ខេត្តព្រះវិហារ ៖ បច្ចុប្បន្ននេះ ស្ថានភាព បំផ្លាញព្រៃឈើ កំពុងតែធ្ងន់ធ្ងរទៅៗ ចំណែកឯ រដ្ឋាភិបាលគ្មានឆន្ទៈ ក្នុង ការបង្ក្រាប បទល្មើសព្រៃឈើនោះទេ ប្រសិនបើគេមាន ឆន្ទៈបង្ក្រាប វាគ្មានការលំបាកនោះទេ ដោយគ្រាន់តែ អនុវត្តច្បាប់ព្រៃឈើ តាមមាត្រា ៩៦ ដល់ ១០១ គឺធ្វើបានទាំងស្រុង ដោយមិនចាំបាច់ ចេញបទបញ្ជារនោះឡើយ ព្រោះបទបញ្ជា ទាំងអស់នោះ ពិតជាគ្មានប្រសិទ្ធភាពអ្វីនោះទេ ដោយសារតែមានការលើកទឹកចិត្ត ឲ្យក្រុមជនមួយ ក្តាប់តូចនោះ កាប់បំផ្លាញព្រៃឈើនៅកម្ពុជា ។
ប្រជាពលរដ្ឋបានរាយការណ៍ថា ថៅកែរងរបស់ក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព បានលើកទឹកចិត្ត និងជំរុញឲ្យ ប្រជាពលរដ្ឋ ទៅកាប់ឈើប្រណីតនៅក្នុងព្រៃ ហើយលោក ហេង គង់ ដែលជា មេការក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព បានទៅប្រមូលទិញ នៅតាមផ្ទះប្រជាពលរដ្ឋនៅពេល ល្ងាច ដើម្បីដឹកជញ្ជូនទៅស្តុកទុក នៅតាមឃ្លាំង ពុំមាន អាជ្ញាធរធ្វើការទប់ស្កាត់នោះទេ ដោយសារតំណាងរបស់ក្រុមហ៊ុន ទ្រី ភាព បានរត់ការបង់លុយ ឲ្យមន្ត្រីនិងសមត្ថ កិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់រួចទៅហើយ តាំងពីមន្ត្រីថ្នាក់លើ រហូតដល់ថ្នាក់មូលដ្ឋាន ហើយឈើប្រណីតទាំងនោះ ប្រជាពលរដ្ឋ លក់បានតម្លៃ មួយលានរៀល ប៉ុណ្ណោះ សម្រាប់ំយយម៉ែត្រត្រីគុណ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ៖ ដោយសារគ្មានអ្នកទទួលខុសត្រូវ ក្នុងការបង្ការបង្ក្រាប ជំនួញឈើខុសច្បាប់ គេសង្កេតឃើញ ព្រៃឈើនៅក្នុងខេត្តព្រះវិហារ ចាប់ផ្តើម សម្រុកកាប់បំផ្លាញ ខ្លាំងមែនទែន មុនពេលបោះឆ្នោត ជាតិអាណត្តិទី៥ មួយខែ ហើយរហូតមកដល់ពេលនេះ ឈើប្រណីតជិតអស់ទៅហើយ ដោយសារតែស្នាដៃ របស់ ក្រុមហ៊ុនទ្រីភាពដោយនៅក្នុងស្រុកឆែប ដែលស្ថិតនៅក្នុងភូមិឆែប២ ត្រង់ចំណុចផ្លូវបំបែកទៅដងផ្លិត មានឈ្មោះ ឈឿន សំណាង ជាមេឃ្លាំងធំ ហើយអ្នកដើរប្រមូលទិញ នៅក្នុងស្រុកសង្គមថ្មី និងជ័យសែន មានឈ្មោះ ហេង គង់ ដែលជាកំពូលមេឈ្មួញ បំផុសប្រជាពលរដ្ឋ ឲ្យចូលព្រៃកាប់ឈើ យកមកលក់ ឲ្យខ្លួន ក្នុងតម្លៃថោក ដើម្បីប្រមូល យកទៅលក់ឲ្យក្រុមហ៊ុន ទ្រីភាព។
