ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៤ លោក អ៊ួង និត ចៅសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជាម ហ៊ីមប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង ជាប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឈិត សុខុន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និង ឯកឧត្តម ជិន សារិន អភិបាល ក្រុងព្រះសីហនុ បាននាំយកទយ៏វត្ថុ មានទៀនចាំវស្សា ចំនួន១គូអង្ករ ចំនួន៤បាវ ស្មើនឹង២០០គីឡុក្រាម និងថវិការមួយចំនួន វេរប្រគេនព្រះសង្ឃ៩អង្គ ដែលគង់ចាំព្រះវស្សា នៅវត្តគិរីជលសារ៉ាម ស្ថិតក្នុងភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។
បន្ទាប់មកនៅព្រឹកថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៤ លោក អ៊ួង និត ចៅសង្កាត់កោះរ៉ុង និង ក្រុមការងាររបស់លោក បានចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាប្រជានេសាទសមុទ្រនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ដែលរងគ្រោះដោយសារខ្យល់ព្យុះកន្ត្រាក់ កាលពីវេលាម៉ោង ៤និង៤៥នាទី ទៀបភ្លឺ ថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៤ ធ្វើអោយលំនៅដ្ឋានប្រជាពលរដ្ឋ ចំនួន២៨ខ្នង រងការខូចខាតប៉ើងដំបូលផ្ទះអស់មួយចំនួនធំ ។ ក្នុងដំណើរចុះទៅសាកសួរសុខទុក្ខនេះ លោក អ៊ួង និត និង ក្រុមការងាររបស់លោក បាននាំយកស័ង្កសី ចំនួន៤៦៨សន្លឹក យកទៅចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះខាងលើ តាមខ្នងផ្ទះដែលខូចខាតជាក់ស្តែង ។
លោក អ៊ួង និតចៅសង្កាត់កោះរ៉ុង បានបន្តទៀតថា អំណោយដ៏ថ្លៃថ្លាខាងលើនេះ ជាអំណោយផ្ទាល់របស់ឯកឧត្តម ជាម ហ៊ីមប្រធានគណៈបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង ជាប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ បានប្រគេន និង ជួយដល់បងប្អូនរងគ្រោះដោយសារខ្យល់ព្យុះកន្ត្រាក់ខាងលើ ។
ទន្ទឹមនឹងការចុះសួរសុខទុក្ខ ក៏ដូចជាចែកជូនស័ង្កសី ដល់ប្រជាពលរដ្ឋជនរងគ្រោះខាងលើនេះ លោក អ៊ួង និតជួសមុខអោយឯកឧត្តម និង ក្នុងនាមប្រជាពលរដ្ឋ ភូមិដើមថ្កូវ សូមធ្វើការអំពាវនាវ ដល់សប្បុរសជនជួយដល់ប្រជាពលរដ្ឋខាងលើ ដែលរងគ្រោះដោយខ្យល់ព្យុះនេះបន្ថែមទៀត ៕
ភ្នំព្រឹក