ភ្នំពេញ៖ រូបថតស្រាតមួយប៉ុស្តិ៍ថ្មីទៀត ត្រូវបានគេបង្ហោះតាមហ្វេសប៊ុក នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥។ នោះគឺរូបថតស្រាតរបស់បុរសស្ត្រីពីរនាក់ ពាក់របាំងមុខ ឈរថតកាច់រាង នៅខ្លោងទ្វារប្រាសាទ ដោយដាក់ចំណងជើងរូបថតថា “Hakuna Matata, Angkor Wat, Cambodia. Self Portrait by Simon Lohmeyer”។
នេះជារូបថតលើកទី៣ហើយ ដែលគេបានបង្ហោះតាមហ្វេសប៊ុក បន្ទាប់ពីរូបថតរបស់ស្ត្រីអ្នកបង្ហាញម៉ូតរុស្ស៊ី និងស្ត្រីចិន ដែលបានថតស្រាត នៅប្រាសាទបុរាណ ក្នុងខេត្តសៀមរាប។
អាជ្ញាធរជាតិអប្សរា បានថ្កោលទោស និងប្រកាសចាត់វិធានការផ្លូវច្បាប់ចំពោះការរូបអាក្រាត នៅប្រាសាទបុរាណ ដែលជាដួងព្រលឹងជាតិ។ កាលពីសប្តាហ៍មុន បុរសជនជាតិបារាំង ៣ នាក់ និងស្ត្រីអាមេរិក ២ នាក់ ត្រូវបានចាប់ខ្លួន កាត់ទោស និងបណ្តេញចេញពីកម្ពុជា ហើយហាមមិនឲ្យចូលកម្ពុជា ដោយសារតែជនបរទេសទាំងនោះ បានថតរូបអាក្រាតផ្សេងពីគ្នា នៅប្រាសាទបុរាណ នៅខេត្តសៀមរាប៕