ខេត្តព្រះសីហនុ ៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ សហការណ៏ជាមួយកម្លាំងនគរបាល សង្កាត់លេខ ៤ ចុះបង្ក្រាបក្រុមចោរកាច់កម៉ូតូ ឃាត់ខ្លួនបានមនុស្សម្នាក់ និង វត្ថុតាងមួយចំនួន កាលពីរសៀលម៉ោង ២ និង ៣០នាទី ស្ថិតនៅតំបន់ទួលខ្សាច់ ក្នុងក្រុមទី ១២ ភូមិ ៤ សង្កាត់ ៤ ក្រុងព្រះសីហនុ ។
តាមការអោយដឹងពីលោកអនុសេនីយ៏ទោ ណុប សារឿន ប្រធានផ្នែកយុត្តិធម៌ នៃអធិការដ្ឋានក្រុងព្រះសីហនុ បានអោយដឹងថា បន្ទាប់ពីបានទទួលពាក្យបណ្តឹង ពី ជនរងគ្រោះ ដែលបានបាត់ម៉ូតូមកកម្លាំងរបស់លោកសហការណ៏ ជាមួយកម្លាំងប៉ុស្តិ៏សង្កាត់ ៤ ចុះធ្វើការស្រាវជ្រាវមុខសញ្ញាជនសង្ស័យរហូតឈានដល់ការឡោមព័ន្ឋ សំបុក ក្រុមចោរកាច់កម៉ូតូ ចាប់ឃាត់ខ្លួនជនសង្ស័យ ដែលជាជនដៃដល់ធ្វើសកម្មភាពកាច់កម៉ូតូ បានម្នាក់ឈ្មោះ អ៊ាម សូ រឺហៅថា អេង សុខជាតិ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិឃុំខាងលើ និង រឹបអូសបានវត្ថុតាង ម៉ូតូ ៤គ្រឿង រួមមានម៉ូតូហុងដា C125 ឆ្នាំ ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1B – 9963 ចំនួន ១គ្រឿង ម៉ូតូហុងដា C125 ឆ្នាំ ២០០៣ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន ១គ្រឿង ម៉ូតូស្កុបពី ឆ្នាំ ២០១៣ ពណ៌ស គ្មានស្លាកលេខ ១គ្រឿងចំនួន ១គ្រឿង
ម៉ូតូស៊ីរ៉ូស ឆ្នាំ ២០១១ ពណ៌ ក្រហម លាយខ្មៅ គ្មានស្លាកលេខចំនួន ១គ្រឿង រួមនឹងកាងម៉ូតូ ស្លាកលេខ ចង្អើ កញ្ចក់ ស្គុតបិទ សោកាច់កម៉ូតូ ដាវសាម៉ូរ៉ៃ និង បំពង់ជក់ គ្រឿងញៀន ផងដែរ ។
លោកបានបន្តទៀតថា ក្រោយពេលឃាត់ខ្លួនរួមនឹងវត្ថុតាង សមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅស្នងការនគរបាលខេត្ត នៅថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៤ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ភ្នំព្រឹក