Floyd Mayweather មិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសអូស្ត្រាលីនោះទេបន្ទាប់ពីនាយកដ្ឋានអន្តោប្រវេសន៍បានបដិសេធមិនផ្ដល់ទិដ្ឋាការឱ្យចូលប្រទេសនេះ ព្រោះអ្នកប្រដាល់រូបនេះមានជាប់ទាក់ទិនបទល្មើសព្រហ្មទណ្ឌ ។ រឿងរ៉ាវខាងលើនេះបានកើតឡើងកាលពីម្សិលមិញបន្ទាប់ពី Floyd បានស្នើសុំ Visa ទៅអូស្ត្រាលីរយៈពេល១សប្ដាហ៍ក្នុងគោលបំណងមកធ្វើជំនួញ និងលំហែកាយ ប៉ុន្តែត្រូវបានខាងនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធ។ ការមិនឱ្យកំពូលអ្នកប្រដាល់មិនដែលចាញ់របស់អាមេរិករូបនេះចូលទឹកដីអូស្ត្រាលី គឺពឹងលើមូលហេតុមួយចំនួនដូចជា រូបគេធ្លាប់មានទំនាស់ជាមួយមិត្តស្រីនៅពីមុខក្មេងៗ និងធ្លាប់បានប៉ូលិសចាប់ខ្លួនបន្ទាប់ពីប្រើអំពើហិង្សាទៅលើនារី៥នាក់ផងដែរ។ មួយវិញទៀតនោះ កាលពីពេលថ្មីៗនេះ បុរសវ័យ៣៧ឆ្នាំរូបនេះក៏ជាប់ទាក់ទិននឹងរឿងឃាតកម្មបាញ់សម្លាប់ខ្លួនរបស់មិត្តគេម្នាក់ផងដែរ។ ការមិនអនុញ្ញាតនេះគឺលោកស្រី Senator Michaelia Cash ជំនួយការប្រធាននាយកដ្ឋានអន្តោប្រវេសន៍ជាអ្នកនិយាយផ្ទាល់តែម្ដងថា៖ “ទិដ្ឋាការនឹងមិនចេញឱ្យបុរសនេះនោះទេ។ រដ្ឋាភិបាលប្រទេសអូស្ត្រាលីយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះជនណាដែលធ្លាប់ប្រព្រឹត្តិអំពើហឹង្សា ហើយក៏មិនអនុញ្ញាតឱ្យជននោះចូលប្រទេសផងដែរ ព្រោះខ្លាចបង្កហេតុការណ៍មិនល្អកើតឡើង។ នេះមិនមែនថាយើងរើសអើងនោះទេ ប៉ុន្តែការការពារប្រជាជនរបស់យើងជារឿងសំខាន់”។ Floyd ជាកីឡាករដែលមានប្រាក់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ ប៉ុន្តែទន្ទឹមនឹងនេះដែរ រូបគេក៏មានរឿងអាស្រូវច្រើនផងដែរ តួយ៉ាងដូចនៅឆ្នាំ២០១២ បុរសសញ្ជាតិអាមេរិករូបនេះធ្លាប់បានប៉ូលិសចាប់ញាត់កុកម្ដងផងដែរពីបទវាយមិត្តស្រីខ្លួនឯង ៕