ខេត្តព្រះសីហនុ : ពលរដ្ឋនៅក្រុងព្រះសីហនុ ទាំងមូលបានលើកឡើងថា បន្ទាប់ពីប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុក បានផ្សព្វផ្សាយពាក់ព័ន្ឋនឹងល្បែងស៊ីសងគ្រប់ប្រភេទ កើតមានពេញបន្ទុកពាសពេញ ក្នុងក្រុងទេសចរណ៏មួយនេះ ហើយគេសង្កេតឃើញថា សមត្ថកិច្ចក៏បានបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ ។ ប៉ុន្តែក្នុងការបង្ក្រាបនោះគេសំគាល់ឃើញថា បង្ក្រាបបានតែល្បែងស៊ីសងតូចតាចប៉ុណ្ណោះ ដោយឡែកល្បែងធំៗ ពុំដែលឃើញសមត្ថកិច្ច ឬ ក៏អាជ្ញាធរ បានចុះបង្ក្រាបបាន១ករណីណាមួយឡើយ ។ ពលរដ្ឋដែលស្អប់ខ្ពើមល្បែងស៊ីសង គ្រប់ប្រភេទទាំងនោះ បានលើកឡើងថា ល្បែងស៊ីសងទាំងនោះបានធ្វើអោយមានផលប៉ះពាល់ដល់ការអភិវឌ្ឍន៏សង្គមគ្រួសារ សង្គមជាតិហើយនឹងមានផលប៉ះពាល់ដល់មុខមាត់ប្រទេសជាតិផងដែរ ដែលល្បែងទាំងនោះ វាជាដើមចម អំពើហិង្សាក្នុងគ្រួសារ បង្ករអោយមានអំពើលួច ឆក់ ប្លន់ គ្រប់រូបភាពទាំងអស់ គឺផ្តើមចេញពីល្បែងស៊ីសងទាំងនោះឯង ។
ប្រជាពលរដ្ឋទាំងនោះ បានលើកឡើងទៀតថា ល្បែងដែលគេពុំឃើញអាជ្ញាធរ និង សមត្ថកិច្ចពុំហ៊ានអើតក្បាលក្បែរបង្ក្រាបនោះ គឺល្បែងភ្នាល់បាល់ពេញនិយម ហើយទាន់សម័យដែលគេចាក់តាមអ៊ីនធើណេត ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិ ឆ្ពោះទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្ទះល្វែងឌីឌីម៉ាក ទល់មុខស្ថានីយ៏រថភ្លើងក្រុងព្រះសីហនុ ក្នុងភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ដែលជាកន្លែងភ្នាល់បាល់ធំជាងគេ នៅក្នុងក្រុងទាំងមូលដែលគេសង្កេតឃើញថា ចាប់ពីម៉ោង ២ ដល់ម៉ោង ៥ សកម្មភាពកត់បាល់ចាប់ផ្តើមដំណើរការរស់រវើក ហើយមានក្មេង ចាស់ ប្រុស ស្រី ចូលចាក់យ៉ាងកក្រើក ពិសេសមានក្មេងស្រីសិស្សសាលា ក៏ចូលចាក់ផងដែរ ហើយមានសាខាមួយកន្លែងទៀតស្ថិតនៅតាមបណ្តោយផ្លូវទៅសាលាក្រុងព្រះសីហនុ ដែលជ្រកក្រោមស្លាកយីហោ ហុងម៉ី លក់សំលៀកបំពាក់ទាន់សម័យ តែបច្ចុប្បន្ននេះ បានផ្លាស់ទីតាំងកត់បាល់ នៅទីតាំងមហោស្រពចាស់ស្ថិតនៅក្នុងភូមិ ២ សង្កាត់ ២ ក្រុងព្រះសីហនុវិញហើយ ហើយបានធ្វើសកម្មភាពកត់បាល់យ៉ាងរលូន ដែលលោកចៅសង្កាត់លេខ ២ ដើរទៅដើរមកជារៀងរាល់ថ្ងៃ ធ្វើពុំដឹងពុំលឺទាល់តែសោះ ។
ពាក់ព័ន្ឋជុំវិញបញ្ហាលើកឡើងរបស់ប្រជាពលរដ្ឋ ដែលមានកង្វល់ខាងលើនេះ លោក ភុល ភស្តា អធិការក្រុងព្រះសីហនុ បានអោយដឹងតាមទូរស័ព្ទថា លោកបានដឹងហើយក្នុងរឿងល្បែងស៊ីសងភ្នាល់បាល់នេះ ហើយលោកបានលើកឡើងនៅក្នុងអង្គប្រជុំ គណៈបញ្ជាការឯកភាពក្រុង កន្លងមករួចហើយដែរបន្ទាប់ពីចប់អង្គប្រជុំ លោកក៏បានជំរាបជូនលោក ជិន សារិន អភិបាលក្រុងព្រះសីហនុ អំពីបញ្ហានេះផងដែរ ។ ហើយកន្លែងភ្នាល់បាល់ ដែលជ្រកក្រោមស្លាកយីហោ ហុងម៉ី នោះលោកក៏បានកោះហៅមកធ្វើកិច្ចសន្យា នៅមុខអភិបាលក្រុង អោយបញ្ឈប់ការកត់បាល់នេះតទៅទៀត បើគេនៅបន្តលោកនឹងមានវិធានការ ក្នុងរឿងនេះ ។ លោកអធិការក្រុងរូបនេះ បានបញ្ជាក់ទៀតថា លោករង់ចាំតែមានបទបញ្ជា ពីអភិបាលក្រុង លោកនឹងចុះធ្វើការបង្ក្រាបនេះ ព្រោះលោកធ្វើការគោរពតាមឋានានុក្រម ។
ដោយឡែកលោក ជិន សារិន អភិបាលក្រុងព្រះសីហនុ បានលើកឡើងក្នុងអង្គវេទិកាសាធារណៈ នៅសង្កាត់ ៣ កាលពីរសៀលថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០១៤ ដោយគ្រាន់តែអរគុណចំពោះការលើកឡើង អំពីបញ្ហាល្បែងស៊ីសង នៅក្នុងមូលដ្ឋាន ក្រុងព្រះសីហនុ ប៉ុន្តែលោកក៏បាននិយាយដែរថា វេទិកានេះ គឺធ្វើឡើងនៅសង្កាត់ ៣ ចំណែកការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ បានឆ្លងទៅកាន់សង្កាត់ ២ និង សង្កាត់ ៤ ហើយ ។ ចំពោះចំណាត់ការបែបណានោះ លោកពុំបានលើកឡើងនៅក្នុងអង្គវេទិកាទេ ។ពាក់ព័ន្ឋក្នុងរឿងល្បែងស៊ីសងនេះ នៅរសៀលថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៤ នេះអ្នកយកព័ត៌មានទូរស័ព្ទទៅលោក អភិបាលក្រុង ដើម្បីរកការបំភ្លឺបន្ថែម តែទូរស័ព្ទរបស់លោកមិនអាចហៅចូលបាន ៕ ភ្នំព្រឹក