ខេត្តព្រះសីហនុ : ផ្អើលពេញក្រុងព្រះសីហនុ ដោយប្រជាពលរដ្ឋក្មេងចាស់ ប្រុស ស្រី នាំគ្នាទៅចោមរោមមើលយុវជនពីរនាក់ស្លាប់យ៉ាងអណោចអធម ត្រង់ចំណុចមុខឆ្នេរឯករាជ្យ អតីតឆ្នេរ៧ជាន់ ស្ថិតក្នុងភូមិ ០១ សង្កាត់ ០៣ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៥ វេលាម៉ោង ជិត ៦ ព្រឹក គេសង្ស័យថា វាជាអំពើឃាតកម្ម ហើយនេះជាក្តីបារម្មណ៏ដ៏ធំបំផុត ចំពោះភ្ញៀវទេសចរណ៏ និង ប្រជាពលរដ្ឋទូទៅ នៅខេត្តព្រះសីហនុ ទាំងមូល ។
ទាក់ទិនជុំវិញបញ្ហាឃាតកម្ម ខាងលើនេះ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ និយាយតៗគ្នា នៅប្រមាណម៉ោង ១២យប់ ឈានចូល ថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៥នេះ គេបានឃើញយុវជនពីរនាក់ស្លាប់ខាងលើនេះ បានជិះម៉ូតូប្រដេញគ្នា ចេញពីខារ៉ាអូខេ ក្រោយមន្ទីរពេទ្យបង្អែកចំការចេក ក្រុងព្រះសីហនុ ដោយពុំដឹងពីមូលហេតុអ្វីនោះទេ ។ ដោយ សាកសពជនរងគ្រោះខាងលើនេះ ប្រជាពលរដ្ឋ ដែលដើរលំហាត់ប្រាណពេលព្រឹក ប្រទះឃើញកាលពីវេលាម៉ោងជិត ៦ទៀបភ្លឺ ដែលដេកស្លាប់ក្បែរគ្នាជាមួយ នឹងម៉ូតូស្គុបពី ពណ៌ ស គ្មានស្លាកលេខ យ៉ាងអណោចអធ័មបំផុត ដែលគេសង្ស័យថាជាអំពើឃាតកម្ម ។
ប្រភពពីសាច់ញាតិជនរងគ្រោះទាំងពីរនាក់ បានរៀបរាប់ថា យុវជនដែលបានបាត់បង់អាយុជីវិតពេលនេះមានឈ្មោះ កែវ ដាលីន ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរ រត់តុការ ជាកូនកំព្រា រស់នៅជាមួយសាច់ញាតិ មានទីលំនៅខាងក្រោយសុខសាន ស្ថិតក្នុងភូមិ ០២ សង្កាត់ ០៤ ក្រុងព្រះសីហនុ និង ម្នាក់ទៀតជាម្ចាស់ម៉ូតូមានឈ្មោះ ឃុន រស្មី ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ ជាងមាស ស្នាក់នៅភូមិ ០៤ សង្កាត់ ០៤ ក្រុងព្រះសីហនុ ។
ពាក់ព័ន្ឋនឹងការស្លាប់នេះ សមត្ថកិច្ចបង្ហើបអោយដឹងថា ដោយសារយុវជនទាំងពីរនាក់នេះ មានទំនាស់គ្នា បានដេញវាយគ្នា ហើយបើកម៉ូតូល្បឿនលឿនជ្រុល ក៏រ៉េចង្កូតឡើងលើឃឿនចិញ្ចើមផ្លូវ ដួលផ្លោងបុកនឹងដើមឈើ បណ្តាលអោយស្លាប់តែម្តង ។ ប៉ុន្តែសមត្ថកិច្ច ក៏បានប្រាប់ថា នៅលើខ្លួនជនរងគ្រោះមានស្នាមកាំបិត តែពុំមុតនោះទេ ។
ពាក់ព័ន្ឋនឹងការស្លាប់ខាងលើនេះ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ សូមធ្វើការអំពាវនាវដល់ស្នងការនគរបាលក្រុងព្រះសីហនុ សូមធ្វើការអំពាវនាវ ដល់ស្នងការនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ជាពិសេសឯកឧត្តម ឈិត សុខុន អភិបាលខេត្ត សូមចាត់វិធានការស្រាវជ្រាវរកមុខសញ្ញា ខាងលើនេះ មកផ្តន្ទាទោសតាមផ្លូវច្បាប់អោយខានតែបាន និង សូមអំពាវអោយអាជ្ញាធរខេត្ត ចាត់វិធានការពង្រឹងសន្តិសុខ ក្នុងក្រុង អោយបានល្អប្រសើរឡើងវិញ ព្រោះមួយរយៈចុងក្រោយនេះ ការបាញ់បោះសេរីមានច្រើនជាករណី ហើយបង្ករអោយមានមនុស្សរងរបួសជាទម្ងន់ និង ចោរលួច ឆក់ ក៏មានការកើនឡើងផងដែរ ដែលជាក្តីបារម្ភរបស់ប្រជាពលរដ្ឋក្នុងក្រុង។ ហើយថ្មីៗនេះសភាពាណិជ្ជកម្មខេត្តព្រះសីហនុ សហការណ៏ជាមួយ សភាពាណិជ្ជកម្មខេត្តត្រាត ប្រទេសថៃ ដាក់លក់ផលិតផល ឃុំមួយផលិតផលមួយ នោះគេសង្កេតឃើញមាន ដាវសាម៉ូរ៉ៃ ដែលនាំមកពីប្រទេសថៃ មកលក់នៅ កន្លែងតាំងពិពណ៌ពាណិជ្ជកម្ម ខេត្តព្រះសីហនុ ជាទំនិញនាំមុខគេ ហើយលក់ដាច់ជាងគេផងដែរ បើតាមការប៉ាន់ស្មាន រយៈពេល១ថ្ងៃ លក់ដាច់រាប់រយដើម ហើយអតិថិជនចូលទិញសុទ្ឋសឹងតែក្មេងស្ទាវ អាយុក្រោម ២៥ឆ្នាំ ៕