ការដឹកជញ្ជូនទំនិញ មកពីច្រកព្រំដែនខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ ចូលមកភ្នំពេញ តាមផ្លូវជាតិលេខ៥ មានកុងត្រូលជជុះច្រើនណាស់ ធ្វើការ កោសរូស ជំរិតឲ្យពួកគាត់បង់លុយ ហើយចាប់តាំងពី នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកស័ក្តិ៣ កែវ សារ៉ាវុធ ចុះទៅឈរជើង លើទឹកដីខេត្តកំពង់ឆ្នាំង ។
ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញ ទាំងតូចទាំងធំបានរអ៊ូរទាំ ចំពោះភាពអនាធិបតេយ្យ របស់នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃមួយក្រុម ដឹកនាំដោយលោកស័ក្តិ៣ កែវ សារ៉ាវុធ ដែលដាក់ប៉ុស្តិ៍ជជុះ តាមផ្លូវជាតិលេខ៥និងតាមប្រដេញ ឡានដឹកទំនិញដែលភ្លេចចូលបង់លុយ តាមតែទំនើងចិត្ត។
ក្រុមនេះ បានបង្កភាពអនាធិបតេយ្យ អុកឡុកអ្នករកស៊ីដឹកជញ្ជូនទំនិញ ទៅតាមតែអំពើចិត្ត ធ្វើឲ្យក្រុម ឈ្មួញក្តៅក្រហាយយ៉ាងខ្លាំង ព្រោះក្រុមនគរបាលក្រសួង ជំនាន់មុនឲ្យលុយថ្លៃបាយប៉ុន្មាន យក ប៉ុណ្ណោះ មិនហ៊ានកោសរូសទេ ប៉ុន្តែសម្រាប់ក្រុមថ្មី ក្រោមបញ្ជាលោក កែវ សារ៉ាវុធ សព្វថ្ងៃនេះទាមទារឲ្យអ្នករកស៊ីដឹកជញ្ជូនទំនិញ បង់លុយតាមតែអំពើចិត្ត។
មន្ត្រីសាលាខេត្តកំពង់ឆ្នាំង ក៏បានបង្ហើបឲ្យដឹងផងដែរថា លោក កែវ សារ៉ាវុធ ទទួលបានលិខិតបេសកកម្ម ដែលចេញដោយ លោកផ្កាយ១ គឿន ភារម្យ ជាអនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលថ្នាក់លើបានផ្តល់ទំនុកចិត្ត ឲ្យចុះស្រាវជ្រាវបង្ការទប់ស្កាត់ បទល្មើសសេដ្ឋកិច្ច លើទឹកដីខេត្តកំពង់ឆ្នាំង ប៉ុន្តែលោក គឿន ភារម្យ មិនដែល ចុះទៅធ្វើការងារ ដោយផ្ទាល់នោះទេ គឺលោក គឿន គារម្យ បានចាត់ចែង លក់ប៉ុស្តិ៍ឲ្យលោក ស័ក្តិ៣ កែវ សារ៉ាវុធ ចុះទៅបង្កភាពអនាធិបតេយ្យ ពេញខេត្តកំពង់ឆ្នាំង។
មិនត្រឹមតែអ្នករកស៊ី ដឹកជញ្ជូនទំនិញ កសិផលនោះទេ ដែលកំពុងរងគ្រោះ សូម្បីតែម្ចាស់ទីតាំងអាជីវកម្មមួយចំនួន ក្នុង ខេត្តកំពង់ឆ្នាំង ដូចជាឱសថដ្ឋាន ហាងលក់ទំនិញ គ្រឿងសម្អាង ក៏ត្រូវកូនចៅរបស់លោក កែវ សា រ៉ាវុធ កោសរូសឲ្យបង់លុយប្រចាំខែ ដោយគ្មានការយោគយល់អ្វីទាំងអស់ ជាថ្នូរនៃការមិន រំខាន ឬសុំចូលត្រួតពិនិត្យ នាំឲ្យប៉ះពាល់ដល់អាជីវកម្ម រកស៊ីលក់ដូរទំនិញ។
ប្រជាពលរដ្ឋនិងអ្នករកស៊ី ដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ៥ បានគំរាមផងដែរថា ប្រសិនបើពួកគេ អស់សេចក្តីអត់ធ្មត់ ពួកគេនឹងរៀបចំ ពាក្យបណ្តឹងដាក់ចូលក្រសួងមហាផ្ទៃ និង អគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីបកស្បែកមុខ មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួង ក្រោមបញ្ជា របស់លោក កែវ សារ៉ាវុធ ដែលកំពុងបង្កព្យុះភ្លៀង តាមទំនើងចិត្ត ។
គេមិនច្បាស់ទេថា លោកស័ក្តិ៣ កែវ សារ៉ាវុធ បានចំណាយលុយ ទិញប៉ុស្តិ៍ក្នុងមួយខែៗប៉ុន្មាននោះទេ ទើបគាត់មានសិទ្ធិអំណាច យ៉ាងធំធេងបង្កព្យុះភ្លៀង អុកឡុកអ្នករកស៊ីដឹកជញ្ជូនទំនិញទាំងស្របច្បាប់និងខុសច្បាប់ មិនក្រែងញញើតចំពោះ ចំណាត់ការបោសសម្អាត កុងត្រូលជជុះរបស់លោក ឈួ ចាន់ឌឿន ជាអភិបាលខេត្តកំពង់ឆ្នាំង សូម្បីតែបន្តិច។
គួររំលឹកផងដែរថា នគរបាលសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រោមបញ្ជារបស់លោក កែវ សារ៉ាវុធ ដែលទិញ ប៉ុស្តិ៍ពីលោក គឿន ភារម្យ សកម្មបំផុត ក្នុងការក្តោបមុខសញ្ញា ឈ្មួញរកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់ ឆ្លងកាត់ផ្លូវជាតិលេខ៥ ប្រមូលលុយយកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន ៕