ជនបង្កហេតុត្រូវបានវិលត្រឡប់មកដល់ផ្ទះដោយសុវត្ថិភាពនៅវេលាម៉ោង ១២ អាធ្រាត្រ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៤ ក្រោយពីត្រូវនាំខ្លួន ទៅខ្នងការនគរបាលខេត្តតាកែវ ពីបទបើកបររថយន្តបុកម៉ូតូ មួយគ្រឿង បណ្តាលឱ្យមនុស្ស ពីរនាក់ ស្លាប់ និងម្នាក់របួស ធ្ងន់នាថ្ងៃ ដដែលនោះ ។
ប្រភពប្រជាពលរដ្ឋបានឱ្យដឹងថា ម្ចាស់រថយន្តនីសាន់ ឈ្មោះ អ៊ុយ ម៉េងហង នោះត្រូវបានប្រជាពលរដ្ឋ រស់នៅជិតខាងបានឃើញត្រឡប់មកផ្ទះវិញ នៅវេលាម៉ោង ១២អាធ្រាត្រ ក្រោយពីនាំខ្លួនទៅស្នងការដ្ឋាននគរ បាលខេត្តតាកែវ ដោយធ្វើការចោទប្រកាន់ពីបទបើកបររថយន្តបុកម៉ូតូបណ្តាលឱ្យមនុស្សពីរនាក់ បានស្លាប់ និងម្នាក់រងរបួសធ្ងន់តែអ្នកបង្ករ ហេតុត្រូវបានរួចខ្លួនពីសំណាញ់ច្បាប់ ហើយអ្នករងគ្រោះពុំត្រូវបានអ្នកប្រកាន់ច្បាប់ស្វះស្វែងផ្តល់នូវយុត្តិធម៌ និងសំណងរដ្ឋប្បវេណីនោះឡើយ ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ទំនងជាលោក អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ ធ្វើការដោះ លែងជនល្មើសឈ្មោះ អ៊ុយ ម៉េងហង អ្នកបើកបររថយន្តនីសាន់ ពណ៌ស មុននៅវេលាម៉ោង ១២អាធ្រាត្រ ។ ប្រសិនបើលោកស្នងការ អ៊ុក សំណាងពុំដាក់បទបញ្ជា ឱ្យប៉ូលិសនៅក្រោមឱវាទធ្វើការដោះលែងជនល្មើសទេនោះ ឈ្មោះ អ៊ុយ ម៉េងហង នេះក៏ពុំអាចវិលត្រឡប់ទៅផ្ទះវិញ បានដោយស្រួលៗបែបនេះឡើយ ។
នៅក្នុងករណីធ្វើការដោះលែងជនបង្កហេតុឈ្មោះ អ៊ុយ ម៉េងហង នេះទំនងជាមានការតថ្លៃគ្នារវាងជន ល្មើស នឹងលោកស្នងការនគរបាល អ៊ុក សំណាង ជាមួយនឹងប្រាក់សំណូករាប់ម៉ឺនដុល្លារអាមេរិក ទើបលោកស្នងការ បញ្ហាឱ្យដោះលែងជនល្មើសបែបនេះ ដោយសារតែប្រាក់លោកស្នងការបានយកច្បាប់ទៅទុកមួយកន្លែងពុំអនុវត្ត នោះទេ ។
សេចក្តីរាយការណ៍ពីជនរងគ្រោះឈ្មោះ ពៅ លី ភេទស្រី អាយុ ២៧ឆ្នាំ បានឱ្យដឹងថា លោកស្រី បានបើក បរម៉ូតូ ដឹកកូនពីរនាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ២ នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៤ ។ នៅពេលមក ដល់ចំណុចកើតហេតុនៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ នៅពេលនោះ មានរថយន្តនីសាន់ ពណ៌ស ពាក់ស្លាកលេខតាកែវ ៣A-១៨៥៥ បើកបរដោយឈ្មោះ អ៊ុយ ម៉េងហេង ភេទប្រុស រស់នៅភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ ដោយធ្វើដំណើរច្រាស់ទិស គ្នា ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា លោកស្រី បើកបរម៉ូតូវីវ៉ា ពណ៌ខ្មៅពាក់ស្លាកលេខ ភ.ព ១ឌ-៩៨៣១ ជិះចំនួនបីនាក់ ពេលនោះរថយន្តនីសាន់ដែលបើកបរ ច្រាស់ទិសគ្នាបានរេចង្កូតមកបុកម៉ូតូលោកស្រី បណ្តាលឱ្យកូន របស់លោកស្រី ២រូប បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង ។ កូនប្រុសលោកស្រី ឈ្មោះ ជឹម វ៉ាន់ សាក់ អាយុ ៣ឆ្នាំ បានស្លាប់ និងកូនស្រីឈ្មោះ ម៉ម សំណាង ភេទស្រី អាយុ ១២ ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុផងដែរ ៕