អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយយោងតាមសេចក្តី ប្រកាសចេញផ្សាយដោយអ្នកនាំពាក្យរបស់ប្រធានយូអិន មានខ្លឹមសារថា “ជាថ្មីម្តងទៀត លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ អំពាវនាវឱ្យមានការដោះលែងដោយឥតលក្ខខណ្ឌនូវរាល់ចំណាប់ខ្មាំងទាំងឡាយ ទោះត្រូវចាប់ខ្លួនដោយក្រុមណាក៏ដោយ”។
អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក បាន គីមូន បានថ្កោលទោស ចំពោះការសម្លាប់ ដោយ កាត់ក្បាលដ៏ឃោរឃៅមកលើ អ្នកកាសែតជប៉ុន លោក Keji Goto ដែលបង្កដោយពួកសកម្មប្រយុទ្ធរដ្ឋឥស្លាម (IS) បន្ទាប់ពីខ្សែអាត់វីដេអូនេះ បានបង្ហោះតាមប្រព័ន្ធអ៊ីនធើណិត។
នៅក្នុងខ្សែវីដេអូដ៏ព្រៃផ្សៃ ដែលបង្ហោះដោយក្រុម IS នេះ ចំណាប់ខ្មាំង ដែលត្រូវបានសនិ្នដ្ឋានថា ជាលោក Goto បានលុតជង្គង់នៅលើដី ពាក់ខោអាវឈុត ពណ៌ទឹកក្រូច ចំណែកឯពេជ្ឈឃាត ពាក់ឈុតខ្មៅ ស្រោមមុខខ្មៅ កាន់កាំបិត ហើយឈរនៅពីក្រោយខ្នងចំណាប់ខ្មាំង។
គួរបញ្ជាក់ផងដែរថា អាជ្ញាធរជប៉ុន និង អាម៉េរិក ព្យាយាមស្វែងរកចំណុច ដើម្បីបញ្ជាក់ថាខ្សែវីដេអូនេះ ជាការ ពិត បើទោះបីជាមានប្រភពមួយចំនួនបានបង្ហាញថា ខ្សែវីដេអូនេះជាការពិត ដូចទៅនឹងខ្សែវីដេអូ កាត់ក្បាលមុន នេះដែរ៕