ក្រុងព្រះសីហនុ ៖ រថយន្តឡង់គ្រីស័របើកវ៉ារថយន្តក្រុងក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុករថយន្តកន្ត្រៃបង្កអោយរងរបួសធ្ងន់ ចំនួន ២នាក់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទី ល្ងាច ត្រង់ចំណុចក្បែរស្ពានទឹកសាបតាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តឡង់គ្រីស័រមួយគ្រឿងបើកទិសដៅ ពីលិចទៅកើត វ៉ាជែងជាមួយរថយន្តក្រុង ដែលស្របទឹសគ្នា ហើយបានជ្រុលចង្កូតទៅបុករថយន្តកន្ត្រៃដែលបើកច្រាសទិសគ្នាពេញទំហឹងបង្កអោយមនុស្សរងរបួសធ្ងន់ចំនួន ២ នាក់ នៅនឹងកន្លែង ។ ប្រភពបន្តទៀតថា ក្រោយពេលបុកប៉ះជាមួយនឹងរថយន្តកន្ត្រៃរួច រថយន្តឡង់គ្រីស័រ នោះក៏បានរេចង្កូតទៅប៉ះរថយន្តក្រុង ហើយក៏ជ្រុលទៅបុកដើមប្រេងខ្យល់ពេញមួយទំហឹង បណ្តាលអោយបាក់ ហើយរថយន្តឡង់គ្រីស័រនោះ ខូចខាតមួយកំណាត់មុខទាំងស្រុង ចំណែករថយន្តកន្ត្រៃ ខ្ទេចទាំងស្រុង ។
សមត្ថកិច្ចចរាចរណ៏ បានអោយដឹងថា រថយន្តឡង់គ្រីស័រ ដែលមានទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ មានម៉ាក ឡង់គ្រីស័រ ពណ៌ ខ្មៅ ពាក់ស្លាកលេខ PP 2AR – 5709 បើកបរដោយឈ្មោះ ប្រុស ពៅ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ និស្សិត មានអាស័យដ្ឋាន ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ រងរបួសធ្ងន់ភ្លាត់ឆ្អឹងត្រគៀក ចំណែករថយន្តកន្ត្រៃ បើកទិសដៅពីកើត មកលិច អ្នកបើកបរមានឈ្មោះ អ៊ុយ ស្នា ភេទ ប្រុស អាយុ ២១ឆ្នាំ មុខរបរ ដឹកអុស មានទីលំនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រងរបួសបាក់ឆ្អឹងជំនីរ ។ ដោយឡែករថយន្តក្រុងទេសចរណ៏ ពណ៌ ស-ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C – 7899 បែកកញ្ចក់ផ្នែកខាងមុខ ពុំមានអ្នករងរបួសឡើយ ។ ក្រោយកើតហេតុ ជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសាមុយ ដឹកយកមកសង្គ្រោះនៅគ្លីនិកឯកជន មួយកន្លែង ក្នុងក្រុងព្រះសីហនុ ។ ដោយឡែករថយន្តបង្ករ និង រថយន្តកន្ត្រៃព្រមទាំងរថយន្តក្រុង ត្រូវបានសមត្ថកិច្ចស្ទូចយកមករក្សាទុក នៅការិយាល័យចរាចរណ៏ រង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ។