អ្នករកស៊ីដឹកជញ្ជូនទំនិញទាំងតូចទាំងធំឆ្លងកាត់ទឹកដីខេត្តកំពតបានរអ៊ូរទាំពី ភាពអនាធិបតេយ្យរបស់ក្រុមជញ្ជីងថ្លឹងរថយន្តចំនួន២កន្លែង កំពុងតែបង្កព្យុះភ្លៀងតាមតែអំពើចិត្ត បង្ខំឲ្យអ្នករកស៊ីដឹកជញ្ជូនទំនិញបង់លុយសម្រាប់ការផ្ទុកលើសទម្ងន់និងមិនលើសទម្ងន់ ដោយយកលេសថារថយន្តដឹកសំពីងសំពោងលើសទម្ងន់ ព្រោះពួកគេទទួលបទបញ្ជាពីថ្នាក់លើក្នុងការបង្ក្រាបការដឹកជញ្ជូនលើសទម្ងន់ ឬរថយន្តខុសលក្ខណៈបច្ចេកទេស ។
ប្រភពព័ត៌មានពីឈ្មួញរកស៊ីដឹកទំនិញបានឲ្យដឹងថា ៖ ភាពអនាធិបតេយ្យដែលកំពុងបង្កឡើងដោយក្រុមជញ្ជីងថ្លឹងរថយន្តទាំង២កន្លែងក្រោមការគ្រប់គ្រងរបស់លោក ពេជ្រ រដ្ឋា បានធ្វើឲ្យអ្នករកស៊ីដឹកទំនិញក្តៅក្រហាយយ៉ាងខ្លាំង ព្រោះទាំងការដឹក ជញ្ជូនលើសទម្ងន់ក៏ត្រូវគេកោសរូសឲ្យបង់លុយក្នុងកម្រិតខ្ពស់គ្មាន ការយោគយល់ទាំង ការដឹកមិនលើសទម្ងន់ក៏ត្រូវគេកោះហៅឲ្យចូលបង់លុយថ្លៃបាយតាមតែទំនើងចិត្តគ្មានការយោគយល់នោះទេ។
ប៉ុន្តែរឿងពិតទីតាំងជញ្ជីងថ្លឹងរថយន្តទាំង២កន្លែង ក្រោមបញ្ជារបស់លោក ពេជ្រ រដ្ឋា បានត្រឹមតែរាប់ក្បាលឡានដឹកជញ្ជូនលើសទម្ងន់យកលុយច្រកហោប៉ៅផ្ទាល់ខ្លួន យ៉ាងអនាធិបតេយ្យបំផុត មិនខ្វល់ខ្វាយអំពីការរិះគន់ដែលថាជញ្ជីងថ្លឹងរថយន្តទាំង២កន្លែងនោះបានក្លាយជាជញ្ជីងថ្លឹងលុយនិងថ្លឹងតៃកុងរថយន្តឲ្យចូលកត់ឈ្មោះនិង ចំនួនជើងដែលត្រូវបើកបរឆ្លងកាត់ទីតាំងជញ្ជីងថ្លឹងរថយន្តយកទៅទូទាត់បង់លុយប្រចាំខែទៅតាមចំនួនតិចឬច្រើនមិនខ្វល់ពីការបង្ក្រាបរថយន្តដឹកលើសទម្ងន់នោះទេ
។
ជាទូទៅក្រុមជញ្ជីងថ្លឹងរថយន្តរបស់លោក ពេជ្រ រដ្ឋា មិនដែលចាប់ឃាត់រថយន្តផ្ទុកលើសទម្ងន់ឲ្យចូលថ្លឹងនោះទេ គឺគេឃើញតែតៃកុងរថយន្តនៅពេលបើកបរឆ្លងកាត់ ទីតាំងជញ្ជីងថ្លឹងនោះត្រូវឈប់បន្តកន្ទុយគ្នា យកលុយទៅទូទាត់ភ្លាមៗ សម្រាប់អ្នករកស៊ីដឹកជញ្ជូនទំនិញយូរៗបើកឆ្លងកាត់ម្តង ប៉ុន្តែសម្រាប់អ្នករកស៊ីដឹកទំនិញជាប់ជាប្រចាំតៃកុងរថយន្តមានភារកិច្ចចុះទៅកត់ឈ្មោះ កត់ចំនួនជើង ដើម្បីទុក ទូទាត់ជាមួយថៅកែធំ ប្រចាំខែឬប្រចាំសប្តាហ៍ ពោលគឺលុយរាប់លានរៀលដែលប្រមូលបានពីការដាក់ប៉ុស្តិ៍ជជុះសម្រាប់ត្រួតពិនិត្យរថយន្តដឹកលើសទម្ងន់ មិនដឹងជា លោក ពេជ្រ រដ្ឋា យកទៅបែងចែកជូនដល់ថ្នាក់ណាខ្លះទេ។
ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញបានលើកឡើងថាទីតាំងជញ្ជីងថ្លឹងរថយន្តចំនួន២កន្លែងរបស់មន្ទីរសាធារណការខេត្តកំពតដែលមានលោក ពេជ្រ រដ្ឋា ជាអនុប្រធានមន្ទីរ គ្រប់គ្រងក្តោបក្តាប់ដោយផ្ទាល់ត្រូវបានបង្កើតឡើងជាច្រើនឆ្នាំមកហើយ នៅលើទីតាំងតែមួយកន្លែងសឹងដុះស្នឹមផ្ទុយពីគោលការណ៍របស់ថ្នាក់លើ ដែលតម្រូវឲ្យទីតាំងជញ្ជីងថ្លឹងរថយន្តត្រូវចល័តចុះឡើងតាមផ្លូវដែលងាយមានការដឹកជញ្ជូនលើសទម្ងន់ ក្នុងន័យទប់ស្កាត់ការបំផ្លិចបំផ្លាញផ្លូវស្ពាន។
ទីតាំងជញ្ជីងថ្លឹងរថយន្តរបស់មន្ទីរសាធារណការខេត្តកំពតបានបោះទីតាំងនៅចំណុចឃុំតានី ស្រុកអង្គរជ័យ និងមួយកន្លែងទៀតស្ថិតនៅឃុំកោះតូច ស្រុកទឹកឈូ ដោយក្រុមជញ្ជីងថ្លឹងរថយន្តទាំង២កន្លែងនេះ បង្កភាពអនាធិបតេយ្យតាមតែអំពើចិត្ត ព្រោះតែ លោក ពេជ្ររដ្ឋា ជាអ្នកមានបុព្វសិទ្ធិក្តោបក្តាប់ប្រមូលលុយពីទីតាំងជញ្ជីងថ្លឹង រថយន្តនេះ ផ្តល់ភ្លើងខៀវឲ្យមន្ត្រីរបស់ខ្លួនធ្វើអ្វីៗតាមតែអំពើចិត្តឲ្យតែបានលុយ យកទៅចែកគ្នាធ្វើមានធ្វើបានផ្ទាល់ខ្លួន ។
សូម្បីតែសុំចុះថ្លៃ៥ពាន់ ឬ១កាក់១សេន ក៏គេមិនយោគយល់ ដោយក្រុមប្រចាំការនៅតាមជញ្ជីងថ្លឹងរថយន្តនោះលើកឡើងថា ពួកគេត្រូវយកលុយបង់ជូនមេឲ្យបានគ្រប់ ចំនួននិងបានទាន់ពេលវេលា ទើបពួកគេព្យាយាមតាមគ្រប់មធ្យោបាយក្នុងការប្រមូលលុយពីឡានដឹកទំនិញគ្រប់ប្រភេទ។ ជាគោលការណ៍ជញ្ជីងថ្លឹងរថយន្តត្រូវចល័ត ចុះឡើងតាមដងផ្លូវដែលមានការដឹកជញ្ជូនលើសទម្ងន់ដើម្បីបង្ការទប់ស្កាត់កុំឲ្យក្រុមឈ្មួញប្រើប្រាស់រថយន្តខុសលក្ខណៈបច្ចេកទេសផ្ទុកលើសទម្ងន់បំផ្លាញផ្លូវស្ពាន ប៉ុន្តែលោក ពេជ្រ រដ្ឋាមិនដែលខ្វល់ខ្វាយនោះទេ ក្រៅពីការប្រមូលលុយពីក្រុមដឹកជញ្ជូនទំនិញតាមរបៀបពុករលួយ។
