ខេត្តព្រះសីហនុ ៖ ម៉ូតូដឹកទឹកកកមួយគ្រឿងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរខណៈពេលបុកជាមួយនិងរថយន្តកាម៉ារីឆ្លាមរបស់លោក ប៊ុន ហួរសមាជិកក្រុមប្រឹក្សាខេត្តប៉ុន្តែសំណាងល្អក្នុងហេតុការណ៍នេះមិនមាននណារម្នាក់របួសគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ហេតុការណ៍គួរអោយភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៧ និង៣៥នាទីព្រឹកថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០១៥ នៅត្រង់ចំណុចផ្លូវបំបែកស្តុបខាងមុខអតីតមន្ទីរសុខាភិបាលខេត្តស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ។
ទាក់ទិននិងហេតុការណ៍ខាងលើនេះបើតាមសាក្សីជាច្រើននៅក្បែរៗកន្លែងកើតហេតុបាននិយាយរៀបរាប់ប្រាប់អោយដឹងថាមុនពេលកើតហេតុគេឃើញម៉ូតូជនរងគ្រោះដឹកទឹកកកពេញពីក្រោយបើកបរក្នុងល្បឿនយឺតៗលុះមកដល់ចំណុចកើតហេតុភ្លើងស្តុបក៏ស្រាប់តែឃើញរថយន្តបង្កហេតុខាងលើបើកយ៉ាងលឿនពីទិសដៅមកពីផ្លូវភោជនីយដ្ឋានជាងលីមបានបើកទៅបុកម៉ូតូជនរងគ្រោះចំពីមុខយ៉ាងពេញទំហឹងតែម្ដងបណ្ដាលអោយជនរងគ្រោះខ្ទេចចេញពីម៉ូតូ និងទឹកកកធ្លាក់រាយពាសពេញផ្លូវចំនែកម៉ូតូនិងជាប់និងកាងរថយន្តតែម្ដងធ្វើអោយរថយន្តបើកទៅមុខលែងរួចទើបឈប់ ។
សមត្ថកិច្ចប៉ូលីសបានអោយដឹងថា រថយន្តបង្កហេតុម៉ាកកាម៉ារីឆ្លាមពណ៌ស្កពាក់ស្លាកលេខ 2A 3529 ព្រះសីហនុបើកបរដោយឈ្មោះប៊ុន ហួរ អតីតអភិបាលស្រុកព្រៃនប់បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តរថយន្តរងការខូចខាតផ្នែកខាងមុខជាដំណំ ។
ចំពោះជនរងគ្រោះជិះម៉ូតូមានឈ្មោះ បុត ធឿន អាយុ២២ឆ្នាំមុខរបរជាកម្មករដឹកទឹកកកអោយថៅកែឈ្មោះ កុង សែ (អូរ១) រងរបួសជើង ចំណែកម៉ូតូម៉ាកហុងដាសេ១០០ស៊េរីចាស់ពណ៌ខ្មៅរងការខូចខាតធ្ងន់ធ្ងរ ។
ជុំវិញករណីខាងលើនេះ ដោយសារតែភាគីថៅកែទឹកកកទំនងខ្លាចបុណ្ណសក្ក័អំណាចលោកប៊ុន ហួរ ក៏សុខចិត្តចេញថ្លៃជួសជុលសងការខូចខាតអោយខាងភាគីរថយន្ដលោកប៊ុន ហួរ ទាំងស្រុងដើម្បីបញ្ចប់បញ្ហាចំណែកឯប៉ូលីសចរាចរណ៍បានត្រឹមតែធ្វើការវាស់វែងធ្វើកំណត់ហេតុតែប៉ុណ្ណោះ ៕