ខេត្តព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ ដឹកនាំដោយឯកឧត្តម ឈិត សុខុន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំកំលាំងចម្រុះចុះរុះរើ សំណង់រឹងមាំខុសច្បាប់នៅតាមបណ្តោយឆ្នេរអូរត្រេះចាស់ ស្ថិតក្នុងភូមិ ៦ សង្កាត់៤ ក្រុង- ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០១៤ ។
ឯកឧត្តម ឈិត សុខុន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៏អោយដឹងថាការចុះរុះរើសំណង់ថ្មី ខុសច្បាប់នៅតាមបណ្តោយឆ្នេរអូរត្រេះចាស់ នៅពេលនេះបន្ទាប់ពីអាជ្ញាធរខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ដល់ម្ចាស់សំណង់ទាំងនោះកន្លងមកជាបន្តបន្ទាប់ តែម្ចាស់សំណង់នៅតែបន្តការសាងសង់ឥតច្បាប់ដដែលមិនព្រមផ្អាកការសាងសង់ឡើយ។ហើយការចុះរុះរើនេះគឺក្នុងគោលបំណងអនុវត្តយុទ្ឋសាស្ត្រកំណែទំរង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សាឆ្នេរសមុទ្រកម្ពុជា ដែលត្រូវបានដាក់បញ្ចូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេលើពិភពលោក ។
ដោយបច្ចុប្បន្នមាន សំណង់តូចធំមួយចំនួនកំពុងតែរំលោភយកដីឆ្នេរសមុទ្រ ធ្វើការសាងសង់សំណង់រឹងមាំដូចជាអាហារដ្ឋាន ភោជនីយ៏ដ្ឋាន បឹងកាឡូ លំនៅដ្ឋានជាដើម។ លើសពីនេះទៅទៀតសំណង់ទាំងនោះ មាន បន្ទប់ទឹក បង្គន់អនាម័យ ហើយបានបង្ហូរទឹកកខ្វក់ទំលាក់ចូលក្នុងសមុទ្រ ដែលជាហេតុធ្វើអោយមានការប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរប៉ះពាល់ការហែលទឹកកំសាន្ត របស់ភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិ ផងដែរ។
បន្ទាប់ពីការរុះរើសំណង់មួយកន្លែងនេះរួចហើយ ឯកឧត្តមក៍បានធ្វើការផ្តាំផ្ងើអស់បងប្អូន ដែល បានធ្វើការសាងសង់ពីមុនមកសូមផ្អាកការសាងសង់បន្ថែមពីលើនេះថែមទៀត និងចូលរួមថែរក្សារឆ្នេរ របស់យើងអោយនៅស្រស់ស្អាតដូចដើម។
គួរបញ្ជាក់ផងដែរថាក្នុងការចុះរុះរើ សំណង់នៅតំបន់ខាងលើនេះ អាជ្ញាធរខេត្តបានបញ្ជាអោយ អាជ្ញាធរក្រុងប្រមូលយកឈើសំណង់មួយចំនួនមានដូចជា ក្តារ ឈើផ្ទោង និងសសរមួយចំនួនធំ យកទៅរក្សាទុកនៅក្រុងរង់ចាំ ម្ចាស់ចេញមុខទៅដោះស្រាយផងដែរ ៕
ដោយ ភ្នំព្រឹក