ខេត្តព្រះសីហនុ៖ អំឡុងពេលពីរថ្ងៃ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោក រៀម ចន្ទម្នីព្រះរាជអាជ្ញារងខេត្តបានចុះបង្ក្រាបអ្នកជួញដូរគ្រឿងញៀន បានពីរករណី ដែលមានទីតាំងផ្សេងៗគ្នា និង ឃាត់ខ្លួនបានជនសង្ស័យចំនួន ២ នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនមួយចំនួន។
លោក វរៈសេនីយ៍ត្រី ឆាយ វិន នាយការិយាល័យស្រាវជ្រាវ ប្រឆាំងបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុ បានអោយដឹងថា ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំលាំងសម្ងាត់របស់ឯកឧត្តម បានស៊ើបការបានច្បាស់ហើយបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចុះបង្ក្រាបអោយខានតែបានចំពោះអំពើជួញដូរគ្រឿងញៀនខាងលើនេះ ដែលករណីទី ១ នៅចំណុចក្រុមទី ៣៧ ភូមិ ៥ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ១៧-០០ នាទី រសៀលថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៤ ឃាត់ខ្លួនបានជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ឈ្មោះ ជុន សុភី ភេទ ប្រុស អាយុ ២៨ ឆ្នាំ មុខរបររត់ រម៉កកង់បី មានទីលំនៅកន្លែងកើតហេតុខាងលើ រួមនឹងវត្ថុតាងម្ស៉ៅថ្លាស ចំនួន ៤ កញ្ចប់តូច និង មួយកញ្ចប់ធំ, ជញ្ជីងថ្លឹងចំនួន ១, ប្រាក់រៀលចំនួន ៦ ម៉ឺនរៀល និង ម៉ូតូ Yamaha Siruis ពណ៌ខ្មៅ ១ គ្រឿង។ ករណីទី ២ នៅចំណុចផ្ទះជួល ក្រុមទី ២ ភូមិ ៤ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោង ១០ និង ៣០នាទី ព្រឹក ថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០១៤ ឃាត់ខ្លួនបានជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ទៀត មានឈ្មោះ ម៉ី រី ហៅវី ភេទ ប្រុស អាយុ ៣១ ឆ្នាំ មុខរបររត់ម៉ូតូ មានស្រុកកំណើត ភូមិកោះឃ្លោក ឃុំ-ស្រុក កំពង់ត្រាច ខេត្តកំពត និង មានទីលំនៅបច្ចុប្បន្ន កន្លែងកើតហេតុខាងលើ រួមនឹងវត្ថុតាង មាន ម្ស៉ៅ សថ្លា ចំនួន ២២ កញ្ចប់តូច, ទូរស័ព្ទដៃចំនួន ៣ គ្រឿង, ប្រាក់ដុល្លាអាមេរិក ៥០ ដុល្លា និង ម៉ូតូម៉ាក Duke ២០០ ពណ៌ខ្មៅ លាយស ១ គ្រឿង ផងដែរ។
ជនសង្ស័យទាំងពីរនាក់ខាងលើ និង វត្ថុតាង ត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ កសាងសំណុំរឿងបញ្ជុនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការទៅតាមផ្លូវច្បាប់។
គួររំលឹកផងដែរថា ក្រោយពេល ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ឡើងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឯកឧត្តម បានបង្ក្រាបបទល្មើសបានជាច្រើនករណី ពិសេស ករណី ចែកចាយ និង ជួញដូរគ្រឿងញៀន បង្ក្រាបបានជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស បានឃើញសកម្មភាពកន្លងមករបស់ឯកឧត្តម តាមរយៈប្រព័ន្ធផ្សព្វផ្សាយក៏បានចូលរួមសាទរចំពោះឯកឧត្តម ដែលបានខិតខំប្រឹងប្រែងក្នុងសកម្មភាពខាងលើ ហើយប្រជាពលរដ្ឋក៏បានចូលរួមគាំទ្រសកម្មភាពនេះ បន្តទៅទៀត។
ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុសង្ឃឹមថា ខេត្តព្រះសីហនុ ដែលមានឆ្នេរសមុទ្រស្រស់ស្អាត និង មានរមណីយដ្ឋានប្រជុំកោះ ដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរមួយនេះ នឹងពុំមានអំពើហិង្សា គ្មានចោរលួច គ្មានចោរឆក់ និង គ្មានចោរប្លន់ ៕