សៀមរាប៖ គ្រួវិទ្យាល័យ «១០ មករា ១៩៧៩» កណ្តាលក្រុងសៀមរាប ជាង១០០នាក់ បាននាំគ្នាធ្វើកូដកម្ម មិនចូលបង្រៀន ដើម្បីទាមទារឲ្យមន្ទីរអប់រំខេត្ត បណ្តេញលោកគ្រូបង្រៀនម្នាក់ចេញពីសាលា ដោយពួកគាត់ បានអះអាងថា លោកគ្រូបង្រៀនភាសាខ្មែររូបនេះ បានបង្កបញ្ហាជាច្រើននៅក្នុងសាលា និងធ្លាប់ផ្ទុះអំពើហិង្សា វាយតប់គ្នាជាមួយគ្រូៗដទៃទៀតថែមផង។
គ្រូបង្រៀនម្នាក់ ក្នុងចំណោមគ្រូបង្រៀនជាង១០០នាក់ផ្សេងទៀត ដែលបានចូលរួមធ្វើកូដកម្មមិនចូលបង្រៀន នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ បានប្រាប់ឲ្យដឹងថា ការធ្វើកូដកម្ម បានធ្វើឡើងបន្ទាប់ពីសំណើរបស់ ក្រុមគ្រូបង្រៀនឲ្យដកលោក ជាន ស៊ន គ្រូបង្រៀនភាសាខ្មែរនៅក្នុងវិទ្យាល័យ «១០ មករា ១៩៧៩» មិនត្រូវ បានមន្ទីរ ក៏ដូចជានាយកសាលាចាត់ការនោះទេ។
លោកគ្រូ ជាន ស៊ន ដែលត្រូវបានគ្រូនាំគ្នាតវ៉ា និងធ្វើលិខិតសូមឲ្យដកចេញពីសាលានេះ ដើម្បីជាគ្រូបង្រៀននៅខេត្តប៉ៃលិន ហើយ ត្រូវបានគេផ្លាស់ប្តូរមកវិទ្យាល័យ ១០ មករា ចំនួន ៤-៥ឆ្នាំមកហើយ។ ការផ្លាស់ប្តូរពីសាលានៅខេត្តប៉ៃលិន មក វិទ្យាល័យ ១០ មករា ដែលជាវិទ្យាល័យធំជាងគេ និងល្បីល្បាញក្នុងក្រុងសៀមរាប ក៏ដោយសារតែការនៅមិន ចុះសម្រុងជាមួយគ្រូដទៃ ហើយតែងមានជម្លោះជារឿយនោះ។
លោក ជាន ស៊ន បានបង្ហើបផងដែរថា ការធ្វើកូដកម្មនេះ គឺផ្តើមចេញពីក្រុមគ្រូបង្រៀន ដែលដឹកនាំដោយលោក គ្រូ ប៉ោ គៀ ដេញភាស៊ីផ្ញើកង់-ម៉ូតូ មិនឈ្នះរូបលោក។ លោកគ្រូ ជាន ស៊ន ក៏គ្រោងនឹងប្តឹងបកទៅក្រុមគ្រួ បង្រៀនតវ៉ាផងដែរ ដែលធ្វើឲ្យប៉ះពាល់ ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយស។
លោកគ្រូ ថន ថុន បានអះអាងថា ក្រុមគ្រូបង្រៀនទាំងអស់ នឹងបន្តធ្វើកូដកម្មមិនចូលបង្រៀនរហូតមានការដក លោកគ្រូ ជាន ស៊ន ចេញពីវិទ្យាល័យ ១០ មករា៕