លោក កែត ស៊ីវិនី ប្រធានផ្សារដើមគរ បានកំពុងតែសំងំប្រមូលប្រាក់ពីការលក់ផ្លូវសាធារណៈ ប្រាក់អនាម័យ ប្រាក់ភាស៊ី និងប្រាក់សណ្តាប់ធ្នាប់ដាក់ចូលទៅក្នុងហោប៉ៅ បក្ខពួកមួយក្តាប់សែនមហាតូច ហើយមិនបានបើកប្រាក់ខែឱ្យបុគ្គលិកបម្រើការនៅទីស្នាក់ការផ្សារដើមគរ បានធ្វើឱ្យអ្នកទាំងអស់នោះ កើតក្តីក្តៅក្រហាយយ៉ាងខ្លាំង ។
បុគ្គលិកបម្រើការងារនៅស្នាក់ការផ្សារដើមគរបានឱ្យដឹងកាលពីពេលថ្មីៗនេះថា លោក កែត ស៊ីវិនី ប្រធានផ្សារដើមគរ បានកំពុងតែកើបប្រាក់រាប់សែនដុល្លារក្នុងមួយខែៗពីការលក់ផ្លូវនៅជុំវិញផ្សារ និងផ្លូវមុន្នីរ៉េត ចាប់ពីមុខស្ថានីយប្រេងកាល់តិច និងផ្លូវមុខមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដោយឱ្យក្រុមសន្តិសុខឈ្មោះ ភក្តី ជាអ្នកវាស់ក្នុង ១ម៉ែត្រការ៉េ តម្រូវឱ្យបង់ក្នុងមួយខែ ៥០ដុល្លារអាមេរិក ហើយតាមផ្លូវនៅជុំវិញផ្សារដើមគរនោះ មានប្រមាណជាង ២០០០កន្លែង ដោយមិនរាប់តូប ស្ថិតនៅក្នុងផ្សារនោះទេ ហើយនៅពេលយប់មានរាប់រយកន្លែង ទៀត ។ ដូច្នេះក្នុងមួយខែៗលោក កែត ស៊ីវិនី ប្រមូលប្រាក់បានរាប់សែនដុល្លារអាមេរិកឯណោះ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រៅពីប្រាក់បានមកពីការវាស់ផ្លូវថ្នល់សាធារណៈលក់ឱ្យអាជីវករនោះ លោកប្រធានផ្សាររូបនេះបានឱ្យក្រុមសន្តិសុខលោក ភក្តី ដើរប្រមូលប្រាក់សណ្តាប់ធ្នាប់ពីអាជីវករយ៉ាងតិចណាស់ ពីរដង និងនៅពេលយប់មួយដងទៀត ដែលទារចាប់ពី ៥០០ ទៅ ១០០០រៀល លើសពីការកំណត់សៀវភៅបន្ទុក របស់ក្រសួង ហិរញ្ញវត្ថុដែលតម្រូវឱ្យបង់ត្រឹមតែ ២០០រៀល ហើយក៏ពុំដែលចេញវិក្កយបត្រឱ្យទៅអាជីវករម្តងណា ឡើយ ។ ចំណែកឯ ថ្លៃអនាម័យក៏ទារពីអាជីវករចាប់ពី ៥០០ ទៅ ១០០០រៀលដែរ ។
អាជីវករត្រូវចំណាយចាប់ពី ១៥០០ ទៅ ៣០០០រៀលទៀត ក្នុង១ថ្ងៃ ជាហេតុធ្វើឱ្យអាជីវករលក់ដូរនៅ ផ្សារដើមគរកើតក្តីក្តៅក្រហាយគ្រប់ពេលតែមិនដឹងដោះស្រាយយ៉ាងណា ព្រោះអ្នកលក់ដូរទាំងអស់នោះមានមុខ របរជាអ្នកលក់ដូរទៅហើយនោះ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រៅពីការប្រមូលប្រាក់ថ្លៃអនាម័យ ថ្លៃភាស៊ី និងប្រាក់សណ្តាប់ ធ្នាប់លើសកំណត់ពីសៀវភៅបន្ទុកលោក កែត ស៊ីវិនី បានយកផ្លូវនៅផ្លូវចូលទៅទីស្នាក់ការផ្សារនោះឱ្យអ្នកម៉ៅការ ផ្ញើកង់ និងម៉ូតូ ជាពិសេសបេនរថយន្តឈ្នួលនៅពីមុខផ្សារនោះបានបង្កឱ្យមានភាពរញ៉េរញ៉ៃស្ទះចរាចរណ៍ជារៀង រាល់ថ្ងៃ ព្រមទាំងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ថែមទៀតផង ។ ដោយឡែកលោក កែត ស៊ីវិនី បានចំណូលមកពីការដោះដូរតូបលក់ដូរនៅក្នុងផ្សារ ព្រមទាំងការបង្កើតតូបលក់ដូរថ្មីខុសទៅនឹងបទដ្ឋានបច្ចេកទេស ផ្សារ និងខុសពីច្បាប់បានកំណត់ហើយប្រាក់បានមកពីការដោះដូរ និងបង្កើតតូបថ្មីនេះ លោកប្រធានផ្សារដែលលើក បន្តុបដោយអតីតអភិបាលរាជធានីភ្នំពេញ កែប ជុតិមា ត្រូវបានដកចេញពីតំណែងនេះទទួលបានប្រាក់ប្រមាណ ២ម៉ឺនដុល្លារអាមេរិក បន្ថែមទៀតក្នុងមួយខែ ។ មានចំណូលគ្រប់ផ្នែកបែបនេះ ហើយក៏លោក កែត ស៊ីវិនី នៅតែស្រែកថា ខាត់ចាប់ពីពេលដែលលោកមកកាន់តំណែងជាប្រធានផ្សារមកនោះមានតែខាតពុំដែលមានថ្ងៃណា ឬខែណា ទទួលបានប្រាក់ចំណេញនោះទេ ។ ក៏ប៉ុន្តែបែរជារូបលោក កែត ស៊ីវិនី ពុំព្រមលាលែង ឬក៏ចុះចេញពីតំណែងជា ប្រធានផ្សារដើមគរ បែរជានៅតែក្រាញននៀល ហើយស្រែកថា ខាតដើម្បីជាការបិទបាំងអំពើពុករលួយដែលទទួល បានពីតំណែងជាប្រធានផ្សារដើមគរនេះ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ប្រសិនបើលោក កែត ស៊ីវិនី ពុំទទួលបានផលប្រយោជន៍ស្តុកស្តម្ភពី ផ្សារដើមគរទេនោះ លោកក៏មិនក្រាញននៀល អង្គុយកៅអីប្រធានផ្សារដើមគរនោះទេ ហើយបើគិតពីចំណូលពីការ វាស់ផ្លូវសាធារណៈលក់ឱ្យអាជីវករនោះក៏ទទួលបានប្រាក់រាប់សែនដុល្លារអាមេរិក និងប្រាក់បានមកពីការដោះដូរតូប និងបង្កើតតូបថ្មី និងប្រាក់ប្រមូលប្រចាំថ្ងៃពីថ្លៃអនាម័យ ថ្លៃភាស៊ី និងប្រាក់សណ្តាប់ធ្នាប់នោះ ក្នុង១ខែៗលោក កែត ស៊ីវិនី ទទួលប្រាក់បានរាប់លានដុល្លារឯណោះ មិនមែនរាប់សែនដុល្លារនោះទេ ។ ប្រាក់ទាំងអស់នោះទំនងជាហូរចូល ហោប៉ៅលោក កែត ស៊ីវិនី និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រោះប្រាក់ទាំងអស់នេះមិនមានបញ្ជី ស្នាមឬវិក្កយបត្របញ្ជាក់ពីប្រភពចំណូល និងចំណាយរបស់ផ្សារមួយនេះឡើយ ៕