កំពត ៖ ប្រជានេសាទ បានសំដែងការមិនពេញចិត្ត ចំពោះបញ្ហាទូកនេសាទ របស់ជនបរទេស មានសៀម និងយួនជាដើម ដែលកំពុងសម្រុកចូល មកធ្វើសកម្មភាព ក្នុងដែនសមុទ្រខ្មែរយ៉ាងប្រសេចប្រសាច គ្មាននរណាអើពើបង្ក្រាបទេ ហើយបើតាមប្រភពខ្សឹបខ្សៀវ មួយចំនួន បានបង្ហើបឲ្យដឹងថា រឿងដែលគ្មានការបង្ក្រាបទូកនេសាទ ទាំងនោះក៏ព្រោះតែមន្ត្រី នគរ បាល ជើងទឹក ក្រោមបញ្ជា របស់លោកតេងសួនបានចេញប្រមូលផលប្រយោជន៍ យក ទៅច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនមិនដែលខ្វល់ខ្វាយបង្ក្រាបម្តងណាឡើយ។
ផ្ទៃសមុទ្រខ្មែរ នាពេលបច្ចុប្បន្ននេះ មានទូកនេសាទរបស់ជនជាតិខ្មែរតិចតួចប៉ុណ្ណោះដែលចេញធ្វើការ នេសាទជាលក្ខណៈគ្រួសារដោយប្រើប្រាស់ទូកតូចៗមិនហ៊ានធ្វើដំណើរទៅ កណ្តាល លំហសមុទ្រដើម្បីចាប់ត្រីនោះទេ ដោយសារប្រជានេសាទខ្មែរគ្មានដើមទុនសម្រាប់ប្រកប អាជីវកម្ម នេសាទត្រីទ្រង់ទ្រាយធំ ជាពិសេសគ្មានលុយបង់ជូននគរបាលជើងទឹករបស់លោក តេង សួន តែម្តង ។
មានការរំលឹកផងដែរថា គ្រប់ទូកនេសាទទាំងអស់ របស់ជនជាតិខ្មែរ ដែលចេញធ្វើនេសាទ ត្រូវតែបង់លុយជូនមន្ត្រី ជំនាញជលផល ឬសមត្ថកិច្ចចម្រុះ ក្នុងក្របខ័ណ្ឌគណៈកម្មការស្រាលត្រួត ពិនិត្យបទល្មើសលើផ្ទៃសមុទ្រ ដែលមានលោក តេង សួន ជាអ្នកចាត់ចែងការងារប្រមូលលុយយកទៅបែងចែកគ្នា ធ្វើមានធ្វើបានផ្ទាល់ខ្លួន ។
ក្នុងតួនាទីជា ប្រធាននាយកដ្ឋាននគរបាល ព្រំដែនទឹកនៃក្រសួងមហាផ្ទៃ លោក តេង សួន ហាក់ដូចជាធូររលុង មិនបានយកចិត្តទុកដាក់ពង្រឹង ការងារមន្ត្រី ក្រោមឱវាទឲ្យការពារបូរណភាពដែនសមុទ្រខ្មែរនោះទេ បែរជាបិទភ្នែកបណ្តែត បណ្តោយ ឲ្យទូកនេសាទរបស់សៀមនិងយួន ចូលមកធ្វើសកម្មភាព យ៉ាងអនាធិបតេយ្យបំផុត ក្នុងដែនសមុទ្រខ្មែរ ។ ហើយសម្រាប់ទូកនេសាទ របស់យួន ឬសៀមមួយគ្រឿង ដែលអាចចូលមកនេសាទ ក្នុងដែនសមុទ្រខ្មែរ យ៉ាងអនាធិបតេយ្យ ត្រូវបង់លុយយ៉ាងតិច ២៥០០ ដុល្លារ អាមេរិក ក្នុងមួយខែឲ្យអ្នកម៉ៅការ សម្រាប់យកទៅបែងចែក មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ទើបអ្វីៗអាចដំណើរការ ទៅបានដោយរលូនល្អ ។
លោក តេង សួន ក៏បានចាត់តាំងបក្ខពួករបស់គាត់ឲ្យកាន់តំណែង ជាប្រធាន វរៈនគរបាលប្រចាំទិសនីមួយៗ តាំងពីព្រំដែនទឹកនៃខេត្តកែប រហូតដល់ខេត្តកោះកុង ប៉ុន្តែវត្តមាន នៃនគរបាលការពារ ព្រំដែនទឹករបស់លោក តេង សួន មិនបានបំពេញតួនាទីភារកិច្ច របស់ខ្លួនឲ្យបានត្រឹមត្រូវនោះទេ គឺបានត្រឹមតែចុះ ទៅដាក់ប៉ុស្តិ៍ ជជុះ ឬចេញនាវាល្បាត ដើម្បីប្រមូលលុយពីទូកនេសាទដោយខុសច្បាប់ មិនដែលខ្វល់ពីបទបញ្ជា ឬសេចក្តីណែនាំ របស់ថ្នាក់លើក្នុងការបង្ការបង្ក្រាបទប់ស្កាត់ បទល្មើសលើផ្ទៃសមុទ្រ ឲ្យមានប្រសិទ្ធភាព ទៅតាមកំណែទម្រង់ស៊ីជម្រៅម្តងណាឡើយ ។
លោក តេង សួន មានសិទ្ធិអំណាចធំណាស់ ក្នុងការប្រមូលលុយ ពីបទល្មើសនៃការដឹកជញ្ជូន ទំនិញគេចពន្ធឈើខុសច្បាប់ នៅលើផ្ទៃសមុទ្រ ជាក់ស្តែងសកម្មភាពកាប់បំផ្លាញព្រៃឈើនៅតាមដែនកោះដឹក យកមកលក់ចែកចាយ ក្នុងខេត្តព្រះសីហនុ មិនអាចធ្វើទៅបានទេ ប្រសិនបើគ្មានភ្លើងខៀវពីលោក តេង សួន ។
មន្ត្រីតូចតាចជាច្រើន បានលើកឡើងថា ប្រសិនបើមានការផ្លាស់ប្តូរតំណែងលោក តេង សួន ទំនងជាអាចកែទម្រង់ភាព អសកម្ម និងអំពើពុករលួយ ដែលកំពុងកើតមាន យ៉ាងផុសផុល ក្នុងអង្គភាពនគរបាលជើងទឹក ដែលកំពុងយកតួនាទី របស់ពួកគេទៅប្រមូល លុយពីទូកនេសាទរបស់សៀម និង យួន ។ បទល្មើសលើផ្ទៃសមុទ្រ តាំងពីខេត្តកោះកុង រហូតដល់ខេត្តកំពត មានច្រើនគគោក តែលោក តេង សួន មិនដែលយកចិត្តទុកដាក់បង្ការ បង្ក្រាបទប់ស្កាត់ឲ្យស្រប ទៅតាមសេចក្តីណែនាំរបស់ថ្នាក់លើនោះទេ មិនដឹងជា មានអាថ៌កំបាំងអ្វីប៉ុន្តែសម្រាប់ មន្ត្រីតូចតាច និងក្រុមឈ្មួញរកស៊ីដឹកជញ្ជូន ទំនិញឆ្លងកាត់ផ្ទៃសមុទ្របានលួចបង្ហើបឲ្យដឹងថា ប្រភពចំណូល ពីបទល្មើសនៅលើផ្ទៃសមុទ្រខ្មែរ សម្រាប់លោក តេង សួន មានច្រើនសន្ធឹកសន្ធប់ ៕