មនុស្សចំណាស់ជាងគេបំផុតនៅក្នុងពិភពលោក គឺស្ដ្រីជនជាតិជប៉ុនម្នាក់ដែលមានឈ្មោះថា មីសាអុ អូកាវ៉ា ( Misao Okawa ) បានស្លាប់ដោយគាំងបេះដូងនៅអាយុ១១៧ឆ្នាំ កាលពីព្រឹកថ្ងៃពុធទី០១ ខែមេសា ឆ្នាំ២០១៥។
Misao Okawa ស្លាប់នៅផ្ទះថែរក្សាមនុស្សចាស់នៅក្រុងអូសាកា ទីក្រុងដែលលោកយាយបានកើតនៅខែមីនា ឆ្នាំ១៨៩៨។
Misao Okawa នៅមានកូនបីនាក់នៅមានជីវិត ចៅ៤នាក់និងចៅទួត៦នាក់។លោកយាយ កើតក្នុងគ្រួសារផលិតសម្លៀកបំពាក់គីម៉ូណូ។
Misao Okawa ត្រូវបានគណៈកម្មាធិការកំណត់ត្រាឯតទគ្គកម្មពិភពលោកGuinness World Records ទទួល ស្គាល់នៅឆ្នាំ២០១៣ ជាមនុស្សចាស់បំផុតនៅក្នុងលោក ព្រមទាំងជាស្ត្រី ដែលមានជីវិតចាស់ជាងគេ។
Misao Okawa បានរៀបការជាមួយលោក យូគីអុ នៅឆ្នាំ១៩១៩។ពួកគេរស់នៅក្រុងកូបេ កន្លែងដែលលោកបើករបររកស៊ីមួយ។នៅពេលលោកស្លាប់នៅឆ្នាំ១៩៣១ លោកយាយបានវិលមករស់នៅក្រុងអូសាកាវិញ។
លោកយាយបានរស់នៅឆ្លងកាត់៣សតវត្សរ៍ ដោយបានឃើញព្រះចៅអធិរាជជប៉ុន៤អង្គ ព្រះមហា ក្សត្រអង់គ្លេស៦និងប្រធានាធិបតីអាមេរិក២០រូប។
ក្រេក ក្លេនដេ និពន្ធនាយករបស់ Guinness World Records បាននិយាយថា “ការរស់បានយូររបស់លោក យាយ Misao Okawa …ជាការញ៉ាំងទឹកចិត្តមួយនិងជាមរតកនៃស្ទីលរស់នៅរបស់ជប៉ុន”។
ឈ្មោះរបស់អូកាវ៉ា ចាប់តាំងពីពេលនោះមកត្រូវបានចារចូលក្នុងវេបសាយរបស់អង្គការនេះថាជាមនុស្ស វ័យចំណាស់ជាងគេបំផុតក្នុងលោក ដែលនៅមានជីវិត។