មន្ត្រីអង្គការសង្គមស៊ីវិល ដែលតាមដានសកម្មភាព កាប់បំផ្លាញព្រៃឈើ ដែលកំពុងតែរាលដាល នៅក្នុង ខេត្ត ព្រះវិហារ បានឲ្យដឹងថា នៅក្នុងស្រុកចំនួន៣ គឺសង្គមថ្មី ឆែប ជ័យសែន ការនាំឈើចេញទៅវៀតណាម ជាមធ្យម ក្នុងមួយថ្ងៃ ប្រមាណជា ៦ទៅ៧ រថយន្តយ៉ីឌុប ហើយក្នុងមួយរថយន្ត អាចផ្ទុកឈើ បានប្រមាណជា ៣០ម៉ែត្រ គូបដូច្នេះនៅក្នុងមួយថ្ងៃ គេដឹកឈើចេញពីស្រុកទាំង ៣នោះប្រមាណជា ១៨០ម៉ែត្រគូបទៅ ២០០ម៉ែត្រគូប ចាប់ ពីដើមខែឧសភា រហូតមកដល់សព្វថ្ងៃនេះ។ ក្រុមហ៊ុន ទ្រី ភាព ទទួលដឹកឈើប្រណីត ឲ្យឈ្មួញទាំងអស់ ចេញ ទៅវៀតណាម តាមច្រកដូង ៧ដើម ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តកំពង់ចាម ដោយគេយកតម្លៃ ១៨០០ដុល្លារ ក្នុងម៉ែត្រគូប ។
ប្រភពដែលបានបន្តឲ្យដឹងទៀតថា ៖ សកម្មភាព ដឹកជញ្ជូនឈើ ដើម្បីប្រមូលចូលឃ្លាំង បានចាប់ផ្តើមស្ទូចឈើ ដែលលាក់ទុក នៅក្នុងព្រៃ នៅពេលល្ងាចដែលមានរថយន្តយ៉ីឌុបធំៗ និងរថយន្តស្ទូចរបស់ក្រុមហ៊ុន លោក ឧកញ៉ា ទ្រី ភាព ស្ថិតនៅក្នុងស្រុកសង្គមថ្មី ចំណែកឯនៅក្នុងស្រុកជ័យសែន នឹងស្រុកឆែប បានចាប់ផ្តើម នាពេលព្រឹក ព្រលឹម និងដើរប្រមូលទិញតាមផ្ទះនៅពេលល្ងាច។ បច្ចុប្បន្ននេះ យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព គឺ បំផ្លាញឈើ ដែលនៅចុងក្រោយ ក្នុងខេត្តព្រះវិហារនេះតែម្តង ដោយបានឲ្យមេការមានឈ្មោះ ហេង គង់ ដើបំផុស បំផុលពលរដ្ឋ ឲ្យចូលព្រៃកាប់ ឈើលក់ឲ្យខ្លួន មុននឹងខ្លួនរើទៅកាន់ទីតាំងថ្មី ស្ថិតក្នុងខេត្តស្ទឹងត្រែង។
អង្គការសង្គមស៊ីវិល បានរិះគន់មន្រ្តីរបស់រាជរដ្ឋាភិបាលថា មិនបានយកចិត្តទុកដាក់ ធ្វើការស៊ើបអង្កេត និងចាត់ វិធានការទាន់ពេល ចំពោះជនប្រព្រឹត្តបទល្មើសព្រៃឈើ បើទោះជាមានសេចក្ដីរាយការណ៍ ពីការកាប់បំផ្លាញ និង ជាកន្លែងដឹកជញ្ជូនឈើខុសច្បាប់ក៏ដោយ ហើយគម្រោងសាងសង់ ទំនប់វារីអគ្គិសនីជាច្រើនកន្លែង នៅខេត្ត កោះកុងពោធិ៍សាត់ ស្ទឹងត្រែង និងខេត្តរតនគិរី តាមជួរដងទន្លេ៣ ក៏ជាប្រភពនៃការកាប់បំផ្លាញព្រៃឈើ យ៉ាងខ្លាំង ផងដែរ ៕