ខេត្តព្រះសីហនុ : ពលរដ្ឋខ្មែរ ក្នុងក្រុងព្រះសីហនុ ទាំងមូលបានត្អូញត្អែរថា ក្រោយពីមានការផ្លាស់ប្តូរភារកិច្ចថ្នាក់ដឹកនាំមួយចំនួន នៅក្នុងក្រុងព្រះសីហនុ ល្បែងស៊ីសងគ្រប់ប្រភេទ ចោរលួច ឆក់ និង ជួញដូរគ្រឿងញៀនកើតមានពេញបន្ទុក នៅក្រុងទេសចរណ៍មួយនេះ ធ្វើអោយពលរដ្ឋដែលរស់នៅក្នុងក្រុងទាំងមូលមានការបារម្ភយ៉ាងខ្លាំង ។
ទាក់ទិនជុំវិញបញ្ហាខាងលើនេះ ពលរដ្ឋក្នុងក្រុងព្រះសីហនុ បានត្អូញត្អែរថា ល្បែងស៊ីសងគ្រប់ប្រភេទ កើតមាននៅក្រុងទេសចរណ៏មួយនេះ ពេញបន្ទុកស្ទើរតែដល់កាំជណ្តើរកន្លែងធ្វើការរបស់ សមត្ថកិច្ចក្រុង និង អាជ្ញាធរក្រុងទៅហើយ ដូចជាល្បែងភ្នាល់បាល់ មួយកន្លែងជ្រកក្រោមស្លាកយីហោ ហុង ម៉ី លក់សំលៀកបំពាក់ទាន់សម័យ ដែលស្ថិតនៅតាមបណ្តោយផ្លូវអូរមួយ ខាងលិចហាងលក់ម៉ូតូ ហុងដា លី ម៉ុងគក់ ស្ថិតក្នុងភូមិ ៣ សង្កាត់ ៤ ដែលនៅនឹងមុខផ្លូវថ្នាក់ដឹកនាំក្រុង និង សមត្ថកិច្ចក្រុងធ្វើដំណើរទៅធ្វើការព្រឹក ល្ងាច នៅតែបន្តការកត់បាល់គ្មានញញើតដៃ ហើយអ្នកញៀនល្បែងបាល់ទាំងនោះ នាំគ្នាពពាក់ពពួនចូលទៅចាក់បាល់ ដូចគេចូលបុណ្យកឋិនអញ្ជឹង ។ ងាកទៅមើលអាជ្ញាធរក្រុង និង សមត្ថកិច្ចក្រុង សម្ងំស្ងៀមមិនបញ្ចេញសកម្មភាពបង្ក្រាប ជនដែលរកស៊ីខុសច្បាប់ទាំងនោះទាល់តែសោះ ឬ មួយក៏ត្រូវថ្នាំពិសរបស់មេភ្នាល់បាល់នោះទៅហើយ?
ពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ ដដែលបានលើកឡើងទៀតថា នៅក្នុងចំណុចមួយ នៅក្នុងភូមិ ឃុំ មានសុវត្ថិភាព បានចែងយ៉ាងច្បាស់ថា ល្បែងស៊ីសងគ្រប់ប្រភេទត្រូវហាមឃាត់ និង លុបបំបាត់អោយអស់គ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន ផ្ទុយទៅវិញគ្រឿងញៀនកើតមានពេញបន្ទុក រីឯល្បែងស៊ីសងគ្រប់ប្រភេទ ក៏កើតមានឡើងពាសពេញក្រុងទេសចរណ៍មួយនេះ គ្រប់ទីកន្លែង ស្ទើរតែដាក់ឈ្មោះក្រុងទេសចរណ៍ល្បែងទៅហើយ ហើយល្បែងទាំងនោះរួមមានដូចជា បៀរ អាប៉ោង ខ្លាឃ្លោក និង ល្បែងពីរទៀតដែលពេញនិយម គឺល្បែងកន្ទុយលេខ និង ល្បែងភ្នាល់បាល់ ។ ល្បែងពេញនិយមទាំងពីរនេះ គេដើរកត់ដូចដើរទូលកញ្ច្រែងលក់នំអញ្ជឹង ។
ពាក់ព័ន្ឋជុំវិញការជួញដូរគ្រឿងញៀន និង ល្បែងស៊ីសងគ្រប់ប្រភេទខាងលើនេះ ធ្វើអោយមហាជនក្រុងព្រះសីហនុ បានលើកឡើងបន្ថែមទៀតថា សមត្ថកិច្ចពុំទាន់មានលទ្ឋភាពបង្ក្រាបនៅឡើយទេ ហើយចោរលួចចោរឆក់ ចោរប្លន់ កើតមានពេញបន្ទុកនៅក្រុងទេសចរណ៍មួយនេះ គួរអោយព្រួយបារម្ភ ដែលថ្មីៗកន្លងទៅនេះ អំពើលួច អំពើឆក់ មានជាច្រើនករណី ហើយអំឡុងពេលមួយខែកន្លងទៅនេះ ចោរលួចកាច់កសោរម៉ូតូមានជាង ៤០ករណី រហូតមកដល់ពេលនេះ សមត្ថកិច្ចពុំទាន់បង្ក្រាបបានជាដុំកំភួននៅឡើយ ។ ភាពមិនប្រក្រតីខាងលើនេះធ្វើអោយភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិដែលមកទេសចរណ៍ នៅក្រុងព្រះសីហនុ មានការថយចុះយ៉ាងគំហុក ដែលធ្វើអោយផលប៉ះពាល់ដល់ការរកស៊ីរបស់ប្រជាពលរដ្ឋ និង បាត់បង់ផលចំណូលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។
ទាក់ទិនជុំវិញបញ្ហាល្បែងស៊ីសងខាងលើនេះ លោកវរៈសេនីយ៏ត្រី ភុល ភស្តារ អធិការដ្ឋានក្រុងព្រះសីហនុ បានអោយដឹងតាមទូរស័ព្ទ កាលពីម្សិលមិញថា លោកកំពុងចាត់វិធានការអោយសង្កាត់នីមួយៗ ចុះបង្ក្រាបអោយខានតែបាន ដោយឡែកកន្លែងភ្នាល់បាល ហុង ម៉ី ដែលជាឆ្អឹងទទឹងករលោកនោះ កាលពីកន្លងទៅថ្មីៗ លោកបាននិយាយថា សួរទៅថ្នាក់លើលោកទៅរឿងនេះ ។
ដោយឡែក ឯកឧត្តម ជិន សារិន អភិបាលក្រុងព្រះសីហនុ មិនអាចធ្វើការទំនាក់ទំនងតាម ទូរស័ព្ទបាន ឡើយ ដោយទូរស័ព្ទលោកហៅមិនចូល ៕
ភ្នំព្រឹក