អតីតអភិបាល ខេត្តបាត់ដំបង លោក ប្រាជ្ញ ច័ន្ទ កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ត្រូវបាន រដ្ឋាភិបាលផ្ទេរតំណែង ពីអភិបាលខេត្តបាត់ដំបង ទៅកាន់តួនាទី ជាទីប្រឹក្សា ក្រសួងមហាផ្ទៃ ជាបណ្តោះអាសន្ន ។ លោកត្រូវរង់ចាំ រហូតដល់ខែឧសភា ឆ្នាំ ២០១៤ ទើបឡើងទៅជាអភិបាលខេត្តត្បូងឃ្មុំ ដែលជាខេត្ត ទើបបង្កើតថ្មី ។
លោក ប្រាជ្ញ ច័ន្ទ បានកាន់តំណែងជាអភិបាលខេត្ត បាត់ដំបង អស់រយៈពលជាង ១០ ឆ្នាំ តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ក្នុងអាណត្តិកន្លងមក លោក ប្រាជ្ញ ច័ន្ទ មានរឿងអាស្រូវ កើតមានឡើង ក្រោមការដឹកនាំរបស់លោក និងភាពអវិជ្ជមាន ដូចជា ការដោះដូរដីមន្ទីរស្ថាប័នរដ្ឋ លក់ដីស្រះ ទឹកបុរាណ និងអគារមន្ទីរស្ថាប័នរដ្ឋជាច្រើន ត្រូវលោកដោះដូរ និងលក់ដោយពុំមានការដេញថ្លៃ ដែលមានដូចជា ៖
អតីតមន្ទីរអប់រំចាស់ អគារស្នងការនគរបាលខេត្ត ដីការិយាល័យប៉ូលិសចរាចរណ៍ជើងគោក ដីអគារ មន្ទីរកសិ កម្ម ដីអគារមន្ទីរសាធារណការ និងដឹកជញ្ជូនជាដើម ក្រៅពីនោះនៅមានដី និងស្រះទឹកបូរាណរបស់រដ្ឋជា ច្រើនទៀត នៅក្នុងខេត្តបាត់ដំបង ។ ដូចជា ដីមន្ទីរពេទ្យពោធិ៍ពីរ-ដីមណ្ឌលកីឡាដ្ឋាន របស់សាលាខេត្ត និងដីនៅផ្សារថ្មគោល ដីនៅផ្សារលើ ត្រូវបានលក់ និងដោះដូរក្រោមរូបភាពធ្វើការអភិវឌ្ឍន៍ ។
ប្រភពពីមន្ត្រីសាលាខេត្តមួយរូបសុំមិនឱ្យបញ្ចោញឈ្មោះបានឱ្យដឹងថា មានកូនប្រសាររបស់លោក ប្រាជ្ញ ច័ន្ទ លោកដើរតួនាទីយ៉ាងសកម្មដោយមានភាគហ៊ុនយ៉ាងច្រើនលើសលុបក្នុង ការដោះដូរគំរោង អភិវឌ្ឍន៍នៅ លើ ទីតាំង សំខាន់ៗទាំងអស់នៅក្នុងខេត្តបាត់ដំបងដែលស្ថិតនៅក្នុងអំណាចលោក ប្រាជ្ញ ច័ន្ទ ។
ជាក់ស្តែងលោក សុខ ប៊ុនតារា ជាកូនប្រសារលោក ប្រាជ្ញ ច័ន្ទ ត្រូវបានគេដឹងថា មានភាគហ៊ុន និងគ្រប់គ្រង ស្ទើរ តែ ទាំងស្រុងលើទីតាំងសំខាន់ដូចជា នៅផ្សារថ្មគោលថ្មី ផ្សារអប្សរា អតីតផ្សារលើ សំណង់ផ្ទះល្វែងបុរីមហាទេព ៘
ប្រភពដដែលបានឱ្យដឹងទៀតថា ការដោះដូរ និងលក់ដីអគាររបស់រដ្ឋសំខាន់ៗទាំងនេះ ធ្វើឱ្យមានការរិះគន់ យ៉ាង ខ្លាំងពីប្រជាពលរដ្ឋ និងមន្ត្រីរាជការក្រោមឱវាទ ដែលពុំបានទទួលផលប្រយោជន៍ មន្ទីរទាំងនោះ ទោះពួកគេដឹង ការ ពិត និងរឿង ជាក់ស្តែងដូច្នេះក៏ដោយក៏ពួកគេពុំហ៊ានហើមមាត់និយាយឡើយ សុខចិត្តខាំមាត់សង្កត់ ចិត្តលាក់ ទុកក្នុងខ្លួន មិនហ៊ានហើបមាត់ ព្រោះខ្លាចអំណាចលោក ប្រាជ្ញ ចន្ទ អតីតអភិបាលខេត្តបាត់ដំបង ។
ចំណែកមន្ត្រីរាជការខ្លះទៀតនាំគ្នារអ៊ូរទាំ និងនិយាយរិះគន់នៅតាមតុកាហ្វេថា កន្លងទៅក៏ធ្លាប់ មានពាក្យចចាម អារាមខ្លះ ព្រមានដកតំណែងមន្ត្រីណាដែលហ៊ាននិយាយតវ៉ាប្រឆាំងការដោះដូរដី និងអគារសម្បត្តិ សាធារណៈ ទាំង នោះ ប្រសិនបើមានអ្នកណាហ៊ានតវ៉ា ឬបង្កើតឱ្យមានកូដកម្មធ្វើការតវ៉ាផ្សេងៗ ។
សរុបមកលោក ប្រាជ្ញ ច័ន្ទ បានដឹកនាំអភិវឌ្ឍន៍ក្រោមរូបភាពវប្បធម៌ដោះដូរអគារ និងដីដែលមានទំហំធំៗ សំខាន់ៗទាំងនោះស្ទើរគ្មានសល់ ។ ងាកមើលបញ្ហាទំនាស់ដីធ្លីខេត្តបាត់ដំបងវិញ មានច្រើនជាងបណ្តាខេត្តណាទាំងអស់ ។ ជាក់ស្តែងសូម្បីតែដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាលចែកជូន ប្រជាពលរដ្ឋនៅឃុំបឹងប្រាំ ស្រុកបវេល ក៏ដោះ ស្រាយមិនបានជោគជ័យដែរ រហូតមកទល់នឹងពេលនេះ ហើយក៏មិនទាន់និយាយ ដល់បញ្ហាទំនាស់ដីធ្លីជាច្រើន កន្លែងទៀតនៅក្នុងខេត្តបាត់ដំបងទាំងមូលផងដែរ ៕