កោះកុងៈ បាងកាយ៉ាក ជាតំបន់ទេសចរណ៍ធម្មជាតិឆ្នេរសមុទ្រនៃព្រៃកោងកាង ដែលស្ថិតនៅក្នុងឃុំ ពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងមានផ្ទះសំណាក់លម្ហែកាយតាមរបៀបម៉ូតែល ដោយផ្ទះនីមួយៗនៅដាច់ពីគ្នា ខ្លះមានបន្ទប់មួយ ខ្លះមានពីរបន្ទប់ សង់ឡើងនៅលើផ្ទៃទឹក តាមចន្លោះដើមកោងកាង និងមានបំពាក់ដោយម៉ាស៊ីនត្រជាក់ ទូទឹកកកទៀតផង។ ប៉ុន្តែអ្វីដែលទាក់ទាញជាងនេះ នៅពេលរាត្រីចូលមកដល់ ពិសេសនៅរដូវប្រាំង ភ្ញៀវទេសចរទាំងឡាយដែលភាគច្រើនជាជនបរទេស ក្រៅពីទស្សនានៅពេលថ្ងៃរួចហើយនោះ នៅពេលរាត្រី គេបាននាំគ្នាជិះទូកកាត់ព្រៃកោងកាងមើលពន្លឺអំពិលអំពែកហាក់បី ដូចហ្វូងតារារយពាន់នៅលើមេឃ ដែលទិដ្ឋភាពបែបនេះកម្របានឃើញវាណាស់ ពោលគឺមាននៅតែបាងកាយ៉ាកមួយគត់ ។រមណីយដ្ឋានព្រៃកោងកាងនៅ ជាប់គ្នានឹងផ្ទះសំណាក់លម្ហែបាងកាយ៉ាក នៅទីនោះគេបានធ្វើស្ពានថ្ម បេតុងតូចមួយប្រវែង១ ០០០ ម៉ែត្រ នាំយើងដើរទស្សនាតំបន់ទេសចរណ៍ធម្មជាតិបឹងកាយ៉ាក។ តាមដងស្ពានយើងបានឮសំឡេងបក្សាបក្សីស្រែកខ្ញៀវខ្ញារ លាយឡំនឹងសំឡេងសត្វស្វាលោតចុះលោតឡើង និងទស្សនាកូនក្តាម ខ្យង វាររវើកក្រោមឫសកោងកាង និងកូនត្រីសមុទ្រហែលប្រដេញគ្នាលេង។ មានកន្លែងសម្រាកកម្សាន្តរាប់សិបត្រូវបានសាងសង់ប្របតាមស្ពានថ្ម ថ្មើរជើងទំហំមួយម៉ែត្រដែលអាចឲ្យភ្ញៀវទេសចរសម្រាកស្រូបយក ខ្យល់អាកាសបរិសុទ្ធ និង មើលសត្វព្រៃនានា។ នៅឯចុងស្ពានមានស្ពានយោលមួយដែលចម្លងភ្ញៀវទៅដល់ប៉មមួយទៀត មានកម្ពស់ដប់ប្រាំម៉ែត្រ សម្រាប់ទស្សនាសម្រស់ធម្មជាតិព្រៃកោងកាង និងស្ពានក្នុងព្រៃកោងកាង ព្រមទាំងដងអូរនានា ។លោកសៀក សាប៊ុន ប្រធានសហគមន៏ បានមានប្រសាស្ត្រថា លោកសប្បាយចិត្តណាស់ ដែលមានភ្ញៀវមកទស្សនារមណីយដ្ធានធម្មជាតិយើងខ្ញុំ លោកបានបន្តទៀតថា ក្នុងមួយថ្ងៃមានភ្ញៀវមកកំសាន្តមិនក្រោម៣០នាក់ទៅ៥០នាក់ក្នុងមួយថ្ងៃទាំងភ្ញៀវជាតិនិងអន្តជាតិ។
ដោយលោក អ៊ួង វ៉ឹង