ព្រះសីហនុ ៖ ទីតាំងកែឆ្នៃត្រីសមុទ្រធ្វើជាសាច់ត្រីប្រហិតដ៏ធំមួយនៅតំបន់ទំនប់រលកក្រុងព្រះសីហនុ ផែលេខ៦៤ស្ថិតក្នុងភូមិ ៣ សង្កាត់ ១ ក្រុងព្រះសីហនុ របស់ថៅកែស្រីល្បីល្បាញម្នាក់ ឈ្មោះ ជា ផល្លា ហៅយាយប្រហិត ផលិតយកចែកចាយទូទាំង២៤ ខេត្តក្រុង ក្នុងប្រទេសកម្ពុជា ត្រូវបានអ្នកស្រុកនៅទីនោះរាយការណ៍ថា គ្មានអនាម័យ គ្មានបច្ចេកទេសត្រឹមត្រូវតាមស្តង់ដាម្ហូបអាហារនោះទេ ។ លើសនេះទៀតការផលិតនោះគឺមានដាក់ម្សៅថ្នាំអ្វីម្យ៉ាងមិនឲ្យសាច់ត្រីហើមស្អុយ សង្សយ័ថាអាចប៉ះពាល់ដល់សុខុមាលភាពពលរដ្ឋទៀតផង ។ ប្រការនេះ ដោយប្រជាពលរដ្ឋនៅម្តុំនោះស្នើសុំឲ្យស្ថាបន័និងអង្គភាពពាក់ពន្ធ័មេត្តាចុះពិនិត្យមើលផងក្នុងនោះមានប៉ូលីសសេដ្ឋកិច្ច, សាខាកាំកុងត្រូល, មន្ទីរសុខាភិបាលខេត្តនិងអាជ្ញាធរដែនដី ។ល។និង។ល។
ពលរដ្ឋនៅទីនោះបានខ្សិបប្រាប់ថា ការផលិតសាច់ប្រហិតរបស់អ្នកស្រីជា
ផល្លានោះពិតជាយ៉ាប់ណាស់ហើយ សព្វថ្ងៃគាត់ទិញយកត្រីណាដែលមានតម្លៃថោកបំផុត យកមកឲ្យកម្មករដើរជាន់ឈ្លីពីលើនិងដងទឹកសមុទ្រស្អុយក្រោមផែមកលាងសំអាត ហើយចាត់ការ យកសាច់ត្រីតែម្តង។
ប៉ុន្តែអ្វីដែលគួរឲ្យសង្សយ័បំផុតនោះគឺត្រង់កម្មករយកត្រីទៅកិនចេញជាសាច់ប្រហិតដោយមានលាយម្ស៉ៅអ្វីម្យ៉ាងដែលធ្វើឲ្យសាច់ត្រីនៅស្រស់មិនស្អុយមិនហើមរលួយទៀតផង ។
ពាក់ព័ន្ធនឹងករណីមិនប្រក្រតីខាងលើនេះ មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺពីថៅកែ ជា ផល្លាម្ចាស់សិប្បកម្មនោះបានទេដោយគាត់ចេះតែព្យាយាមគេចវេសពីអ្នកសារព័ត៌មានរហូត។
ទោះជាយ៉ាងនេះក្តី ពលរដ្ឋនៅទីនោះសូមធ្វើការអំពាវនាវដល់ស្ថាបន័និងអង្គភាពពាក់ព័ន្ធមេត្តាចុះពិនិត្យមើលសិប្បកម្មនោះផង ៕
ដោយ ភ្នំព្រឹក