កាសែតក្នុងស្រុកធ្លាប់បានចេញផ្សាយពីការឃុបឃិតគ្នាលក់ទីស្នាក់ការគណបក្សប្រជាជនឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំរួចប្តូរទៅនៅកន្លែងផ្សេងដែលជា កន្លែង ទើបចាក់ដីលើវាលស្រែហើយជាផ្លូវ សម្រាប់បរទេះគោក្របីទៀតផង ។
ដីគណបក្សដែលធ្លាប់កាន់កាប់តាំងពីឆ្នាំ១៩៧៩ ដោយមន្ត្រីចាស់ៗរបស់គណបក្សប្រជាជនមានទំហំ ៥០ ម៉ែត្រ ជម្រៅ ១០០ម៉ែត្រ ហើយនៅខាងជើងផ្សាររំលង (ផ្សារ ទ្រៀល)ប្រហែលជា ១៥០ម៉ែត្រតែប៉ុណ្ណោះ តែសម្រាប់ដីដែលទើបតែសង់ស្នាក់ការគណបក្សថ្មីនៅខាងជើងផ្សារជិត ២គីឡូម៉ែត្រ ហើយតូចចង្អៀតជាងដីគណ បក្សចាស់ដែលស្ថិតនៅក្នុងភូមិរពាក់ពេន ។
ការដែលធ្វើឱ្យមានការផ្លាស់ប្តូរផ្តើមចេញពីបុគ្គលម្នាក់ដែលធ្លាប់អែបអបជាមួយអ្នកមានអំណាច និងធ្លាប់ មានមហិច្ឆតាលោភលន់ចង់គួកជេរយកទៅលក់ឱ្យអ្នកផ្សេងក្នុងតម្លៃខ្ពស់ ។ បុគ្គលរូបនេះមានឈ្មោះ អ៊ុក វ៉ុន ដែលកំពុងតែតាំងខ្លួនជាអ្នកមានជាន់ថ្មី ឬក៏ជាឧកញ៉ាគ្មានក្រិត ។
ប្រជាពលរដ្ឋនៅក្នុងឃុំទ្រៀល ស្រុកបារាយណ៍បានដឹងរឿងរ៉ាវពីការចង់យកដីស្នាក់ការគណបក្សប្រជាជន ទៅលក់ឱ្យអ្នកផ្សេងយកចំណេញរាប់ម៉ឺនដុល្លារតាំងពីមុនថ្ងៃបោះឆ្នោតសកលមកម្ល៉េះ ព្រោះកន្លងមកលោក អ៊ុក វ៉ុន ធ្លាប់អែបអបបញ្ចុកបញ្ស៊ីយករថយន្តទំនើបទៅដឹកលោក សឺន ស័ព្ទ ប្រធានគណបក្សស្រុកបារាយណ៍ដើម្បីលួង លោម ដោយប្រើមន្តអាគមដុល្លារឱ្យជួយរត់ការទៅថ្នាក់ខេត្តបន្ថែមទៀតដោយមានលោក សោម សុផាត អភិបាល រងខេត្តកំពង់ធំបានឯកភាពទាំងស្រុង ។
បើតាមប្រភពព័ត៌មានដែលអាចជឿបានដីទីស្នាក់ការគណបក្សឃុំទ្រៀល បានរៀបចំគណៈកម្មការវាយ ម្លៃដោយឱ្យតម្លៃ ២.៣០០ដុល្លារ ក្នុងមួយម៉ែត្រដី កាលពី ២-៣ឆ្នាំមុន ដីនៅម្តុំទីស្នាក់ការឃុំទ្រៀលអ្នកមានលុយ ហ៊ានឱ្យតម្លៃ ៦.០០០ដុល្លារ ក្នុងមួយម៉ែត្រដី តែបើយើងគណនាតាមក្បាច់ស្រីឃើញថា ខុសទឹកប្រាក់ច្រើនណាស់ ដូច្នេះឃើញថា ប្រាក់ចំណេញដ៏ច្រើន លោក អ៊ុក វ៉ុន អាចដើរបោះមេបានគ្រប់ៗគ្នា គឺពីស្រុករហូតដល់ខេត្ត ។
