ខេត្តព្រះសីហនុ ៖ កាស៊ីណូកំពង់សោមស៊ីធី កំពុងបើកចំហរឲ្យ ប្រជាពលរដ្ឋ ខ្មែររាប់រយនាក់ មានប្រុសមានស្រី ចូលលេងល្បែងស៊ីសង ហាក់ដូចជាមិនខ្វល់ពីវិធានការ របស់ក្រសួងមហាផ្ទៃនិងរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាសជាសាធារណៈ ស្តីពីការដកហូតអាជ្ញាបណ្ណ័ ពីកាស៊ីណូ ទាំងឡាយណា ដែលអនុញ្ញាត ឲ្យ ពលរដ្ឋខ្មែរ ចូលលេង ហើយកាស៊ីណូនេះ បានបន្ថែមល្បែងស៊ីសងម្យ៉ាង ដែលប្រជាពលរដ្ឋខ្មែរចូលចិត្ត រាប់រយនាក់ឲ្យចូលទៅលេងរៀងរាល់ថ្ងៃថែមទៀតផង ។
ម្ចាស់សង្វៀនជល់មាន់នោះ បាននិយាយថា ល្បែងជល់មាន់ ល្បែងយូគី បៀអាប៉ោង នេះ មិនមានជនបរទេសណា គេមកលេងទេ គឺមានតែពលរដ្ឋខ្មែរប៉ុណ្ណោះ ប្រសិនបើមិនអនុញ្ញាតិឲ្យខ្មែរចូលលេង តើពួកគេមានលុយមកពីណា សម្រាប់បង់ខែឲ្យកាស៊ីណូនោះ ?
អ្នកដែលធ្លាប់ចូលលេងល្បែង ក្នុងកាស៊ីណូកំពង់សោមស៊ីធី ម្នាក់បាននិយាយអួតថា ក្នុងកាស៊ីណូនោះ មានល្បែងជល់មាន់ ល្បែងយូគី ល្បែងអាប៉ោង បៀរ នៅក្នុងបរិវេណកាស៊ីណូ ផ្នែកខាងក្រោយ ដោយអះអាងថា មានច្បាប់ត្រឹមត្រូវ ដែលជាច្បាប់កាស៊ីណូ ។ មានការបញ្ចាក់ផងដែរថា ម្ចាស់សង្វៀនជល់មាន់នោះ បានអះអាងថា ពួកគេបានបង់ប្រាក់ ជូនដល់ម្ចាស់កាស៊ីណូ ក្នុងមួយខែ ៥ពាន់ដុល្លាអាមេរិក ទើបអាចបើកលេងល្បែងនេះ ដោយម្ចាស់ខាងកាស៊ីណូ មានការធានាខុសត្រូវ ចំពោះផ្លូវច្បាប់ទៀតផង។
ក្រុមអ្នកច្បាប់ បាននិយាយត្រង់ៗថា រឿងច្បាប់កាស៊ីណូ វាពិតជាមានហើយ ប៉ុន្តែរឿងអនុញ្ញាត ឲ្យពលរដ្ឋខ្មែរចូលលេងល្បែង ក្នុងកាស៊ីណូ គឺជារឿងខុសច្បាប់ហើយប្រជាពលរដ្ឋ រស់នៅក្នុងខេត្តព្រះសីហនុ បានសំណូមដល់ ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអគ្គស្នងការនគរបាលជាតិ គួរតែពិនិត្យនិងចាត់ការ ចំពោះរឿងនេះផង ៕