ខេត្តព្រះសីហនុ ៖: ឧប្បទវហេតុគ្រោះថ្នាក់ចរាចរណ៏មួយ បង្ករឡើងដោយរថយន្តដឹកដីធុនធំ ក្រឡាប់ផ្ងារជើងតាមផ្លូវកោង ទៅវិទ្យាល័យក្រុងព្រះសីហនុ ទល់មុខអនុវិទ្យាល័យសម្តេចឪ ។ ហេតុការណ៏នេះ បានកើតឡើងកាលពីថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៤ វេលាម៉ោង ៧ និង ៤៥នាទីព្រឹក ស្ថិតក្នុងភូមិ ១ សង្កាត់ ៣ ក្រុង-ខេត្តព្រះសីហនុ ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តដឹកដីខាងលើនេះ បើកចុះពីវិមានឯករាជ្យ តាមបណ្តោយវិថីឯករាជ្យ ទិសដៅពីលិច ចុះចំណោតទៅកើត ដោយល្បឿនលឿន លុះមកដល់ផ្លូវកោងក៏បត់ទៅត្បូងតាមបណ្តោយវិថី ១៩ មិថុនា ដោយមានល្បឿនលឿនពេក ក៏ក្រឡាប់ផ្ងារជើងចាក់ដីពេញថ្នល់ជាតិតែម្តង ។ ក្នុងហេតុការណ៏នោះ ផងដែរ គេសង្កេតឃើញមនុស្ស ៤នាក់ ដែលជិះនៅក្នុងរថយន្តនោះខ្លះបានខ្ទាតចេញមកក្រៅ រថយន្ត ហើយខ្លះទៀតក៏នៅក្នុងរថយន្ត បានរងរបួសធ្ងន់-ស្រាលទាំង ៤នាក់ ។
ប្រភពពីសមត្ថកិច្ចចរាចរណ៏ បានអោយដឹងថា ជនរងគ្រោះទាំង ៤នាក់ ទី១ ឈ្មោះ ប៉ែន ធុយ ភេទ ប្រុស អាយុ ៣២ឆ្នាំ រងរបួសបាក់ជើងឆ្វេង មានទីលំនៅភូមិ ៣ សង្កាត់ ៣ ក្រុងព្រះសីហនុ ជាតៃកុងរថយន្ត – ទី២ ឈ្មោះ ធីតា ភេទ ស្រី អាយុ ១៣ឆ្នាំ រងរបួសជើងស្តាំស្រាល – ទី៣ ឈ្មោះ សាកល ភេទ ប្រុស អាយុ ៥ឆ្នាំ រងរបួសធ្ងន់ បាក់ដៃខាងស្តាំ ក្មេងទាំង ២នាក់ខាងលើនេះ ជាក្មួយរបស់តៃកុងរថយន្តរងគ្រោះ និងទី៤ ត្រូវជាម្តាយក្មេងទាំង ២នាក់ មិនស្គាល់អត្តសញ្ញាណ រងរបួសគ្រេចចង្កេះ ។ ក្រោយកើតហេតុជនរងគ្រោះខាងលើ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជនមួយក្នុងក្រុង ។ ដោយឡែករថយន្តត្រូវបានសមត្ថកិច្ចនគរបាល ចរាចរណ៏ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៏ រង់ចាំដោះស្រាយ ។
ទាក់ទិនជុំវិញបញ្ហាខាងលើនេះ លោក ប៉ែន ធុយ ជាតៃកុងរថយន្តខាងលើ បានរៀបរាប់អោយដឹងថា រថយន្តនេះបានដឹកដីយកមកចាក់ដីឡូតិ៏មួយកន្លែង នៅក្បែរវិមានឯករាជ្យ ដោយមកដល់កន្លែងចាក់ដីនោះ រថយន្តហ្វ្រាំងមិនស៊ី ក៏រអិលចុះជាបណ្តើរៗហើយដោយចំណោតផ្លូវចុះនោះ វែងរថយន្តក៏ល្បឿនលឿន ហើយខ្ញុំក៏សម្រេចចិត្តបត់ស្តាំទៅផ្លូវតូចដើម្បីគេចជៀសពីការប៉ះទង្គិចជាមួយប្រជាពលរដ្ឋ កំពុងធ្វើដំណើរតាមដងវិថីឯករាជ្យ កុះករនេះ ទើបបណ្តាលអោយក្រឡាប់ផ្ងារជើងតែម្តងក្នុងពេលនោះ ៕
ភ្នំព្រឹក