ខេត្តព្រះសីហនុ : ប្រជាពលរដ្ឋ ៣២គ្រួសារ បានប្រមូលផ្តុំគ្នា នៅសាលាក្រុងព្រះសីហនុ ដើម្បីទាមទារដំណោះស្រាយ ៣ចំណុចដែលក្រុមហ៊ុន សុខា អូតែលទទួលសិទ្ឋិវិនិយោគលើដីក្រុមហ៊ុន អារីស្តុន ហើយបានដេញពួកគាត់ចេញពីតំបន់ឆ្នេរ ដោយពុំមានដោះស្រាយអ្វីទាំងអស់ ដែលទីតាំងឆ្នេរនោះ ស្ថិតនៅមុខដីក្រុមហ៊ុនអារីស្តុន ស្ថិតក្នុងភូមិ ០៤ សង្កាត់ ០៤ ក្រុងព្រះសីហនុ ។
ការទាមទាររបស់ប្រជាពលរដ្ឋ ដែលជាអាជីវករទាំង ៣២គ្រួសារ ៣ចំណុចខាងលើនេះមាន ចំណុចទី១. បើក្រុមហ៊ុនមិនមានការអភិវឌ្ឍអ្វីទេ អាជីវករសុំចូលលក់នៅកន្លែងដើមវិញ ។ ចំណុចទី២. បើក្រុមហ៊ុនធ្វើការអភិវឌ្ឍ ទៅតាមគោលការណ៏ សម្រេចរបស់រាជរដ្ឋាភិបាល សូមអោយក្រុមហ៊ុនដោះស្រាយ រកទីតាំងមួយសមរម្យអោយក្រុមពួកគាត់ បានប្រកបអាជីវកម្មឡើងវិញ ។ ចំណុចទី៣. បើក្រុមហ៊ុនមិនអាចដោះស្រាយ ២ចំណុចខាងលើនេះបានទេ យើងខ្ញុំសូមសំណូមពរឲ្យ ក្រុមហ៊ុន ដោះស្រាយជាប្រាក់មួយចំនួន ដើម្បីអោយពួកគាត់ ទៅប្រកបអាជីវកម្មនៅកន្លែងផ្សេង ។
ទាក់ទិនជុំវិញបញ្ហាខាងលើនេះ ឯកឧត្តម ជិន សារិន អភិបាលក្រុងព្រះសីហនុ នៅរសៀលថ្ងៃដដែល បាននិយាយទៅកាន់ ប្រជាពលរដ្ឋទាំងនោះថា រឿងនេះជារឿងពីមុនដែលឯកឧត្តម ពុំទាន់បានមកកាន់ជាអភិបាលក្រុងព្រះសីហនុ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំអោយអាជ្ញាធរក្រុងដោះស្រាយនោះ ឯកឧត្តម បានទទួល ហើយបានចារឲ្យថ្នាក់ដឹកនាំខេត្តរួចហើយហើយថ្នាក់ដឹកនាំខេត្តក៏បានចារចំណារមកវិញ អោយឯកឧត្តមពិនិត្យ និង ដោះស្រាយវិញ ។នៅក្នុងការជួបជុំជាមួយប្រជាពលរដ្ឋខាងលើនេះ ឯកឧត្តម បានសំណូមពរអោយប្រជាពលរដ្ឋទាំងអស់ ធ្វើអ្វីទៅតាមផ្លូវច្បាប់ កុំធ្វើអ្វីដែលខុសច្បាប់ហើយឯកឧត្តម បានណែនាំអោយប្រជាពលរដ្ឋ ដែលជាអាជីវករទាំងនោះធ្វើលិខិតស្នើសុំតាមរយៈលោកចៅសង្កាត់ គណៈអភិបាលក្រុង និង គណៈអភិបាលខេត្ត ដើម្បីស្នើសុំអោយក្រុមហ៊ុន សុខា អូតែល ដែលមានលោកឧកញ៉ា សុខ គង់ ជាប្រធាន ដោះស្រាយគោលនយោបាយអោយបងប្អូន ។ ក្រោយពីបានជួបជាមួយឯកឧត្តម អភិបាលក្រុង រួចហើយក្រុមប្រជាពលរដ្ឋ ដែលជាអាជីវករ ៣២គ្រួសារបានធ្វើលិខិតស្នើសុំអោយក្រុមហ៊ុន សុខា អូតែល ដោះស្រាយគោលនយោបាយជាថវិការសមស្របដែលអាចទទួលយកបានហើយបើគ្មានគោលនយោបាយនោះទេ ប្រជាពលរដ្ឋសំណូមពរសុំចូលលក់ទីតាំងចាស់វិញ ដើម្បីដោះស្រាយជីវភាព ក្នុងក្រុមគ្រួសាររបស់គាត់ផងដែរ ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋបានលក់ដូរនៅតំបន់នេះ តាំងពីឆ្នាំ ១៩៩៧ ហើយបានបង់បាត៉ង់ និង ឧបត្ថម្ភដល់រដ្ឋជាបន្តបន្ទាប់ ហើយអាជ្ញាធរខេត្ត បានប្រើកំលាំងមកឈូសឆាយរុះរើតូប របស់ពួកគាត់ នៅថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០០៦ ដោយមិនមានដំណោះស្រាយ ៕
ភ្នំព្រឹក