លោកកើត សុធារ៉ា មេគយចល័ត កំពុងត្រូវដងត្រូវផ្លែគ្នាជាមួយលោកគុណ ញឹម អគ្គនាយកគយ និងរដ្ឋាករ ជំនួសលោកប៉ែន ស៊ីម៉ន ដែលចូលនិវត្ដន៍ ហើយជាញឹកញាប់ គេឃើញលោកកើត សុធារ៉ា ទៅផឹកស៊ីជល់កែវស្រានៅភូមិគ្រឹះលោកគុណ ញឹម ព្រោះលោកកើត សុធារ៉ា ជាអ្នករកលុយឲ្យលោកគុណ ញឹម រស់នៅក្នុងភាពហ៊ឺហា ចាយលុយពេញៗដៃ ។
តាមប្រភពពត័មានបានអោយដឹងថា ភរិយាលោកគុណ ញឹម និងភរិយាលោកកើត សុធារ៉ា ជាមិត្តភក្តិជិតស្និទ្ធនឹងគ្នា អ៊ីចឹងហើយបានជាគ្រួសារទាំង២ ក្លាយជាមិត្តភក្តិជិតស្និទ្ធ ស្អិតល្មួត ហើយលោកកើត សុធារ៉ា មាន ឱកាសដើរប្រមូលលុយពីតាមសាខាខេត្ត-ក្រុង រាជធានី ដាក់ហោប៉ៅបានយ៉ាងស្រួល ព្រោះសព្វ- ថ្ងៃនេះ មេគយខេត្ត សាខានានា គេខ្លាចលោកកើត សុធារ៉ា ជាងលោកគុណ ញឹម ព្រោះលោក ទាំង២នាក់នេះ ជាមនុស្សតែមួយ ។
ឱ្យតែលោកមេគយធំៗ នៅក្នុងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ទៅដើរលេង ក្រៅប្រទេស ឬទៅមើលជំងឺ គឺលោកកើត សុធារ៉ា ជាអ្នកចេញមុខធានារ៉ាប់រងថ្លៃចាយវាយ ស៊ីចាយ រាប់តាំងពីសំបុត្រយន្តហោះ គឺមិនបាច់ខ្វល់ទេ លោកកើត សុធារ៉ា ប៉ាវទាំងអស់ សូម្បីពិធីជប់លៀង តាមផ្ទះមេគយធំៗ ឬខួបកំណើតកូនឬចៅ ក៏លោកកើត សុធារ៉ា តាមទៅចេញលុយដែរ ដើម្បី ជាថ្នូរក្នុងការទប់កៅអីគយចល័តស្រុកខ្មែរ កុំឱ្យធ្លាក់ទៅដៃអ្នកដទៃ ។
មេគយតាមខេត្ត តាមសាខានានា បើចង់ជួបលោកគុណ ញឹម ត្រូវឆ្លងកាត់លោក កើត សុធារ៉ា សិន បើគាត់ឯកភាពទើបជួបបាន ដូច្នេះហើយបញ្ហាក្រោមតុ គឺលោកកើត សុធារ៉ា ក្តាប់មូលដូចបាល់អ៊ីចឹង ព្រោះលោកកើត សុធារ៉ា អ្នករកលុយជូនរដ្ឋផង និងជូនមេធំៗ តាមលំដាប់- ថ្នាក់ផង ដែលអ្នកដទៃមិនអាចធ្វើបានដូចគាត់ទេ ។ នេះពិតជាដូចគេនិយា“សំណាបយោងដី ស្រីយោងប្រុស” អ៊ីចឹងហើយបានជាបុណ្យស័ក្តិ លុយកាក់ ឡើងតាមជើងខោ បក្ខពួក គ្មាននរណា អាចធ្វើដូច ។ ថ្មីៗនេះ លោកកែវ សុខឃាង អតីតមេគយចល័តស្រុកខ្មែរ ដែលត្រូវគេដកតំណែង នោះ ក៏កំពុងសសៀរៗទៅជិតលោកគុណ ញឹម ដែរ ទំនងជាចង់បានប៉ុស្តិ៍ខ្លាញ់ណាមួយមកគ្រប់គ្រង ដែរហើយ ព្រោះកន្លងមក គាត់ធ្លាប់កើបលុយ ធ្វើមានបានក្នុងមុខតំណែងខ្លាញ់នេះ បានយ៉ាងស្រួល…។ ឪឮគេថា អ៊ីចឹង មិនដឹងជាពិតដូចគេថាមែនឬយ៉ាងណាទេ តែឮគេថា បើចង់ដឹងច្បាស់ ទាល់តែសួរលោកកើត សុធារ៉ា និងលោកគុណ ញឹម ផ្ទាល់ ឱ្យពួកគាត់ពន្យល់បកស្រាយ…” ៕
