ខេត្តព្រះសីហនុ : អាជ្ញាធរខេត្តព្រះសីហនុ ក្រោយពីទទួលបានលិខិតសុំអន្តរាគមន៍ពីអង្គភាព ប្រឆាំងអំពើពុករលួយពាក់ព័ន្ធនិងទំនាស់ដីធ្លីរវាងលោកយាយ លោកតា ជាមួយលោក អៀង សុធារ៉ា ប្រធានក្រុមហ៊ុន អៀង គ្រុប រួចក៏បានធ្វើលិខិតមកអាជ្ញាធរស្រុក ស្ទឹងហាវ ដើម្បីកោះអញ្ជើញភាគី ទំនាស់ទាំងសងខាងចូលរួមធ្វើការសំរបសំរួលដំណោះស្រាយ ។
ពាក់ព័ន្ឋនឹងជំលោះដីធ្លីខាងលើនេះ កញ្ញា ឈុន ណារី អភិបាលរងស្រុកស្ទឹងហាវ បានមានប្រសាសន៏ថា ដោយដីនេះវាមានប័ណ្ណកម្មសិទ្ឋិ ហើយដីនេះវាមានការពាក់ព័ន្ឋ នឹងលោកយាយ លាង យី និង លោកតា នាង ឃិន ជាមួយលោក អៀង សុធារ៉ា ដែលជាប្រធានក្រុមហ៊ុន អៀងគ្រុប ក្នុងនាមអាជ្ញាធរស្រុក នាងខ្ញុំពុំមានសិទ្ឋិសំរេច អោយអ្នកណាឈ្នះ ចាញ់នោះទេ គ្រាន់តែនាងខ្ញុំអញ្ជើញភាគីទាំងសងខាង មកសំរបសំរួលគ្នា រកផ្លូវកណ្តាលមួយពុំមានអ្នកណាឈ្នះ ហើយក៏ពុំមានអ្នកណាចាញ់នោះដែរ តែបើពុំមានការស្រុះស្រួលគ្នា ដោះស្រាយគ្នាបានទេនោះ នាងខ្ញុំក្នុងនាមជាអជ្ញាធរស្រុក នឹងធ្វើរបាយការណ៏ឡើងទៅថ្នាក់ខេត្ត បន្តទៀត ។
លោក លួន ប៊ុនថុន តំណាងអោយលោក អៀង សុធារ៉ា ដែលជាប្រធានក្រុមហ៊ុន អៀងគ្រុប បាននិយាយថា លោកបានមើលការខុសត្រូវ ដីទីនោះយូរណាស់មកហើយ ថែមទាំងមានប័ណ្ណកម្មសិទ្ឋិចំនួន ១០ប័ណ្ណ ស្មើនឹង ៣៨ហិចតា ស្របច្បាប់ទៀតផង ។ លោកបាននិយាយទៀតថា ពុំដែលបានឃើញតា យាយ ទាំងពីរនាក់ប្តីប្រពន្ឋនេះ នៅលើដីខាងលើនេះនោះទេ លុះក្រោយមកស្រាប់តែលេចឈ្មោះ យាយ តា ទាំងពីរនាក់មានដីនៅទីនោះ ។ ឥឡូវនេះ ដោយសារសាលាស្រុក ស្ទឹងហាវ បានកោះអញ្ជើញលោក អៀង សុធារ៉ា មកដោះស្រាយវិវាទដីធ្លីនេះ ទើបរូបលោកជាតំណាងចូលខ្លួនមកដោះស្រាយ ជំនួសដោយសង្ឃឹមថា លោកយាយ លោកតា ទទួលយកគោលនយោបាយ ពីរូបគាត់ ដែលជាតំណាងក្រុមហ៊ុន ។
