ជញ្ជីងថ្លឹងរថយន្តពីរកន្លែងនៅខេត្តព្រះសីហនុ ចំណុះឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងតែសំងំ យកប្រាក់យ៉ាងងាយស្រួល ដោយពុំមានឱ្យរថយន្តឡើងលើជញ្ជីងនោះឡើយ គឺគ្រាន់តែរង់ចាំទទួលប្រាក់ពីតំណាង ម្ចាស់ទំនិញតែប៉ុណ្ណោះ ។
សេចក្តីរាយការណ៍ពីខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះបានឱ្យដឹងថា នៅខេត្តព្រះសីហនុ មានជញ្ជីងថ្លឹង រថយន្តពីរកន្លែង ។ ស្ថានីយ៍ទី ១ មានទីតាំងស្ថិតនៅភូមិសាមគ្គី ឃុំសាមគ្គី ស្រុកព្រៃនប់ និងទីពីរស្ថិតនៅភូមិ ត្រជាក់ចិត្ត ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលមជ្ឈដ្ឋានអ្នករកស៊ីដឹកទំនិញទាំងអស់ កំពុងតែសប្បាយ ចិត្តបំផុត ព្រោះការដឹកជញ្ជូនលើសច្បាប់កំណត់ អាចធ្វើបានដោយងាយស្រួលបំផុត គ្មានសមត្ថកិច្ចណាមួយ ធ្វើការបង្ក្រាបនោះឡើយ ។
សេចក្តីរាយការណ៍ដដែលបានឱ្យដឹងទៀតថា មន្ត្រីប្រចាំការនៅជញ្ជីងថ្លឹងរថយន្តមិនបានអនុវត្តន៍តាមច្បាប់ នោះទេ គឺបានត្រឹមតែរាប់ក្បាលរថយន្តយកប្រាក់តែប៉ុណ្ណោះ គឺពុំថ្លឹងរថយន្តដែលជាសកម្មភាពថែរក្សាការពារផ្លូវ ជាតិ ហើយមន្ត្រីនៃមន្ទីរ និងក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់នោះ ក៏បានដឹងដែរថា ផ្លូវជាតិទាំងអស់ នោះ គឺជាថវិកាដែលរាជរដ្ឋាភិបាលបានខ្ចីពីបរទេស ជាពិសេសជាប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារ ពិភពលោក ។
ប្រភពដដែលបានឱ្យដឹងទៀតថា មន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តព្រះសីហនុ ដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តទាំងពីរកន្លែងនោះ មិនខ្វល់ខ្វាយពីការខូចខាតផ្លូវជាតិនោះទេ គឺគិតតែពីផលប្រយោជន៍បុគ្គល និងបក្ខពួកមួយក្តាប់តូចពីក្រោមរហូតទៅដល់ថ្នាក់ក្រសួងតែប៉ុណ្ណោះ ។
ទាក់ទិនទៅនឹងការចោទប្រកាន់របស់មជ្ឈដ្ឋានអ្នករកស៊ីដឹកទំនិញនោះ លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា “បើចង់ដឹងឱ្យសួរទៅផ្នែកជញ្ជីង” ។ ក៏ប៉ុន្តែមន្ត្រីដែលប្រចាំការនៅជញ្ជីងថ្លឹងរថយន្តទាំងពីរកន្លែង បានគេចវេសពីការបំភ្លឺពីសកម្មភាពមិនថ្លឹងរថយន្តនេះ ។
ដោយឡែក លោក ឈិត សុខុម អភិបាលខេត្តព្រះសីហនុ បានថ្លែងថា លោកកំពុងជាប់រវល់ពុំអាចបំភ្លឺពីករណីជញ្ជីងថ្លឹងរថយន្តនេះបានឡើយកាលពីថ្ងៃម្សិលមិញ ៕