កំពត ៖ ភាពអវិជ្ជមាន និងតម្រូវការពលរដ្ឋក្នុងទឹកដីខេត្តកំពត បានកើតឡើងច្រើនករណីគិតតាំងពីអំពើពុករលួយបក្ខពួកនិយម រហូតដល់កង្វះខាតសេវាសុខាភិបាល អប់រំ គមនាគមន៍..ជាដើម។ ខ្លឹមសារទាំង នេះ បានរំលេចឡើងក្នុងសុន្ទរកថារបស់លោកអភិបាលខេត្តកំពត នាពិធីប្រជុំបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្តនៃក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានក្រុងស្រុកដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តន៍កម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រព្រឹត្តឡើង កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅសាលប្រជុំសាលាខេត្តកំពត ក្រោមវត្តមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លោក ចម ប្រសិទ្ធជាអធិបតី ។
ស្វាគមន៍ក្នុងកិច្ចប្រជុំ នាព្រឹកនោះ លោក ខូយ ឃុនហ៊ួរ អភិបាលខេត្តកំពតបានមានប្រសាសន៍ថា អនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបីរបស់រាជរដ្ឋាភិបាលកម្ពុជា សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទូទាំងភូមិសាស្ត្រខេត្ត ក៏ដូចជាតាមព្រំដែនគោក និងព្រំដែនទឹកមានលក្ខណៈល្អប្រសើរ ដោយបទល្មើសគ្រប់ប្រភេទមានការថយចុះបើប្រៀបធៀបរយៈពេលដូចគ្នា ក្នុងឆមាសនៃឆ្នាំកន្លងទៅ ។ មកដល់ពេលនេះ រយៈពេលមួយឆ្នាំគត់នៃការអនុវត្តន៍ការងាររាជរដ្ឋាភិបាលអាណត្តិទីប្រាំ ហើយក៏មានរយៈពេល៦ខែដែរ ចំពោះការអនុវត្តន៍ភារកិច្ចរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រកិច្ចអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបី ។ សម្រាប់ខេត្តកំពត រដ្ឋបាលគ្រប់ថ្នាក់ និងជំនាញពាក់ព័ន្ធទាំងអស់បានខិតខំប្រឹងប្រែងអនុវត្តការងាររបស់ខ្លួនយ៉ាងសកម្មព្រមទាំងទទួលបានជោគជ័យគួរជាទីមោទនៈ។
ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានរំលេចឱ្យដឹងថា មកដល់ពេលនេះ តាមរយៈការក្តាប់ព័ត៌មាន ភាពអសកម្មមួយចំនួន បានកើតឡើងក្នុងខេត្ត និងមូលដ្ឋាននានា រួមមាន អំពើពុករលួយ ស៊ីសំណូក បក្ខពួកនៅតាមមន្ទីរ និងអង្គភាពរដ្ឋ ការយកកម្រៃសេវារដ្ឋបាលលើសពីតម្លៃរដ្ឋកំណត់ ការតែងតាំងមន្ត្រីមិនសមតាមលក្ខណៈសម្បត្តិ មិនយកចិត្តទុកដាក់បំពេញតួនាទី និងម៉ោងពេលធ្វើការងារជូនរដ្ឋ,ការងារបៀវត្សរ៍ទាប។ ចំណែកការងារសន្តិសុខ សណ្តាប់ធ្នាប់ ការផាកពិន័យប្រាក់លើសចំនួនកំណត់ មិនស្មើភាពគ្នា(ខ្លះផាកខ្លះមិនផាក), ការឃុបឃិតជា មួយជនល្មើស (មានលុយរួចខ្លួន ឬចាប់ហើយលែង), អ្នកក្រចាប់ដាក់គុក បក្ខពួកអ្នកធំអ្នកមានរួចខ្លួន,អាជ្ញាធរ មូលដ្ឋាន និងជំនាញខ្លះឃុបឃិតលក់ដីព្រៃឱ្យឈ្មួញ,ក្រុមហ៊ុន និងអង្គភាពប្រដាប់អាវុធមួយចំនួនរំលោភ យកដីរដ្ឋ និងដីប្រជាជន, ឃុបឃិតឱ្យឈ្មួញ និងជនអនាធិបតេយ្យកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ, ករណីជួញឈើមានតម្លៃទៅក្រៅប្រទេស,ឱ្យទូកបរទេសចូលធ្វើសកម្មភាពក្នុងដែននេសាទខ្មែរ,រំលោភយក ដីព្រៃលិចទឹក និងចាក់ដីរំលោភចូលឆ្នេរសមុទ្រ ។
