ការដឹកជញ្ជូនទំនិញ មកពីខេត្តកោះកុងនិងខេត្តព្រះសីហនុឆ្លងកាត់ផ្លូវជាតិលេខ៤បើទោះបីជាប្រភេទទំនិញស្របច្បាប់បង់ពន្ធត្រឹមត្រូវនៅច្រកព្រំដែនហើយក៏ដោយ ក៏កូនចៅរបស់លោក ជុន លឹមហាន តម្រូវឲ្យបង់លុយថ្លៃក្បាលឡានឬថ្លៃបាយឲ្យពួកគេ ដោយគ្មានការយោគយល់ ហើយពេលខ្លះទៀតក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញបានបង្ហាញឯកសារបង់ពន្ធទំនិញក៏ពួកគេមិនខ្ចីយកភ្នែកមើល។
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញទាំងតូចទាំងធំ ទាំងស្របច្បាប់និងខុសច្បាប់ បានរអ៊ូរទាំយ៉ាង ខ្លាំងពីភាពអនាធិបតេយ្យរបស់នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដែលយកតួនាទីនិងស្បែកជានគរបាលទៅដាក់កុងត្រូលជជុះប្រដេញរថយន្តដឹកទំនិញឲ្យចូលបង់លុយយ៉ាង
ប្រសេចប្រសាច ។
ប៉ុន្តែចាប់ទាំងពីលោក ជុន លឹមហាន ត្រូវបានតែងតាំងជាប្រធាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចប្រចាំផ្លូវជាតិលេខ ៤ គាត់បានចាត់តាំងឲ្យមន្ត្រីជំនិតកោសរូសគាប ជំរិតក្រុមឈ្មួញតាមតែអំពើចិត្ត ហើយ ប្រសិនបើក្រុមឈ្មួញតវ៉ាឬសុំចុះថ្លៃព្រោះគ្មានលុយបង់ទៅតាមការទាមទារ ត្រូវគេគំរាមចាប់យក ឡាននិងទំនិញយកទៅដាក់ប៉ុស្តិ៍ ផាកពិន័យក្នុងកម្រិតខ្ពស់ជាមិនខាន។ ឈ្មួញមួយចំនួនដែលមិនចង់មានបញ្ហាវែងឆ្ងាយចេះតែទ្រាំបង់លុយឲ្យមន្ត្រីរបស់លោក ជុន លឹមហាន ទាំងទើសទាល់។
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញបានលើកឡើងថាកូនចៅរបស់លោក ជុន លឹមហាន បានបង្កើតប៉ុស្តិ៍ជជុះនិងត្រៀមរថយន្តសម្រាប់ប្រដេញឡានដឹកទំនិញទាំងឡាយណា ដែលបើកហួសប៉ុស្តិ៍ ឬភ្លេចចូលបង់លុយឲ្យពួកគេ ហើយរឿងដ៏គួរឲ្យញាក់សាច់បំផុតនោះ នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃអាណត្តិមុនក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ បង់លុយឲ្យប៉ុន្មានយកប៉ុណ្ណោះមិនចេះកោសរូសឬបង្កផលរមាស់នាំឲ្យអ្នករកស៊ីដឹកជញ្ជូនទំនិញក្តៅក្រហាយនោះទេ។
សិទ្ធិអំណាចរបស់លោក ជុន លឹមហាន ធំសម្បើមណាស់អាចធ្វើអ្វីៗបានតាមទំនើងចិត្ត ព្រោះតែគាត់មានអំណាចលុយកាក់និងមានបង្អែករឹងមាំ ហើយតំណែងរបស់ គាត់ដែលជាមេនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំផ្លូវជាតិលេខ៤ កើតឡើងដោយសារតែការចាយលុយនិងមានអន្តរាគមន៍ពីអ្នកមានអំណាច ទើបគាត់អាចទៅឈរជើងនៅប៉ុស្តិ៍ដែលអាចប្រមូលលាភសក្ការៈយកទៅច្រកហោប៉ៅយ៉ាងសុខស្រួល ។
