ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុទាំងមូល កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាល្បែងភ្នាល់បាល់ វើលខាប់ កំពុងតែដំណើរការរកស៊ីខុសច្បាប់ ជ្រកក្រោមស្លាកយីហោ ហុងម៉ីលក់សំលៀកបំពាក់ទាន់សម័យ ដែលមួយថ្ងៃៗគេសំគាល់ឃើញថា ក្រុមអ្នកញៀនល្បែងភ្នាល់បាល់ នាំគ្នាពពាក់ពពូនដង្ហែរទៅចាក់បាល់ យ៉ាងអាណាធិបតេយ្យ ដូចគេដង្ហែរបុណ្យកឋិនអញ្ជឹង ។ ចំណែកមេភ្នាល់បាល់ ដែលជ្រកក្រោមស្លាកយីហោ ហុងម៉ី លក់សំលៀកបំពាក់ទាន់សម័យ កំពុងតែសប្បាយចិត្តប្រមូលលុយរដូវវើលខាប់នេះ ក្នុងមួយថ្ងៃៗ រាប់សែនដុល្លារ ដែលគេសំគាល់ឃើញថា សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ ហាក់បីដូចជាមើលរំលងមិនឃើញចំណុចអវិជ្ជមានបង្ករភាពអណាធិបតេយ្យ ខាងលើនេះសោះ ។
ទាក់ទិនជុំវិញបញ្ហានេះ ក្រុមប្រជាពលរដ្ឋក្នុង ក្រុងព្រះសីហនុ បានលើកឡើងថា ភាពអាណាធិបតេយ្យបង្កើតបនល្បែងខុសច្បាប់ខាងលើនេះ ធ្វើអោយប្រជាពលរដ្ឋ ក្នុងខេត្តព្រះសីហនុ កំពុងតែមានការព្រួយបារម្ភ ដែលមួយយប់ៗ ចោរកាច់កម៉ូតូ ចោរលួច ចោរគាស់ទ្វារបង្អួច ប្លន់លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ មានការកើនឡើង ធ្វើអោយប្រជាពលរដ្ឋ នៅក្នុងក្រុងទាំងមូល មានការព្រួយបារម្ភយ៉ាងខ្លាំង ។ ចំពោះបញ្ហាអសន្តិសុខ ដែលកើតមានឡើងស្របពេលដែលវើលខាប់ (ភ្នាល់បាល់) ពេញនិយមដែលក្រុមអ្នកញៀនទាំងនោះ នាំគ្នាទៅចាក់មួយថ្ងៃៗ គ្មានពេលទំនេរ ពុំដែលឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចណា ចុះទៅបង្ក្រាបបនល្បែងភ្នាល់បាល់ខុសច្បាប់ ជ្រកក្រោមស្លាកយីហោ ហុងម៉ី លក់សំលៀកបំពាក់ទាន់សម័យ នេះដែលប្រកបមុខរបរខុសច្បាប់ រាប់ឆ្នាំកន្លងមកហើយ បានម្តងណាឡើយ ផ្ទុយទៅវិញមេភ្នាល់បាល់ខាងលើ នៅតែប្រកបរបរខុសច្បាប់នេះ ដដែល ។
ប្រជាពលរដ្ឋដដែលបានលើកឡើងថា ចំណុចត្រង់ណាខ្លះ ដែលអាជ្ញាធរលើកឡើងថា ភូមិ ឃុំ មានសុវត្ថិភាព បើល្បែងស៊ីសងគ្រប់ប្រភេទ រីកដូចផ្សិតស្ទើរតែបង្កើតដល់កាំជណ្តើរ កន្លែងធ្វើការរបស់សមត្ថកិច្ច និងអាជ្ញាធរទៅហើយ ហើយអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចធ្វើព្រងើយកន្តើយ មិនអើពើជុំវិញបញ្ហាល្បែងភ្នាល់បាល់ជ្រកក្រោមស្លាក ហុងម៉ីខាងលើនេះទាល់តែសោះ ។ ប្រជាពលរដ្ឋនាំគ្នានិយាយថា ក្រុមអ្នកញៀនល្បែងទាំងនេះបើឈ្នះម្នាក់ៗមុខឡើងខ្លាញ់ ជប់លៀងស៊ីផឹកឥតឈប់ឈរ សប្បាយក្អាកក្អាយ តែបើចាញ់វិញ គេថាមុខដូចសេះអញ្ជឹង អំពើហិង្សាកើតឡើងក្នុងគ្រួសារ ឈ្លោះប្រកែកប្តី – ប្រពន្ឋ វាយតប់គ្នា ខ្លះទៅអត់លុយចាក់បាល់ ក៏ប្រកបមុខរបរ មួយបន្ថែមទៀតអាចទៅជួញដូរគ្រឿងញៀន អាចទៅធ្វើចោរ ដើម្បីយកលុយមកភ្នាល់បាល់ក៏មានដែរ ។
ទាក់ទិនជុំវិញបញ្ហានេះផងដែរ ឯកឧត្តមបណ្ឌិត ជិន សារិន អភិបាល ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៤ បានមានប្រសាសន៏ថា ឯកឧត្តមពុំដែលបានដឹងថា គេប្រកបមុខរបរនេះទេ គ្រាន់តែដឹងថា ពីមុនហាងនេះលក់សំលៀកបំពាក់ ហើយឯកឧត្តម ក៏បានធ្លាប់ចូលទិញម្តងដែរ តែពុំឃើញគេរកស៊ីចាក់បាល់ចឹងនោះទេ ឯកឧត្តម បានបញ្ជាក់ទៀតថា បើខាងសារព័ត៌មានបានដឹង សូមជួយចុះផ្សាយអោយសមត្ថកិច្ច ចុះទៅពិនិត្យមើលផង ជុំវិញបញ្ហាការរកស៊ីល្បែងភ្នាល់បាល់ខុសច្បាប់បែបនេះ ។
គួរបញ្ជាក់ផងដែរថា ទីតាំងភ្នាល់បាល់ដ៏ធំ ខាងលើ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីអូរ១ ខាងលិចហាងលក់ម៉ូតូ ហុងដា លី ម៉ុងគក់ ក្នុងភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ៕
ដោយ ភ្នំព្រឹក