក្បាលហើយគេយកត្រីនោះទៅកិនទាំងអាចម៍ធ្វើឲ្យសាច់ប្រហិតចេញពីម៉ាស៊ីនមកឡើងខ្មៅ លុះដល់ពេលគេយកទៅស្តុបទុក មុនដឹកចេញទៅចែកចាយសាច់ប្រហិតនោះឡើងសក្បុះ នោះមិនមែនលាយសារធាតុគីមីទេឫ លោកជំនាញ។
អ្នកស្និទ្ធនិងលោកស្រី ជា ផល្លា ម្ចាស់សិប្បកម្មកែឆ្នៃប្រហិតត្រីសមុទ្រមួយនេះបានខ្សិបប្រាប់ សារព័ត៌មានក្នុងស្រុកថា សិប្បកម្មមួយនេះគាត់មិនអាចបិទបានទេ ទោះបីគាត់ចំណាយលុយសូកប៉ាន់អស់ប៉ុន្មានក៏ដោយ ព្រោះគាត់ បានធ្វើកុងត្រាទទួលលុយកក់ថ្លៃប្រហិតនៅគ្រប់បណ្តាខេត្តក្នុងប្រទេសកម្ពុជា ជាពិសេសក្រុងភ្នំពេញ ប្រសិនបើមានការខកខាន គាត់នឹងត្រូវសងគេផ្កាប់មុខហើយ ព្រោះសព្វថ្ងៃ ភាគច្រើនគាត់ធ្វើនំអត់ម្សៅនោះទេ ។
ទោះជាយ៉ាងនេះក្តី ក្រុមគ្រូពេទ្យនៅតែអំពាវនាវដល់ក្រសួង និងស្ថាបន័ពាក់ព័ន្ធមេត្តាពិនិត្យពិចារណាឡើងវិញ មិនអាចគាំទ្រទង្វើបែបនេះបានទេ ៕
ដោយ ភ្នំព្រឹក