វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាម៉េរិក បានឲ្យដឹងនៅថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ថា សហរដ្ឋអាម៉េរិក បានថ្កោលទោសចំពោះ អំពើភេវរកម្ម ថ្មីៗនេះ ដែលបង្កដោយក្រុម Boko Haram មកលើ ប្រទេសកាម៉ារូន និង នីហ្សេ។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយផ្អែកតាមសេចក្តីថ្លែងការណ៍ ចេញផ្សាយដោយអ្នកនាំពាក្យ របស់ក្រសួង ការបរទេសសហរដ្ឋអាម៉េរិក លោកស្រី Marie Harf បានថ្លែងថា «ក្រុមឧទ្ទាម Boko Haram បានប្រព្រឹត្តបទឧក្រិដ្ឋ ជាច្រើនដែល មិនអាចរាប់បាន មកលើ ប្រជាជនទាំងធំ ទាំងតូច ថែមទាំងបំផ្លាញសាលារៀន, ទីលំនៅ, កន្លែងធ្វើការ, និង កន្លែងរកស៊ីទៀតផង។ ទង្វើដ៏ព្រៃផ្សៃ និង យោងឃ្នង់របស់ពួកគេ គឺគ្មានព្រំដែននោះទេ។
លោកស្រី Harf បានសង្កត់ធ្ងន់ថា «ក្រុម Boko Haram មិនត្រូវអនុញ្ញាតិឲ្យបន្តធ្វើទង្វើកាចសាហាវរបៀបនេះ មកលើប្រជាជនស្លូតត្រង់ក្នុងប្រទេសកាមេរូន និង នីហ្សេទៀតនោះទេ។ ការសម្លាប់រង្គៀលនេះ ត្រូវតែបញ្ចប់។»
អាជ្ញាធរក្នុងប្រទេសកាម៉ារូន បានឲ្យដឹងថា ប្រជាជន ៨១ នាក់ត្រូវបានសម្លាប់ដោយក្រុមភេរវករ Boko Haram វាយប្រហារនៅតំបន់ដាច់ស្រយាល នាភាគខាងជើងប្រទេស កាលពីថ្ងៃពុធ។
ចំណែកឯយោធារបស់ប្រទេសនីហ្សេវិញ បានរាយការណ៍ កាលពីថ្ងៃសុក្រថា កងទ័ពរបស់ខ្លួនបានវាយបកត្រលប់ទៅក្រុមឧទ្ទាមនោះវិញ ខណៈពេលដែលក្រុមនោះ ព្យាយាមវាយប្រហារនៅក្នុងតំបន់ Bosso ក្បែរព្រំដែនប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់ពួកឧទ្ទាមនោះ ១០៩ នាក់។
គួបញ្ជាក់ផងដែរថា សហរដ្ឋអាម៉េរិក នៅតែបន្តជំហរក្នុងការគាំទ្រដល់រដ្ឋាភិបាលក្នុងតំបន់ បូករួមទាំងផ្តល់កម្លាំងស្មារតី ក៏ដូចជាផ្តល់ជំនួយបន្ថែមទៀតផងដែរ នេះបើតាមអ្នកស្រីនាំពាក្យរបស់ក្រសួងការបរទេសអាម៉េរិក៕