ខេត្តព្រះវិហារ ៖ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ នៅបញ្ជាការដ្ឋានកងពលតូច អន្តរាគមន៍លេខ៨ មានរៀបចំពិពីប្រកាសតែងតាំងថ្នាក់ដឹក នាំថ្មី ស្ថិតក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន អគ្គមេបញ្ជាការរង តំណាងលោកនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការស្តីទី និងជានាយសេនាធិការចម្រុះ នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ។
តាមសចក្តី ប្រកាសរបស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងផ្លាស់ប្តូរនាយទាហាននៃកងពលតូចលេខ៨មួយចំនួន ក្នុងនោះមាន ៖ ១- លោកឧត្តមសេនីយ៍ត្រី លី ស៊ុន សមាជិកក្រុមការងារស្រាវជ្រាវជំនាញយោធាអគ្គបញ្ជាការដ្ឋាន ជាមេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ជំនួសលោកឧត្តមសេនីយ៍ទោ យឹម ពឹម ដែលបានទទួលមរណៈភាព ។ ២-លោកឧត្តម សេនីយ៍ត្រី ប៊ុន ធាន មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ ត្រូវបានផ្លាស់ប្តូរភារកិច្ច ទៅកាន់ជាមេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ។ ៣-លោកវរសនីយ៍ឯក នូ សារ៉ាត់ មេបញ្ជាការរង និងជាមេបញ្ជាការវរសេនាតូចលេខ៣៨១ ត្រូវបានតែងតាំងជាមេបញ្ជាការរង និងជានាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ ។ ៤-លោកវរសេនីយ៍ឯក ច័ន្ទ សុខុន មេបញ្ជាការវរសេនាតូចលេខ៣៨២ ត្រូវបានតែងតាំងជាមេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៨ ។
មានប្រសាសន៍ នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានវាយតម្លៃខ្ពស់ចំពោះនាយទាហានដែលទើបទទួលបានមុខតំណែងថ្មី ដោយរយៈកាលកន្លងមកនេះ បានខិតខំបំពេញភារៈកិច្ចប្រកបដោយការទទួលខុសត្រូវ ។ ឆ្លុះបញ្ចាំងពីសកម្មភាពនេះ ទើបពេលនេះក្រសួងការពារជាតិ និងអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ សម្រេចប្រគល់តួនាទីជូនសមស្រប តាមស្នាដៃ និងពេលវេលាជាក់ស្តែង ។
លោកនាយឧត្ត មសេនីយ៍ គីម ប៊ុនថាន បានផ្តាំផ្ញើដល់សមាសភាពថ្នាក់ដឹកនាំថ្មី នៃកងពលតូចអន្តរាគមន៍លេខ៨ ត្រូវបន្តនូវប្រពៃណីសាមគ្គីឯកភាពផ្ទៃក្នុងឲ្យបានល្អ ក្នុងនោះត្រូវខិតខំរៀនសូត្របន្ថែម ដើម្បីបង្កើនសមត្ថភាពការពារបូរណភាពទឹកដី ពិសេសយល់ច្បាស់ពីតួនាទីភារកិច្ចរបស់ខ្លួន សំដៅរួមចំណែកដល់ផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំផងដែរ ៕