ប្រធានតុលាការ សាលាដំបូង រាជធានីភ្នំពេញ លោកជីវ កេង ត្រូវបានផ្លាស់ប្តូរចេញ ពីតំណែងជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី ២១ មេសានេះ។ ចំណែកឯលោក អាំង មាលតី ត្រូវចូលមកកាន់កាប់តំណែង ប្រធានតុលាការសាលាដំបូងជំនួសវិញ។ ការផ្លាស់ប្តូរប្រធានតុលាការនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា ជាផ្នែកមួយនៃកំណែទម្រង់របស់រដ្ឋាភិបាលអាណត្តិទី៥នេះ។ ប៉ុន្តែ អ្នកច្បាប់បានអះអាងថា ដើម្បីឱ្យតុលាការ មានឯករាជ្យភាព និងចៀសផុតពីការទិតៀននោះ គឺត្រូវ ដំឡើងប្រាក់បៀវត្ស និងពង្រឹងក្រមសីលធម៌របស់មន្ត្រីយុត្តិធម៌ជាដើម។
បន្ទាប់ពីកាន់ដំណែងជាប្រធានតុលាការសាលាដំបូងរាជធានីភ្នំ ពេញអស់រយៈពេលពីរអាណត្តិមក នៅទីបំផុត លោកជីវ កេងត្រូវបានផ្លាស់ប្តូរដោយដំឡើងឋានៈជាអនុប្រធានតុលាការកំពូល ហើយ។ចំណែកលោក អាំង មាលតី ដែលជាអតីតប្រធានតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ បានមកកាន់តំណែងជំនួសលោកជីវ កេងវិញជាផ្លូវការចាប់ពីថ្ងៃចន្ទទី២១ មេសានេះតទៅ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងរបងតុលាការក្រុងភ្នំពេញក្រោយ ពិធីតែងតាំង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គវង្ស វឌ្ឍនាដែលបានចូលរួមជាអធិបតីភាពផ្ទេរតំណែង បានអះអាងពីការផ្ទេរតំណែងថា៖ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ស្តីពីបញ្ហាអំពើអយុត្តិធម៌ដែលគេតែងតែចោទប្រកាន់នោះ លោករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលក្នុងអាណត្តិទី៥របស់លោក គឺកំពុងតែកែតម្រូវឱ្យអស់ពីសមត្ថភាព។
លោកអង្គវង្ស វឌ្ឍនា៖រំលឹកថា ការផ្លាស់ប្តូរតំណែងប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញ ក៏ដូចជាការផ្លាស់ចៅក្រម និងព្រះរាជាអាជ្ញា រួមទាំអគ្គព្រះរាជអាជ្ញាជាដើមនេះ គឺធ្វើឡើងតាមព្រះរាជក្រឹត្យ របស់ព្រះមហាក្សត្រ ដែលបានឡាយព្រះហស្ថ លេខាលើព្រះរាជក្រឹត្យកាលពីដើមខែមេសា ផ្លាស់ប្តូរតួនាទី និងតែងតាំងសរុប ចំនួន ៧៨ នាក់។
ការផ្លាស់ប្តូរនេះផងដែរ គឺធ្វើឡើងស្របពេលដែលគណៈរដ្ឋមន្ត្រីនៃរដ្ឋាភិបាលអាណត្តិទី៥ របស់លោកនាយក រដ្ឋមន្ត្រីហ៊ុន សែន ទើបនឹងបានអនុម័តសេចក្តីព្រាងច្បាប់បីសំខាន់ៗទាក់ទងនឹងកំណែ ទម្រង់តុលាការដែលជាមូលដ្ឋាន ដ៏សំខាន់ ដើម្បីឈានទៅសម្រេចឱ្យបាននូវការពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ។
លោកមេធាវី សុក សំអឿន នាយកប្រតិបត្តិអង្គការក្រុមអ្នកច្បាប់ ការពារសិទ្ធិកម្ពុជា បានថ្លែងថា ការផ្លាស់ប្តូរតួនាទីប្រធានតុលាការក៏ជាចំណែកមួយនៃការកាត់ បន្ថយអំពើពុករលួយផងដែរ។
បើតាមលោកសុក សំ អឿនដដែល ដើម្បីឱ្យតុលាកាកម្ពុជា ក្លាយជាតុលាការឯករាជ្យបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដោយពិតប្រាកដនោះ គឺត្រូវតែពង្រឹងក្រមសីលធម៌និងវិជ្ជាជីវៈដែលនៅទន់ខ្សោយ តំឡើងប្រាក់បៀវត្ស ដែលនៅមានកម្រិតទាប និងក្រិតក្រំមិនឱ្យមន្ត្រីតុលាកាជាន់ខ្ពស់ចូលពាក់ព័ន្ធនយោបាយ រួមទាំងការដាក់ទោសទណ្ឌ ដល់មន្ត្រីតុលាការដែលបានប្រព្រឹត្តបទ ល្មើសជាដើម៕