ក្រុមឈ្មួញដែលរកស៊ីដឹកជញ្ជូនទំនិញជាប់ជាប្រចាំតាមផ្លូវជាតិលេខ៤ ចូលរាជធានីភ្នំពេញ ត្រូវតែមានទំនាក់ទំនងបង់លុយប្រចាំខែជូនមន្ត្រីរបស់លោក ជុន លឹម ហានទើបអាចរកស៊ីដឹកជញ្ជូនទំនិញដោយរលូនល្អគ្មាននរណាហ៊ានប៉ះពាល់ពោលគឺបើមិនយកចិត្តយកថ្លើមលោក ជុន លឹមហាន ទេនោះការរកស៊ីដឹកជញ្ជូនទំនិញនឹងជួបឧបសគ្គត្រូវគេកោសរូសសុំឆែកឆេរត្រួតពិនិត្យដែលជាមធ្យោបាយក្នុងការកោសរូសបង្ខំឲ្យបង់លុយ។ហើយតាមពិតទៅលោក ជុន លឹមហាន មិនដែលចុះទៅក្តោបក្តាប់សភាពការណ៍ដោយផ្ទាល់នោះទេ គ្រាន់តែទទួលបានលិខិតបេសកកម្មគាត់ក៏ចាត់ការបែងចែកលក់ប៉ុស្តិ៍ឲ្យមន្ត្រីជំនិតៗចុះប្រមូលលុយយ៉ាងប្រសេចប្រសាច
យកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន ។
មន្ត្រីមួយចំនួនបានលើកឡើងថា កូនចៅរបស់លោក ជុន លឹមហានដែលចុះដាក់ប៉ុស្តិ៍ជជុះតាមដងផ្លូវត្រូវព្យាយាមប្រមូលលុយតាមគ្រប់រូបភាពពីក្រុមឈ្មួញរកស៊ីដឹកទំនិញដើម្បីបានលុយយកមកបង់ថ្លៃទិញប៉ុស្តិ៍ជូនលោក ជុន លឹមហាន ឲ្យបានគ្រប់ចំនួននិងទាន់ពេលវេលា បើមិនដូច្នេះទេ លោក ជុន លឹមហាន ព្រមានដាក់អ្នកផ្សេងដែលពូកែកាប់ដាវរកលុយបង់ជូនមេ។
លោក ជុន លឹមហាន គឺជាមន្ត្រីដែលចង់បានមុខចង់មាត់ ដូចដែលប្រភពមួយចំនួនបានបង្ហើបឲ្យដឹងថា រឿងដែលលោក ជុន លឹមហានតាមប្រដេញចាប់ឡានដឹកឈើ២គ្រឿង រហូតដល់ស្រុកកោះធំខេត្តកណ្តាល ហៀបនឹងចុះទូកទៅស្រុកយួនទៅហើយ គឺជាការយកគាប់យកគួរធ្វើឲ្យថ្នាក់លើជឿទុកចិត្តព្រោះលោក ជុន លឹមហានមានមហិច្ឆតាធំណាស់រហូតចង់ធ្វើជាមេនគរបាលសេដ្ឋកិច្ចក្តោបក្តាប់៤ទៅ៥ខេត្តឯណោះ ទើបគាត់ព្យាយាមយកមុខធ្វើឲ្យថ្នាក់លើជឿទុកចិត្ត។
គេមិនដែលឃើញលោក ជា សុមេធីជាអគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ កោះហៅលោក ជុន លឹមហាន ទៅដាក់ពិន័យដើម្បីកែទម្រង់ភាពអសកម្មម្តងណាឡើយ មិនដឹងជាលោក ជុន លឹមហាន បង់លុយថ្លៃទិញផ្លូវជាតិលេខ៤ក្នុងមួយខែប៉ុន្មាននោះទេ ទើបលោក ជុន លឹមហាន អាចធ្វើអ្វីៗបានតាមទំនើងចិត្ត។
ផ្អែកតាមសេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងការក្រើនរំលឹករបស់អគ្គស្នងការនគរបាលជាតិ គេយល់ថាលោក ជុន លឹមហាន មិនអាចឈរជើងធ្វើជាមេនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃប្រចាំផ្លូវជាតិលេខ៤បានយូរទៀតទេ ដោយសារពេលនេះ ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញទាំងតូចទាំងធំកំពុងក្តៅក្រហាយនិងគ្រោងនាំគ្នារៀបចំពាក្យបណ្តឹងដាក់ជូនអគ្គស្នងការនគរបាលជាតិ ព្រោះមិនអាចស៊ូទ្រាំចំពោះការកោសរូសបង្ខំឲ្យបង់លុយពីសំណាក់កូនចៅរបស់លោក ជុន លឹមហាន តាមតែបបូរមាត់បានទៀតទេ ៕