ប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងខ្លាំងៗពីការផ្លាស់ប្តរពីកន្លែងចាស់ទៅនៅកន្លែងថ្មីថា បានប្រព្រឹត្តអំពើពុក រលួយជាប្រព័ន្ធតែផ្ទុយទៅវិញប្រជាពលរដ្ឋបើមាន ការដេញថ្លៃគ្នាជាការល្អប្រសើរហើយគ្មានការលេចឮព័ត៌មាន ផ្សេងៗឡើយ ។
នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៤ អ្នកយកព័ត៌មានបានព្យាយាមទៅជួបសមាជិកគណបក្សឃុំទ្រៀល ដែលមានសមាជិក ២៧នាក់ និងអចិន្ត្រៃយ៍បក្ស ៩នាក់ តែគ្មានអ្នកបញ្ចោញព័ត៌មានឱ្យបានច្បាស់ឡើយ ព្រោះជា គំនាបដ៏តឹងរឹងរបស់ជួរបក្សតែនៅមានអ្នកបង្ហើបប្រាប់ឱ្យដឹងខ្លះៗថា ចូលមកដល់សព្វថ្ងៃនេះនៅមិនទាន់ផ្លាស់ទៅ នៅកន្លែងថ្មីទេ ហើយសមាជិកគណបក្សឃុំទាំងអស់នៅមិនទាន់ចុះហត្ថលេខាប្រគល់ដីនេះឱ្យទៅបុគ្គលណាម្នាក់ ឡើយ ហើយក៏បានបញ្ជាក់ប្រាប់អ្នកកាសែតបន្ថែមទៀតថា ចង់ឬមិនចង់មុនក្រោយត្រូវតែចេញទៅនៅកន្លែងថ្មី ព្រោះលោកអភិបាលខេត្ត (មិនបញ្ជាក់ប្រាប់ឈ្មោះ)ថា ដីទីស្នាក់ការនេះជាដីរបស់ខេត្ត ដូច្នេះខេត្តចង់យកធ្វើអ្វីក៏ បាន ។
រឿងដីស្នាក់ការគណបក្សឃុំទ្រៀលដែលសព្វថ្ងៃអង្ករក្លាយជាបាយទៅហើយ តែលោក ហាក់ ម៉ុងហួត បាននិយាយប្រាប់អ្នកកាសែតថា ស្រុកគ្មានដីលក់ទេ តែដីដែលកំពុងកើតរឿង គឺជាដីរបស់បក្សស្រុកតែបើបក្ស ចង់ប្តូរផ្លាស់ស្រេចតាមចិត្តចុះ ។ លោក សឺន ស័ព្ទ ប្រធានបក្សស្រុកមិនសូវបាននៅកន្លែងធ្វើការ និងទូរស័ព្ទត្រូវបិទ មិនអាចសុំការបំភ្លឺឱ្យច្បាស់បានឡើយ ។
លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ធ្លាប់និយាយប្រាប់អ្នកកាសែតតាមទូរស័ព្ទថា អង្ករក្លាយជាបាយ ទៅហើយលោកខាងកាសែតអើយ ហើយក៏លោកមិនបានទទួលលុយមួយរៀលមួយសែនដែរ ។
លោក អ៊ុក វ៉ុន អ្នកមានជាន់ថ្មីពីរឿងដីធ្លីប៉ុន្មានថ្ងៃនេះកំពុងតែដុតដៃដុតជើងឡើងចុះទៅខេត្ត និងទៅភ្នំពេញ ដើម្បីរកខ្នងបង្អែកដើម្បីធ្វើការទប់ស្កាត់រាល់សភាពការដែលកំពុងតែកើតមានហើយលោក វ៉ុន កំពុងគំរាមប្តឹងអ្នកកាសែតដែលបានចុះផ្សាយព័ត៌មានពីដីទីស្នាក់ការគណបក្សឃុំទ្រៀលនេះទៀតផង ។
កាសែតនគរសន្តិភាព សំណូមពរឱ្យអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង គួរបញ្ជាកម្លាំងមក ស្រាវជ្រាវតើមានការពិត ឬមិនពិតបើគេនាំគ្នាយកឆ្នាំងដែកដូរយកឆ្នាំងដីមកប្រើដូចឥឡូវនេះ ៕