ខេត្តព្រះសីហនុ៖ សំណង់អគារធ្វើពីបេតុងរឹងមាំដ៏ធំមួយ និង សំណង់ផែថ្មធ្វើពីបេតុងសាងសង់ទៅក្នុងដែនទឹកសមុទ្ររាប់រយម៉ែត្រគ្មានច្បាប់ទំលាប់បានសាងសង់ចូលទៅក្នុងសមុទ្រក្នុងតំបន់ទំនប់រលកយ៉ាងជ្រៅស្ទើរតែពាក់កណ្តាលទំនប់រលកទៅហើយ ដែលមានទីតាំងចំណុចផែខ្សាច់ ស្ថិតនៅក្នុងភូមិ ៣ សង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កំពុងមានសកម្មភាពរស់រវើកសាងសង់ដោយគ្មានកោតញញើតអាជ្ញាធរ និង មន្ត្រីជំនាញពាក់ព័ន្ធឡើយ។ ប្រជាពលរដ្ឋដែលរស់នៅតំបន់ទំនប់រលក ក្បែរសំណង់អនាធិបតេយ្យមួយនេះ បាននាំគ្នានិយាយថា សំណង់អនាធិបតេយ្យគ្មានច្បាប់ទំលាប់នេះ បានសាងសង់រំលោភយ៉ាងធ្ងន់ធ្ងរចូលទៅក្នុងដែនសមុទ្រគ្រប់គ្រងរបស់រដ្ឋ ដែលរដ្ឋហាមឃាត់ ហើយបានធ្វើអោយប៉ះពាល់ដល់បរិស្ថានឆ្នេរ និង វិស័យទេសចរណ៍ធ្ងន់ធ្ងរផងដែរ។
ប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា ម្ចាស់សំណង់អនាធិបតេយ្យខាងលើនេះ មានឈ្មោះ ហ៊េន ភេទ ប្រុស ជាថៅកែដ៏ធំម្នាក់ មានលុយស្តុកស្តម្ភ ដែលប្រមូលទិញផលនេសាទ គ្រប់ប្រភេទ នាំចេញទៅលក់តាមបណ្តាខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា និង នាំចេញទៅលក់តាមបណ្តាប្រទេសជិតខាងផងដែរ ។ លោក ហ៊េន ដែលជាម្ចាស់សំណង់ខាងលើ បាននិយាយដោយអួតក្អេងក្អាងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា រូបគេបានសុំច្បាប់សាងសង់នេះ តាំងពីថ្នាក់ក្រោមដល់ថ្នាក់លើអស់ហើយ ហើយជំនាញជលផល ក៏បានជំរាបហើយផងដែរ។
លោក ហ៊េន បាននិយាយទៀតថា ក្នុងការសាងសង់ផ្ទះ និង ផែខាងលើនេះ អាជ្ញាធរដែនដី និង មន្ត្រីជំនាញពាក់ព័ន្ធ មិនដែលថាស្អីផង ចុះហេតុអី លោកកាសែតមកថតផ្ទះ និង ផែ របស់ខ្ញុំយកទៅធ្វើអី បើថតយកទៅចុះផ្សាយ ក៏ផ្សាយទៅ ខ្ញុំមិនខ្វល់ស្អីទេ ព្រោះតំបន់នេះ អោយតែមានលុយសាងសង់គឺគេសង់ហើយ។ ហើយចំពោះការបំពុលបរិស្ថាន ក៏ដូច្នេះដែរ មិនដែលឃើញបរិស្ថានណា ចុះមកខ្វល់នៅតំបន់នេះទេ ។
លោក ឈិត សុផាត ចៅសង្កាត់លេខ ១ នៅរសៀលថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៤ បាននិយាយថា សំណង់ផ្ទះ និង ផែខាងលើ គាត់បានបញ្ជា អោយមេភូមិ និង ក្រុមការងាររបស់គាត់ ទៅផ្អាកអស់ហើយ ហើយគាត់ក៏បានប្រាប់ទៅម្ចាស់សំណង់រូបនេះ សុំធ្វើអ្វីអោយគោរពច្បាប់ ដើម្បីសាងសង់បានតទៅទៀត លោក សុំអោយម្ចាស់សំណង់ខាងលើនេះ ទៅសុំច្បាប់អោយហើយសិនចាំសាងសង់បន្តទៀត។
លោក នេន ចំរើន នាយខណ្ឌរដ្ឋបាលជលផល ខេត្តព្រះសីហនុ បានអោយដឹងថា អំពើសាងសង់រំលោភចូលដែនសមុទ្រដោយខុសច្បាប់បែបនេះ លោកនឹងចាត់អោយមន្ត្រីរបស់លោក ចុះទៅហាមឃាត់មិនអនុញ្ញាតិអោយសាងសង់បន្តទៀតឡើយ ។ ដោយឡែក លោក ហែម សារឿន ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ មិនអាចធ្វើការទំនាក់ទំនងតាមទូរស័ព្ទបានឡើយ ព្រោះទូរស័ព្ទលោកបិទការហៅចូល ៕