បុរសវ័យជំទង់ម្នាក់ផឹកស្រវឹងតាំងពីក្បាលព្រលប់ បើកម៉ូតូយ៉ាងលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុករថយន្តបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសមធ្យមចំណែករថយន្តនិងម៉ូតូ ខូចខាតខ្លះៗ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២១និង១៥នាទីយប់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យអង្គការរ៉ាក់ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ប្រភពពត៌មានពីអ្នកនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងនេះបើកយ៉ាងលឿនដូចហោះទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែឃើញម៉ូតូបុកចំកាងមុខផ្នែកខាងស្តាំនៃរថយន្ត កំពុងធ្វើដំណើរពីលិចទៅកើត រួចបទចូលទៅមន្ទីរពហុសម្រាកព្យាបាលឯកជនមួយកន្លែងនៅទីនោះ។
ភ្លាមៗនោះផងដែរ អ្នកបើកបរម៉ូតូត្រូវបានអ្នកបើកបររថយន្តចុះបើកទ្វារចេញមកក្រៅរួចស្ទុះទៅបីត្រកងជនរងគ្រោះចូលទៅក្នុងមន្ទីរពហុព្យាបាលឯកជននៅទល់មុខកន្លែងកើតហេតុតែម្តងទៅ។
ប្រភពពីភ្នាក់ងារនគរបាលចរាចរណ៍បានឲ្យដឹងថារថយន្តម៉ាក មីស៊ុយប៊ីស៊ី ពណ៌ស ពាក់ស្លាកលេខ ក្រ-ព្រះសីហនុ 2A- 1893 បើកបរដោយបុរសជនជាតិ អ៊ុយ គ្រេនម្នាក់ ឈ្មោះ PITER EFREMOV អាយុ ២៣ឆ្នាំជាភ្ញៀវទេសចរណ៍រយៈពេលវែងមកលេងក្នុងក្រុងព្រះសីហនុ និងអ្នកបើកបរម៉ូតូ ម៉ាកសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ1D-2507បើកបរដោយឈ្មោះ បូរ៉ូ ប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិក ស្រាបៀរអង្គរ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ រងរបួសមធ្យម។
ខណៈពេលដែលជនបើកបរម៉ូតូកំពុងសម្រាកព្យាបាល ជំនាញសមត្ថកិច្ចនគរបាលចរាចរណ៍យកឧបករណ៍វាស់ជាតិ អាល់កុល ឃើញមានជាតិអាល់កុលរហូតទៅដល់
០,៨១ មានន័យថាលើសកំរិតដែលច្បាប់បានអនុគ្រោះ។
ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូត្រូវសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការវាស់វែងរួចៗ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំព្រឹកស្អែកធ្វើការដោះស្រាយ ៕