ខេត្តព្រះសីហនុ ៖ ការប្រគុំតន្ត្រីអន្តរជាតិនៅលើទឹកដីខេត្តព្រះសីហនុអាចនឹងឈានទៅដល់ការបញ្ឈប់មិនឲ្យដំណើរការតែម្តងបន្ទាប់ពីកម្មវិធីកំសាន្តដែលគេស្នើឡើងនោះ ត្រូវបានគេដឹងថាគឺជាការប្រគំតន្ត្រី ការដើមបង្ហាញម៉ូដ រួមទាំងសកម្មភាពអាសអាភាសរបស់អ្នកសម្តែង រួមទាំងភ្ញៀវដែលទិញសំបុត្រ ចូលទស្សនា និងជប់លៀងផងដែរ។
យោងតាមកិច្ចប្រជុំបន្ទាន់មួយនារសៀល ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ ឯកឧត្តម លោកឈិត សុខុន អភិ បាលខេត្តព្រះសីហនុ បានសម្រេចបញ្ជាឲ្យផ្អាកការប្រគុំតន្ត្រីKazantip ដោយរង់ចាំសាលាខេត្តព្រះសីហនុធ្វើសំណើរទៅក្រសួងទេសចរណ៍ និងថ្នាក់លើសិន ប្រសិនបើថ្នាក់លើអនុញ្ញាតអាជ្ញាធរខេត្តនឹងអនុវត្តតាម ។
ប៉ុន្តែ ដោយយោងតាមព័ត៌មានពីមន្ត្រីសាលាខេត្តព្រះសីហនុមួយរូបបានបង្ហើបឲ្យដឹងថាការអនុញ្ញាតឲ្យមានការប្រគំតន្ត្រីKazantip នៅលើកោះពស់ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៨ ខែកុម្ភៈរបស់ក្រុមហ៊ុន Kazantip Asia.co-ltd មកពីប្រទេសរុស្ស៊ី ខាងមុខនេះ ទំនងជាត្រូវលុបចោលតែម្តង ។ក្រុមហ៊ុនមួយនេះបានសិទ្ធិរៀបចំប្រគំតន្ត្រី និងពិធីជប់លៀងកំសាន្តដោយមានបង្កប់នូវរូបភាពរួមសិចខ្នាតអន្តរជាតិ នៅលើកោះពស់ដោយមន្ត្រីមួយចំនួនដែលរួមមានទាំងអភិ បាលខេត្តស្តីទីផងនោះឥឡូវត្រូវបានអភិបាលខេត្តប្រកាសឲ្យផ្អាក ជាបណ្តោះអាសន្នហើយដោយរង់ចាំឆ្លងយោបល់ សម្រេចពីថ្នាក់លើជាមុនសិន ។
ប្រភពដដែលបានបន្តថា យោងតាមការស្នើសុំរៀបចំពិធីប្រគំតន្ត្រី Kazantip ដែលគេដឹងថា ជាក្រុមហ៊ុនមានមូលដ្ឋាននៅ ប្រទេសរុស្ស៊ីនោះ កាលពីថ្ងៃទី៣០ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ អភិបាលស្តីទីខេត្តព្រះសីហនុ បានចេញលិខិតអនុញ្ញាត ឲ្យក្រុមហ៊ុន Kazantip Asia.co-ltd រៀបចំកម្មវិធីប្រគំតន្ត្រី និងលេងល្បែងកំសាន្តនៅលើ កោះពស់ស្ថិតនៅសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល ១០ថ្ងៃគឺគិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៥ ខាងមុខនេះចាប់ពីព្រឹក រហូតដល់យប់ដោយសាលាខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំផងដែរថា សកម្មភាពប្រគំតន្ត្រី និងលេងល្បែងកំសាន្តខាងលើនេះ ត្រូវធានាថាមិនធ្វើឲ្យប៉ះពាល់ដល់ប្រពៃណី និង វប្បធម៌ជាតិឡើយ ។ប៉ុន្តែក្រោយពីសាលាខេត្តព្រះសីហនុ ចេញលិខិតអនុញ្ញាតឲ្យមានការប្រគំតន្ត្រីខាងលើហើយត្រូវបានលេចលឺថា ជាសកម្មភាពតាមបែបអាសអាភាស និងអាណាចារ្យមួយដែលពួកអ្នកមានៗពួកសេដ្ឋីនៅក្នុងប្រទេសរុស្ស៊ី និង ប្រទេសអ៊ុយក្រែនចូលចិត្តបំផុត ៕