ពាក់ព័ន្ធភាស៊ី អនាម័យ និងសោភ័ណភាពវិញ មានការបោះចោលសំរាមពាសវាលពាសកាលគ្មានសណ្តាប់ធ្នាប់,ការផាកពិន័យធូររលុង,យកថ្លៃភាស៊ីលើសសៀវ ភៅបន្ទុក, អ្នកយកភាស៊ីមានអាកប្បកិរិយាមិនល្អ, ការចតយានយន្តអនាធិបតេយ្យ។ ចំពោះសេវាទឹក ភ្លើង ពលរដ្ឋសុំឱ្យថ្លៃសេវាទាប និងចុះតម្លៃជាងមុន,កុងទ័រទឹក ភ្លើងដើរលឿន,តម្លៃតបណ្តាញខ្ពស់។
លោកអភិបាលខេត្តបន្តទៀតថា នៅតាមដងផ្លូវសមត្ថកិច្ច និងជំនាញស្ទាក់យកលុយ តាមរយៈបង្កើតកុងត្រូលជជុះ។ នៅតាមមូលដ្ឋានមានល្បែងស៊ីសងច្រើន សមត្ថកិច្ចយកលុយ និងឃុបឃិតជាមួយមេល្បែង ( ឱ្យលុយមិនចាប់ មិនឱ្យលុយចាប់)។
សម្រាប់កិច្ចការងារនៅឃុំសង្កាត់ធ្វើការតែស្មៀន និងមេឃុំដោយមិនចែកការងារ គ្នាធ្វើ,កិបកេងថវិកា,បញ្ជាក់លិខិតស្នាមនានាយកលុយកម្រៃសេវាលើស,បំពេញសេវាការងាររដ្ឋបាលឱ្យ ពលរដ្ឋយឺតយ៉ាវ,មិនឱ្យមន្ត្រីឃុំសង្កាត់ ភូមិ ឬប្រជាជនដឹងពីថវិកាចំណូលចំណាយក្នុងឃុំសង្កាត់, មានការរើសអើងចំពោះប្រជាពលរដ្ឋ ពិសេសអ្នកក្រីក្រ និងអ្នកមាននយោបាយផ្សេង។
រីឯការបម្រើសេវាសង្គមកិច្ច សុខាភិបាល អប់រំ លោក ខូយ ឃុនហ៊ួរ បានលើកឡើងថា គ្មានប្រាក់ឧបត្ថម្ភជនក្រីក្រ ស្ត្រីមេម៉ាយ ចាស់ជរា និងជនងាយរងគ្រោះ ជនអនាថា,ពេទ្យឃើញអ្នកក្រមិនសូវយកចិត្តទុកដាក់ទទួលព្យាបាល,ពេទ្យរដ្ឋយកថ្លៃ ព្យាបាលខ្ពស់,គ្រូមិនយកចិត្តទុកដាក់ក្នុងការបង្រៀន(រៀនឈ្នួលច្រើន យកលុយពីសិស្ស លក់ឯកសារថ្លៃ), សាលារៀននៅជនបទដាច់ស្រយាលរៀនមិនទៀងទាត់ គ្មានគ្រូ។ ងាកទៅការផ្តល់បច្ចេកទេសកសិកម្ម អាជីកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ចវិញ ពលរដ្ឋចង់ឱ្យរដ្ឋផ្តល់ការធានាលើការខ្វះខាតពូជស្រូវ ដំណាំនានា, សុំឱ្យរដ្ឋរកទីផ្សារលក់ផលិតផលរបស់ខ្លួនឱ្យបានអស់ និងបានថ្លៃ,សុំឱ្យទំនិញចុះថោក, សុំកុំឱ្យនាំទំនិញ បរទេសចូលស្រុក ពិសេសកសិផល បន្លែ ផ្លែឈើ និងសាច់សត្វ,មានរត់ពន្ធប្រេង និងលក់សាំងគេចពន្ធ ។
ជុំវិញការអភិវឌ្ឍន៍មូលដ្ឋាន ដែលពលរដ្ឋកំពុងរស់នៅមិនឃើញមានការរីកចម្រើនអ្វីជាដុំកំភួន, មន្ត្រីខ្លះមិនមានគំនិតអភិវឌ្ឍ,រាជរដ្ឋាភិបាលគ្មានលុយអភិវឌ្ឍ,ខេត្ត ក្រុងស្រុក ឃុំសង្កាត់និងភូមិគ្មានថវិកាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍។លោកអភិបាលខេត្តបញ្ជាក់ថា ទោះបីព័ត៌មានទាំងនេះអាចខ្លះមិនពិត តែលោកជឿជាក់ថា អាចមានចំណុចច្រើនពិតដែលតម្រូវឱ្យក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកក្រុងស្វែងយល់ និងរកជាដំណោះស្រាយដើម្បីរម្ងាប់អារម្មណ៍ប្រជាពលរដ្ឋ ចៀសវាងមានការលើកឡើងក្នុងវេទិកាសាធារណៈ ព្រោះតែមិនបានដោះស្រាយតាមតម្រូវការនោះ។
លោក ចម ប្រសិទ្ធ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត បានមានប្រសាសន៍គាំទ្ររាល់ លទ្ធផលការងាររបស់រដ្ឋបាលខេត្តកំពតដែលសម្រេចបានជោគជ័យនាពេលកន្លងមកនោះ។ ជាមួយគ្នា នេះលោកប្រធានក៏បានណែនាំដល់ក្រុមការងារថ្នាក់ខេត្តចុះជួយក្រុងស្រុកទាំងប្រាំបីបន្តអនុវត្តទិសដៅ ការងារប្រកបដោយប្រសិទ្ធភាព ពិសេសប្រធានក៏ដូចជាអនុប្រធាន សមាជិកមកពីថ្នាក់ជាតិត្រូវចុះជាប់មូលដ្ឋាន ដែលខ្លួនគ្រប់គ្រងដើម្បីបានជ្រួតជ្រាបនូវជីភាពរស់នៅ និងតម្រូវការទាំងឡាយរបស់ពលរដ្ឋ ចៀសវាងក្រោយពីបានទទួលការតែងតាំងរួចហើយ បែរជាអសកម្មក្នុងភារកិច្ចរបស់ខ្លួន៕