ព្រះសីហនុ ៖ នេះជាលើកដំបូងហើយដែលស្ត្រីមេផ្ទះនៅស្រុកស្ទឹងហាវ អំពាវនាវដល់អាជ្ញាធរស្រុក និងខេត្តជួយអន្តរាគម លប់បំបាត់សង្វៀនជល់មាន់ ដែលកំពុងចលត័ពេញស្រុក ។មូលហេតុដែល ពួកគាត់អំពាវនាវបែបនេះគឺបណ្តាលមកពីប្តីរបស់ពួកគាត់កំពុងងប់ងល់និងល្បែងជល់មាន់មិនព្រម ប្រកបរបរ ចិញ្ចឹមជីវិតប្រចាំថ្ងៃ ធ្វើឲ្យជីវភាពគ្រួសារមានការធ្លាក់ចុះជាលំដាប់ ម្យ៉ាងវិញទៀតកើតមាន អំពើហឹង្សាក្នុងគ្រួសារដណ្តើមលុយកាក់យកទៅភ្នាល់ល្បែងចាញ់គ្មានថ្ងៃងើបមុខរួច ។
ស្ត្រីមេផ្ទះទាំងនោះបានធ្វើការអំពាវនាវបែបនេះនៅតាមតុកាហ្វេពេលជួបជាមួយអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី០៣ខែកុម្ភះឆ្នាំ២០១៥ ។
ស្ត្រីមេផ្ទះម្នាក់សុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា គាត់បានតាមដានប្តីរបស់គាត់រាល់ថ្ងៃឃើញថា ពួកគេបានលួចបញ្ជល់មាន់ចលត័ចំនួនច្រើនកន្លែង គឺមួយថ្ងៃគេលេងកន្លែងនេះ ស្អែកឡើង គេនាំគ្នាទៅលេងកន្លែងមួយផ្សេងទៀត ដោយមានការគាំទ្រពីលោក មេបញ្ជាការរងកងរាជ អាវុធហត្ថស្រុកស្ទឹងហាវនិងមន្ត្រីប៉ូលីសស្រុកស្ទឹងហាវ ។
ស្ត្រីរូបនោះបានបញ្ជាក់ថា ទីតាំងចំនួនបួនកន្លែងដែលពួកគេតែងប្តូរជាប្រចាំថ្ងៃនោះមាន ទី១តារាងបាល់ទះមុខវត្តស្ទឹងហាវ ,ទី២ក្រោយស្នាក់ការសាខាធានាគារអេស៊ីលីដា ជិតទីផ្សារទំនប់ រលក,ទី៣ ទីវាលកប់ខ្មោច ក្នុងឃុំទំនប់រលក ,នឹងទី៤នៅអតីតរោងចក្របង្គារផ្លូវសម្តេចទេពវង្សក្នុង ឃុំអូរត្រេះ ។
ស្ត្រីមេផ្ទះទាំងនោះសូមធ្វើការអំពាវនាវដល់អាជ្ញាធរស្រុកស្ទឹងហាវនិងអាជ្ញាធរខេត្តព្រះសីហនុ មេត្តាជួយលប់បំបាត់ល្បែងបញ្ជល់មាន់នេះផង បើពុំនោះទេពួកគាត់និងធ្លាក់ខ្លួនក្រីក្រកូនចៅ មិនបានរៀនសូត្រដោយសារតែឪពុកឆ្កូតល្បែងពាលាអាវ៉ាសែ មិនគិតរកស៊ីអ្វីទាំងអស់។
ទាក់ទិននិងករណីខាងលើនេះស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ស៊ាង កុសល បានប្រាប់ ថា គាត់និងចាត់វិធានការបង្ក្រាបល្បែងជល់មាន់នៅស្រុកស្ទឹងហាវនេះអោយបាន។ ប៉ុន្តែចាប់តាំងពីមានការអះអាងប្រាប់អ្នកកាសែតមកមានរយះពេលជិតមួយ ខែទៅហើយ គ្មានចំណាត់ការអ្វីទាល់តែសោះ ។ដោយក្នុងនោះក៏មានមន្ត្រីប៉ូលីសនិងមន្ត្រីកងរាជអាវុធ ហត្ថស្រុកស្ទឹងហាវចូលរួមប្រព្រឹត្តល្បែងជល់មាន់ និងចេញមុខកាងទៀតផង។
បើទោះបីជាយ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ប្រាប់អោយដឹងថា ជុំវិញបញ្ហាខាងលើនេះ បើមានកូនចៅលោក ឃុបឃិតការពារល្បែងស៊ីសងខាងលើនេះ ពិតមែន លោកនឹងចាត់វិធានការជាបន្ទាន់ ដើម្បីអោយស្របនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភា ដែលរាជរដ្ឋាភិបាលបានដាក់អោយមូលដ្ឋានគោរព និង អនុវត្ត ៕