ល្បែងឆ្នោតកន្ទុយលេខស្ថិតនៅផ្សារទូកមាស និងនៅភូមិច្រកគ្លៃ ឃុំទូកមាស ខាងលិចស្រុកបន្ទាយមាស កំពុងពេញនិយមសម្រាប់អ្នកញៀនល្បែងនិងពង្វក់ប្រជាពលរដ្ឋ ហើយក៏មិនបានរំខានដល់សមត្ថកិច្ចប៉េអឹមប៉ូលីសក្នុងស្រុកទេ ព្រោះសមត្ថកិច្ចមួយក្តាប់តូចនោះ អាចទទួលលាភសក្ការៈពីមេឆ្នោតកន្ទុយលេខមេអាប៉ោង និងសង្វៀនជល់មាន់ នោះក៏អាចថាបាន ។ ម្យ៉ាងទៀត កន្លែងមេកន្ទុយលេខផ្សេងៗទៀតនោះ គេចេះលាក់ពួននៅក្នុងផ្ទះរបស់ពួកគេ គឺមិនហ៊ានចេញមុខដូចមេឆ្នោតនៅផ្សារទូកមាសទេ។
ប្រភពព័តមានពីអ្នកលក់ដូរក្នុងផ្សារជិតកន្លែងកត់កន្ទុយលេខ បានប្រាប់អោយដឹងថា ពួកអ្នកញៀនល្បែងកន្ទុយលេខ និងជល់មាន់ កំពុងប្រព្រឹត្តយ៉ាងរលូន មិនខ្វល់ពីគ្រោះថ្នាក់ ដោយសារសមត្ថកិច្ចចុះបង្ក្រាបឡើយ ។ ហើយមិនខ្វល់ពីការរកស៊ីចិញ្ចឹម ជីវិតប្រពន្ធកូន នៅផ្ទះទេ ដោយសារងប់ងល់នឹងល្បែងផ្សងសំណាង ធ្វើអោយគ្រួសារកើតនូវអំពើហិង្សា ក្រុមគ្រួសារបំផ្លាញទ្រព្យសម្បត្តិខ្លួនឯង មានគ្រួសារខ្លះលែងលះគ្នា ដោយងប់នឹងល្បែង ដែលហាមមិនស្តាប់ថែមទៀត ។
លោក ព្រំ វាសនា អធិការនគរបាលស្រុកបន្ទាយមាសបានប្រាប់អ្នកយកព័តមានថា លោកនិងអោយមេប៉ុស្តចុះទៅមើល ព្រោះខ្ញុំបានហៅម្ចាស់សង្វៀនមកធ្វើកិច្ចសន្យាអោយឈប់ហើយ ។
គួរបញ្ចាក់ផងដែរថា ម្ចាស់សង្វៀនជល់មាន់មានឈ្មោះហ៊ា តាង គឺជាកំពូលអ្នកលេង ធំជាងគេនៅស្រុកបន្ទាយមាស និងរត់ការបង់លុយពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ។
ប្រជាពលរដ្ធនៅស្រុកបន្ទាយមាស សូមអោយលោកអភិបាលខេត្ត ជួយលុបបំបាត់ល្បែងទាំងនេះផងទាន ៕