សារព័ត៌មានក្នុងស្រុករាយការណ៍ថា មនុស្សយ៉ាងតិច៧នាក់ បានត្រូវស្លាប់ ហើយ៣នាក់ទៀតត្រូវរបួស កាលពីយប់ថ្ងៃទី២៨ មករា ដោយសារការវាយប្រហាររបស់យន្តហោះគ្មានមនុស្សបើកអាមេរិក១គ្រឿង លើតំបន់កុលសម្ព័ន្ធវ៉ាហ្ស៊ីរីស្ថានខាងជើង ភាគពាយ័ព្យប៉ាគីស្ថាន ។
តាមសារព័ត៌មានទាំងនោះថា យន្តហោះនោះបាន បាញ់មីស៊ីល២គ្រាប់លើផ្ទះមួយ នៅសាវ៉ាល់ ក្នុងតំបន់កុលសម្ព័ន្ធជាប់ព្រំដែនជាមួយអាហ្វហ្គានីស្ថាន ។ ការវាយប្រហារបានកម្ទេចផ្ទះមួយនោះទាំងស្រុង ហើយសម្លាប់មនុស្ស៧នាក់ រួច៣នាក់ទៀតត្រូវរបួស ។ អត្តសញ្ញាណជនរងគ្រោះទាំងនោះនៅពុំទាន់លាតត្រដាងនៅឡើយ ក៏ប៉ុន្តែបណ្តាសារព័ត៌មាននិយាយថា ជនរងគ្រោះទាំងនេះរស់នៅក្នុងផ្ទះនោះ ចាប់តាំងពីប៉ុន្មានខែមកហើយ ។
បណ្តាយន្តហោះគ្មានមនុស្សបើកអាមេរិក បន្តហោះហើរលើតំបន់វ៉ាហ្ស៊ីរីស្ថានខាងជើង ដែលនាំឱ្យប្រជាជនមានការភ័យខ្លាច ។
នេះជាការវាយប្រហារលើកទី៤ របស់យន្តហោះគ្មានមនុស្សបើកនៅតំបន់កុលសម្ព័ន្ធប៉ាគីស្ថាន ពីដើមឆ្នាំ២០១៥មក ។ មកទល់ពេលនេះ មនុស្សយ៉ាងតិច២៨នាក់ស្លាប់ ក្នុងការប្រហារបែបនោះ ៕