ដោយឡែកលោកយាយ លាង យី និង លោកតា នាង ឃិន បានបដិសេធច្រានចោលសំដីតំណាងអោយលោក អៀង សុធារ៉ា មិនព្រមទទួលយកគោលនយោបាយនោះឡើយ គឺរូបលោកយាយ លោកតា សុំយកតែដីរបស់គាត់មកវិញប៉ុណ្ណោះ ហើយលោកយាយ លោកតា បានចោទប្រកាន់ទៅលើលោក លួន ប៊ុនថុន ឃុបឃិតគ្នាជាមួយ អភិបាលរងស្រុកមុន ដោយយកកំលាំងទ័ពប្រដាប់ដោយអាវុធគ្រប់ដៃ ទៅគំរាមកំហែងពួកគាត់ទាំងពីរនាក់ប្តីប្រពន្ឋ ហើយបានរុះរើផ្ទះសំបែងកាប់ឈូសឆាយបំភ្លេចបំផ្លាញផលដំណាំរបស់គាត់អស់ទាំងស្រុង មានដូចជា ដូង ជាង៣០០ដើម ខ្នុរ ស្វាយ ចេក រាប់ពាន់ដើម ធ្វើអោយជីវភាពរបស់ពួកគាត់ ដុនដាបរហូតមកដល់ថ្ងៃនេះ គ្មានផ្ទះ គ្មានដី ប្រកបមុខរបរចិញ្ចឹមជីវិត រស់យ៉ាងលំបាកវេទនា ដល់សព្វថ្ងៃនេះ ។ លោកយាយ លាង យី បន្តទៀតថា បើនិយាយអំពីដោះស្រាយគោលនយោបាយ មិនត្រូវគ្នាទេ តែបើនិយាយអំពី ការដោះស្រាយតាមបែបទីផ្សារសេរី ទើបត្រូវគ្នា ហើយសូមអោយលោក អៀង សុធារ៉ា ចុះមកដោះស្រាយផ្ទាល់ កុំប្រើតំណាងមកចចារ ទើបលោកយាយ លោកតា យល់ព្រម ។ លោកយាយ លោកតា បានបន្តទៀតថា សាក្សីរស់របស់គាត់មិនក្រោម ៥០គ្រួសារទេ ដែលគ្រួសារនីមួយៗ យ៉ាងតិចណាស់មានគ្នាពី ៣ទៅ៥នាក់ រង់ចាំធ្វើសាក្សីជូនគាត់ ក្នុងរឿងក្តីក្តាំលើដីទំហំជាង ៥ហិចតានេះ ។
ជាលទ្ឋផលការជួបប្រជុំដើម្បីដោះស្រាយ វិវាទដីធ្លីខាងលើនេះ មិនទទួលបានលទ្ឋផលនោះទេ ដោយភាគីសងខាង មិនទទួលយក ហើយកញ្ញា ឈុន ណារី អភិបាលរងស្រុកស្ទឹងហាវ ក៏បានបញ្ជាក់ផងដែរថា កញ្ញា នឹងធ្វើរបាយការណ៏បញ្ជូនទៅសាលាខេត្តព្រះសីហនុ ដើម្បីដោះស្រាយបន្ត ។
គួរបញ្ជាក់ផងដែរថា លោក ទឹម យ៉ុន អតីតមេបញ្ជាការសឹករង ស្រុកស្ទឹងហាវ បច្ចុប្បន្នមេបញ្ជាការសឹករង ខេត្តព្រះសីហនុ បានធ្វើការបញ្ជាក់ថា ដីតំបន់ទំនាស់ខាងលើនេះ រូបគាត់បានប្រគល់អោយទៅលោកយាយ លាង យី និង លោកតា នាង ឃិន រស់នៅកាន់កាប់អាស្រ័យផលតាំងពីឆ្នាំ ១៩៨៦ សម័យខ្មែរក្រហម លុកលុយតំបន់នេះមកម្លេះ ដោយកាលនោះតំបន់នេះ គ្មានប្រជាពលរដ្ឋណាមករស់នៅទីនេះ ក្រៅពីលោកយាយ លោកតាឡើយ ។ ដោយឡែកលោក អៀង សុធារ៉ា ទើបតែលេចមុខមានដីតំបន់នេះ នៅឆ្នាំ ១៩៩៥នេះទេ ។