លោក ពេជ្រ រដ្ឋា ធ្លាប់បានអួតអាងប្រាប់មន្ត្រីតូចតាចថា ប្រាក់ដែលប្រមូលបានពីទីតាំងជញ្ជីងថ្លឹងរថយន្តនោះគាត់ត្រូវយកទៅបែងចែកថ្នាក់លើដូចជាលោក លឹម សំបូរ ដែលជាប្រធានមន្ទីរ និងលោក ខូយ ឃុនហួរ ជាអភិបាលខេត្ត និងមានការបង់ជូនរដ្ឋលេខាធិការទទួលបន្ទុកផងដែរ។ ដូច្នេះហើយបានជាក្រុមជញ្ជីងថ្លឹងរថយន្តទាំង ២ កន្លែងរបស់លោក ពេជ្រ រដ្ឋា អាចធ្វើអ្វីៗតាមតែទំនើងចិត្តមិនដែលខ្វល់ខ្វាយពីវិធានការកែទម្រង់ស៊ីជម្រៅ ឬមិនទាន់ព្រឺរោមជើងចំពោះការព្រមានរបស់អង្គភាព ប្រឆាំងអំពើពុករលួយនៅឡើយទេ។ ដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយគួរតែស៊ើប អង្កេតពិនិត្យមើលភាពមិនប្រក្រតីដែលកំពុងកើតឡើងនៅចំណុចទីតាំងជញ្ជីងថ្លឹង រថយន្តផ្ទុកលើសទម្ងន់ក្រោមបញ្ជារបស់លោក ពេជ្ររដ្ឋា ឡើងវិញផង ដើម្បីធានាថាក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញមិនត្រូវក្លាយជាចំណាប់ខ្មាំងនៃការកោសរូសបង្ខំឲ្យបង់ លុយដោយខុសច្បាប់ ។
លោក ឱម យ៉ិនទៀង ធ្លាប់បានព្រមានជារឿយៗថា ការប្រើប្រាស់តួនាទីក្នុង ស្ថាប័នរដ្ឋ ទៅកោសរូសបង្ខំឲ្យក្រុមឈ្មួញបង់លុយដោយគ្មានវិក្កយបត្រឬគ្មាន លិខិតស្នាមអាចចាត់ទុកជាអំពើពុករលួយដែលត្រូវបានហាមឃាត់ជាដាច់ខាត ហើយសកម្មភាពទារលុយដោយខុសច្បាប់ពីសំណាក់មន្ត្រីនិងសមត្ថកិច្ចតាមដងផ្លូវមានចែងនិងផ្តន្ទាទោសក្នុងច្បាប់ប្រឆាំងអំពើពុករលួយសព្វគ្រប់អស់ហើយ។ ប៉ុន្តែរហូតមកដល់ពេលនេះ អង្គភាពប្រឆាំងអំពើពុករលួយមិនទាន់បានចាត់វិធានការក្តៅណាមួយទៅលើមន្ត្រីនិងសមត្ថកិច្ចខិលខូចដែលកំពុងធ្វើសកម្មភាពទារលុយពីឈ្មួញរកស៊ីដឹកជញ្ជូនទំនិញទៅផ្តន្ទាទោសតាមច្បាប់ឬដាក់ពិន័យម្តងណាឡើយ ទើបមន្ត្រីនិងសមត្ថកិច្ចសឹងគ្រប់ស្ថាប័នមិនទាន់ឈឺក្បាលវិលមុខហើយនៅតែបំពានប្រព្រឹត្តអំពើពុករលួយមិនខ្លាចច្បាប់ ៕